គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 14:7-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. សូម​ទៅ​ទូល​យេរ៉ូ‌បោម​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អញ​បាន​លើក​ឯង ពី​កណ្តាល​ពួក​ប្រជា‌ជន តាំង​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ

8. ព្រម​ទាំង​កន្ត្រាក់​យក​រាជ្យ​ពី​ព្រះ‌វង្សា​ដាវីឌ​មក​ឲ្យ​ឯង​វិញ តែ​ឯង​មិន​បាន​ដូច​ដាវីឌ ជា​អ្នក​បំរើ​អញ ដែល​បាន​កាន់​តាម​បញ្ញត្ត​អញ ហើយ​ដើរ​តាម​អញ ដោយ​អស់​ពី​ចិត្ត ដើម្បី​នឹង​ប្រព្រឹត្ត​តែ​សេចក្តី​ដែល​ទៀង​ត្រង់ នៅ​ភ្នែក​អញ​ទេ

9. គឺ​ឯង​បាន​ប្រព្រឹត្ត​នៅ​ចំពោះ​អញ ដោយ​អាក្រក់​លើស​ជាង​អស់​អ្នក​ដែល​នៅ​មុន​ឯង​វិញ ព្រម​ទាំង​ធ្វើ​ព្រះ​ដទៃ និង​រូប​សិត​ផង ជា​ការ​ដែល​បណ្តាល​ឲ្យ​អញ​ខឹង ហើយ​ឯង​បាន​បោះ‌បង់​ចោល​អញ ទៅ​ខាង​ក្រោយ​ខ្នង​ឯង

10. នោះ​បាន​ជា​អញ​នឹង​នាំ​សេចក្តី​អាក្រក់ មក​លើ​ពូជ‌ពង្ស​យេរ៉ូ‌បោម ហើយ​នឹង​កាត់​គ្រប់​ទាំង​កូន​ប្រុសៗ​ពី​វង្សា​របស់​យេរ៉ូ‌បោម​ចេញ ទោះ​ទាំង​អ្នក​ដែល​បិទ​បាំង​ទុក ឬ​ជា​អ្នក​ឥត​មាន​ចំណង ក្នុង​ពួក​អ៊ីស្រា‌អែល​ក្តី ហើយ​អញ​នឹង​បោស​ពួក​វង្ស​របស់​យេរ៉ូ‌បោម​ទៅ ដូច​ជា​គេ​បោស​អាចម៍​សត្វ​ចោល ទាល់​តែ​អស់​រលីង

11. អ្នក​ណា​ក្នុង​វង្ស​យេរ៉ូ‌បោម ដែល​ស្លាប់​នៅ​ក្នុង​ទី​ក្រុង នោះ​ឆ្កែ​នឹង​ទំពា​ស៊ី​ខ្មោច ហើយ​អ្នក​ណា​ដែល​ស្លាប់​នៅ​ទី​វាល នោះ​សត្វ​ហើរ​លើ​អាកាស​នឹង​ចឹក​ស៊ី​ខ្មោច​នោះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ហើយ

12. ដូច្នេះ សូម​ព្រះ‌នាង​ក្រោក​ឡើង យាង​ទៅ​ឯ​ដំណាក់​ទៅ កាល​ណា​ព្រះ‌បាទ​បាន​ឈាន​ចូល​ទៅ​ក្នុង​ទី​ក្រុង​ហើយ នោះ​បុត្រ​នឹង​សុគត​ទៅ

13. ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​នឹង​កាន់​ទុក្ខ ហើយ​បញ្ចុះ​សព​ទ្រង់ ដ្បិត​ក្នុង​វង្សា​របស់​យេរ៉ូ‌បោម នោះ​មាន​តែ​បុត្រ​នេះ​១​ប៉ុណ្ណោះ ដែល​នឹង​បាន​បញ្ចុះ​ក្នុង​ផ្នូរ ពី​ព្រោះ​ក្នុង​វង្សា​យេរ៉ូ‌បោម មាន​តែ​បុត្រ​មួយ​នេះ​ទេ ដែល​ឃើញ​មាន​សេចក្តី​ល្អ​ខ្លះ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល

