គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 14:1-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​គ្រា​នោះ អ័ប៊ីយ៉ា ជា​បុត្រ​យេរ៉ូ‌បោម ទ្រង់​ចាប់​ប្រឈួន

2. ហើយ​យេរ៉ូ‌បោម​មាន​ព្រះ‌បន្ទូល​នឹង​ភរិយា​ថា ចូរ​ឲ្យ​ឯង​ក្រោក​ឡើង​ក្លែង​ខ្លួន ដើម្បី​កុំ​ឲ្យ​គេ​ស្គាល់​ឯង​ថា​ជា​ប្រពន្ធ​អញ​ឡើយ រួច​ទៅ​ឯ​ក្រុង​ស៊ីន្បូរ​ទៅ នៅ​ទី​នោះ មាន​ហោរា​អ័ហ៊ីយ៉ា ដែល​បាន​ទាយ​ពី​ដំណើរ ដែល​អញ​នឹង​សោយ‌រាជ្យ​លើ​បណ្តា‌ជន​នេះ

3. ចូរ​នាំ​យក​នំបុ័ង​១០​ដុំ និង​នំ​ផ្អែម​ខ្លះ ហើយ​ពួច​១​ពេញ​ដោយ​ទឹក​ឃ្មុំ ទៅ​ឯ​លោក លោក​នឹង​ប្រាប់​ឯង ឲ្យ​ដឹង​ជា​កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា

4. ភរិយា​របស់​យេរ៉ូ‌បោម​ក៏​ធ្វើ​ដូច្នោះ នាង​ក្រោក​ឡើង​ទៅ​ឯ​ផ្ទះ​អ័ហ៊ីយ៉ា នៅ​ក្រុង​ស៊ីឡូរ រីឯ​អ័ហ៊ីយ៉ា លោក​មើល​មិន​ឃើញ​ទេ ពី​ព្រោះ​ភ្នែក​ងងឹត​ដោយ​ចាស់​ណាស់​ហើយ

5. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​អ័ហ៊ីយ៉ា​ថា មើល ភរិយា​របស់​យេរ៉ូ‌បោម​មក​សួរ​ឯង ពី​ដំណើរ​កូន​ដែល​ឈឺ ត្រូវ​ឲ្យ​ឯង​ប្រាប់​នាង​ដូច្នេះ​មួយៗ ដ្បិត​កាល​ណា​នាង​ចូល​មក នោះ​នាង​នឹង​ធ្វើ​ភាព​ជា​ស្ត្រី​ផ្សេង​ទៀត។

6. ដូច្នេះ កាល​អ័ហ៊ីយ៉ា បាន​ឮ​សូរ​ជើង​នាង កំពុង​តែ​ចូល​មក​តាម​ទ្វារ​នោះ ក៏​ពោល​ថា ភរិយា​របស់​យេរ៉ូ‌បោម​អើយ សូម​អញ្ជើញ​ចូល​មក​ចុះ ព្រះ‌នាង​ធ្វើ​ភាព​ជា​មនុស្ស​ផ្សេង​ទៀត​ធ្វើ​អី ទូល‌បង្គំ​បាន​ទទួល​បង្គាប់ ដើម្បី​មក​ថ្វាយ​ដំណឹង​ដ៏​ធ្ងន់​នេះ​ដល់​ព្រះ‌នាង

7. សូម​ទៅ​ទូល​យេរ៉ូ‌បោម​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អញ​បាន​លើក​ឯង ពី​កណ្តាល​ពួក​ប្រជា‌ជន តាំង​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ

8. ព្រម​ទាំង​កន្ត្រាក់​យក​រាជ្យ​ពី​ព្រះ‌វង្សា​ដាវីឌ​មក​ឲ្យ​ឯង​វិញ តែ​ឯង​មិន​បាន​ដូច​ដាវីឌ ជា​អ្នក​បំរើ​អញ ដែល​បាន​កាន់​តាម​បញ្ញត្ត​អញ ហើយ​ដើរ​តាម​អញ ដោយ​អស់​ពី​ចិត្ត ដើម្បី​នឹង​ប្រព្រឹត្ត​តែ​សេចក្តី​ដែល​ទៀង​ត្រង់ នៅ​ភ្នែក​អញ​ទេ

