គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 15:8-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. អ័ប៊ីយ៉ា​ទ្រង់​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់​នៅ​ក្នុង​ទី​ក្រុង​របស់​ដាវីឌ រួច​អេសា​ជា​ព្រះ‌រាជ‌បុត្រា ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា។

9. លុះ​ដល់​ឆ្នាំ​ទី​២០ ក្នុង​រាជ្យ​យេរ៉ូ‌បោម ជា​ស្តេច​ពួក​អ៊ីស្រា‌អែល នោះ​អេសា​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នៅ​ស្រុក​យូដា

10. ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៤១​ឆ្នាំ ឯ​មាតា ទ្រង់ ព្រះ‌នាម​ជា​ម្អាកា បុត្រី​អ័ប៊ី‌សា‌ឡូម

11. អេសា​នេះ​ទ្រង់​បាន​ប្រព្រឹត្ត​ទៀង​ត្រង់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដូច​ជា​ដាវីឌ ជា​អយ្យកោ​ទ្រង់​ដែរ

12. ទ្រង់​កំចាត់​ពួក​កូន​ជឹង​ពី​នគរ​ចេញ ក៏​បំបាត់​អស់​ទាំង​រូប​ព្រះ ដែល​វង្សា‌នុវង្ស​ទ្រង់​បាន​ធ្វើ​បង់

13. ទ្រង់​ដក​ម្អាកា ជា​មាតា ពី​ដំណែង​ជា​មាតា​ហ្លួង ដោយ​ព្រោះ​ព្រះ‌នាង​បាន​ធ្វើ​រូប​១ ដែល​គួរ​ស្អប់​ខ្ពើម ទុក​សំរាប់​ជា​ព្រះ ហើយ​អេសា​ក៏​កាប់​រូប​នោះ យក​ទៅ​ដុត​នៅ​ត្រង់​ជ្រោះ​កេដ្រុន

14. តែ​ឯ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នោះ​មិន​បាន​បំបាត់​ចេញ​ទេ ប៉ុន្តែ​ទ្រង់​មាន​ព្រះ‌ទ័យ​ស្មោះ‌ត្រង់ ដល់​ព្រះ‌យេហូវ៉ា រហូត​ដល់​អស់​ព្រះ‌ជន្ម

15. ហើយ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បិតា​បាន​ថ្វាយ និង​របស់​ដែល​អង្គ​ទ្រង់​បាន​ថ្វាយ គឺ​ជា​ប្រាក់ មាស និង​គ្រឿង​ប្រដាប់​ផ្សេងៗ នោះ​ទ្រង់​ក៏​យក​ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។

16. អេសា​នេះ និង​ប្អាសា ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ទ្រង់​ច្បាំង​គ្នា រហូត​ដល់​អស់​ព្រះ‌ជន្ម

17. ឯ​ប្អាសា ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ទ្រង់​ឡើង​ទៅ​ទាស់​នឹង​ពួក​យូដា ក៏​សង់​ក្រុង​រ៉ាម៉ា​ឡើង ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ចេញ​ចូល​ទៅ​ខាង​អេសា ជា​ស្តេច​ស្រុក​យូដា​បាន​ឡើយ

18. ដូច្នេះ អេសា​ទ្រង់​យក​អស់​ទាំង​ប្រាក់​មាស ដែល​នៅ​សល់​ក្នុង​ឃ្លាំង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា និង​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ដំណាក់​ស្តេច ប្រគល់​ទៅ​ក្នុង​ដៃ​នៃ​ពួក​មហា‌តលិក​ទ្រង់ ចាត់​គេ​ទៅ​ឯ​បេន-ហា‌ដាឌ់ ជា​បុត្រ​ថា​បរីម៉ូន ដែល​ជា​បុត្រ​ហេស‌យ៉ូន ស្តេច​ស្រុក​ស៊ីរី ដែល​នៅ​ក្រុង​ដាម៉ាស ដោយ​ពាក្យ​ថា

19. ទ្រង់ ហើយ​នឹង​ទូល‌បង្គំ​មាន​សេចក្តី​សញ្ញា​នឹង​គ្នា​មក​ហើយ ព្រម​ទាំង​ព្រះ‌បិតា​ទូល‌បង្គំ និង​ព្រះ‌បិតា​របស់​ទ្រង់​ផង នោះ​នែ ទូល‌បង្គំ​ផ្ញើ​ដង្វាយ ជា​ប្រាក់​មាស​មក​ថ្វាយ​ដល់​ទ្រង់ សូម​ឲ្យ​ទ្រង់​ទៅ​ផ្តាច់​សេចក្តី​សញ្ញា ដែល​ទ្រង់​មាន​ចំពោះ​ប្អាសា ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល​ទៅ ដើម្បី​ឲ្យ​គេ​ថយ​ពី​ទូល‌បង្គំ​ចេញ

20. បេន-ហា‌ដាឌ់​ក៏​ស្តាប់​តាម​ស្តេច​អេសា ទ្រង់​ចាត់​ពួក​ពល‌ទ័ព​ទៅ​ច្បាំង​នឹង​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​អ៊ីស្រា‌អែល គេ​ក៏​វាយ​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ និង​ក្រុង​អេបិល-បេត-ម្អាកា ព្រម​ទាំង​ស្រុក​គីនេ‌រ៉ែត​ទាំង​មូល ហើយ​ស្រុក​ណែប‌ថាលី​ទាំង​អស់

21. កាល​ប្អាសា​បាន​ជ្រាប នោះ​ទ្រង់​ក៏​លែង​សង់​ក្រុង​រ៉ាម៉ា ទៅ​អាស្រ័យ​នៅ​ឯ​ក្រុង​ធើសា​វិញ

22. គ្រា​នោះ ស្តេច​អេសា​ទ្រង់​ចេញ​ព្រះ‌រាជ‌ឱង្ការ ប្រកាស​ដល់​ពួក​យូដា​ទាំង​អស់​គ្នា ឥត​ប្រោស​ទុក​អ្នក​ណា​មួយ​ឡើយ ហើយ​គេ​ក៏​ទៅ​យក​ទាំង​ថ្ម និង​ឈើ ដែល​ប្អាសា​បាន​ប្រើ ដើម្បី​នឹង​សង់​ក្រុង​រ៉ាម៉ា​មក រួច​ស្តេច​អេសា​ក៏​យក​ទៅ​សង់​ក្រុង​កេបា​នៅ​ខែត្រ​បេន‌យ៉ា‌មីន ព្រម​ទាំង​ក្រុង​មីសប៉ា​វិញ។

23. រីឯ​ដំណើរ​ឯ​ទៀត ពី​អេសា និង​អំណាច​របស់​ទ្រង់ ហើយ​ការ​ដែល​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ទី​ក្រុង​ទាំង​អស់​ដែល​ទ្រង់​បាន​សង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ តែ​កាល​ស្តេច​ទ្រង់​ព្រះ‌ជរា​ហើយ នោះ​ក៏​កើត​ព្រះ‌រោគ​ឡើង​ត្រង់​ព្រះ‌បាទ

24. អេសា ទ្រង់​ក៏​ផ្ទំ​លក់​ទៅ​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់ នៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ ក្នុង​ទី​ក្រុង​របស់​ដាវីឌ ជា​អយ្យកោ រួច​យ៉ូសា‌ផាត ជា​ព្រះ‌រាជ‌បុត្រា​ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា។

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 15