14. មួយ​ទៀត ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តាំង​ឲ្យ​មាន​ស្តេច​១​ផ្សេង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល ជា​អ្នក​ដែល​នឹង​ធ្វើ​ឲ្យ​វង្សា​របស់​យេរ៉ូ‌បោម​សាប‌សូន្យ​ទៅ​ក្នុង​ថ្ងៃ​នោះ តើ​កាល​ណា​ទៅ គឺ​ឥឡូវ​នេះ​ហើយ

15. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ពួក​អ៊ីស្រា‌អែល ដូច​ជា​ដើម​បបុស ដែល​ញ័រ​នៅ​ក្នុង​ទឹក ហើយ​ទ្រង់​នឹង​រំលើង​ពួក​អ៊ីស្រា‌អែល ចេញ​ពី​ដី​ល្អ​នេះ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួក​អយ្យកោ​គេ ក៏​នឹង​កំចាត់‌កំចាយ​គេ​ទៅ​ខាង​នាយ​ទន្លេ ដោយ​ព្រោះ​គេ​បាន​ធ្វើ​អស់​ទាំង​រូប​ព្រះ​សំរាប់​ខ្លួន ដែល​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្តី​ក្រោធ

16. ទ្រង់​នឹង​បោះ‌បង់​ពួក​អ៊ីស្រា‌អែល​ចោល ដោយ​ព្រោះ​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​ការ​ដែល​ស្តេច​បាន​ធ្វើ​ហើយ ព្រម​ទាំង​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​ផង ដោយ‌សារ​ការ​នោះ​ឯង។

17. ដូច្នេះ ភរិយា​របស់​យេរ៉ូ‌បោម​ក៏​ក្រោក​ឡើង យាង​ចេញ​ទៅ​ឯ​ក្រុង​ធើសា កាល​ព្រះ‌នាង​បាន​ដល់​មាត់​ទ្វារ​ដំណាក់​ហើយ បុត្រ​នោះ​ក៏​សុគត​ទៅ

18. រួច​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ក៏​បញ្ចុះ​សព​ទ្រង់ ហើយ​កាន់​ទុក្ខ​តាម​សេចក្តី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​ហោរា​អ័ហ៊ីយ៉ា ជា​អ្នក​បំរើ​ទ្រង់។

19. រីឯ​ដំណើរ​ឯ​ទៀត​ពី​យេរ៉ូ‌បោម គឺ​ពី​ទ្រង់​ធ្វើ​ចំបាំង​យ៉ាង​ណា ហើយ​សោយ‌រាជ្យ​យ៉ាង​ណា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​នៃ​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ

20. យេរ៉ូ‌បោម​បាន​សោយ‌រាជ្យ​អស់​២២​ឆ្នាំ រួច​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ ហើយ​ណាដាប​ព្រះ‌រាជ‌បុត្រា​ទ្រង់ ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា។

21. ឯ​រេហូ‌បោម ជា​ព្រះ‌រាជ‌បុត្រា​នៃ​សាឡូ‌ម៉ូន ទ្រង់​បាន​សោយ‌រាជ្យ​នៅ​ស្រុក​យូដា កាល​រេហូ‌បោម​បាន​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​បាន​ព្រះ‌ជន្ម​៤១​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​បាន​១៧​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​បាន​រើស​ចេញ ពី​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អម្បាលម៉ាន សំរាប់​ជា​ទី​តាំង​ព្រះ‌នាម​ទ្រង់ ឯ​មាតា​រេហូ‌បោម ព្រះ‌នាង​នាម​ជា​ន៉ាអាម៉ា ជា​សាសន៍​អាំម៉ូន

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 14