9. គឺ​ឯង​បាន​ប្រព្រឹត្ត​នៅ​ចំពោះ​អញ ដោយ​អាក្រក់​លើស​ជាង​អស់​អ្នក​ដែល​នៅ​មុន​ឯង​វិញ ព្រម​ទាំង​ធ្វើ​ព្រះ​ដទៃ និង​រូប​សិត​ផង ជា​ការ​ដែល​បណ្តាល​ឲ្យ​អញ​ខឹង ហើយ​ឯង​បាន​បោះ‌បង់​ចោល​អញ ទៅ​ខាង​ក្រោយ​ខ្នង​ឯង

10. នោះ​បាន​ជា​អញ​នឹង​នាំ​សេចក្តី​អាក្រក់ មក​លើ​ពូជ‌ពង្ស​យេរ៉ូ‌បោម ហើយ​នឹង​កាត់​គ្រប់​ទាំង​កូន​ប្រុសៗ​ពី​វង្សា​របស់​យេរ៉ូ‌បោម​ចេញ ទោះ​ទាំង​អ្នក​ដែល​បិទ​បាំង​ទុក ឬ​ជា​អ្នក​ឥត​មាន​ចំណង ក្នុង​ពួក​អ៊ីស្រា‌អែល​ក្តី ហើយ​អញ​នឹង​បោស​ពួក​វង្ស​របស់​យេរ៉ូ‌បោម​ទៅ ដូច​ជា​គេ​បោស​អាចម៍​សត្វ​ចោល ទាល់​តែ​អស់​រលីង

11. អ្នក​ណា​ក្នុង​វង្ស​យេរ៉ូ‌បោម ដែល​ស្លាប់​នៅ​ក្នុង​ទី​ក្រុង នោះ​ឆ្កែ​នឹង​ទំពា​ស៊ី​ខ្មោច ហើយ​អ្នក​ណា​ដែល​ស្លាប់​នៅ​ទី​វាល នោះ​សត្វ​ហើរ​លើ​អាកាស​នឹង​ចឹក​ស៊ី​ខ្មោច​នោះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ហើយ

12. ដូច្នេះ សូម​ព្រះ‌នាង​ក្រោក​ឡើង យាង​ទៅ​ឯ​ដំណាក់​ទៅ កាល​ណា​ព្រះ‌បាទ​បាន​ឈាន​ចូល​ទៅ​ក្នុង​ទី​ក្រុង​ហើយ នោះ​បុត្រ​នឹង​សុគត​ទៅ

13. ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​នឹង​កាន់​ទុក្ខ ហើយ​បញ្ចុះ​សព​ទ្រង់ ដ្បិត​ក្នុង​វង្សា​របស់​យេរ៉ូ‌បោម នោះ​មាន​តែ​បុត្រ​នេះ​១​ប៉ុណ្ណោះ ដែល​នឹង​បាន​បញ្ចុះ​ក្នុង​ផ្នូរ ពី​ព្រោះ​ក្នុង​វង្សា​យេរ៉ូ‌បោម មាន​តែ​បុត្រ​មួយ​នេះ​ទេ ដែល​ឃើញ​មាន​សេចក្តី​ល្អ​ខ្លះ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល

14. មួយ​ទៀត ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តាំង​ឲ្យ​មាន​ស្តេច​១​ផ្សេង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល ជា​អ្នក​ដែល​នឹង​ធ្វើ​ឲ្យ​វង្សា​របស់​យេរ៉ូ‌បោម​សាប‌សូន្យ​ទៅ​ក្នុង​ថ្ងៃ​នោះ តើ​កាល​ណា​ទៅ គឺ​ឥឡូវ​នេះ​ហើយ

15. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ពួក​អ៊ីស្រា‌អែល ដូច​ជា​ដើម​បបុស ដែល​ញ័រ​នៅ​ក្នុង​ទឹក ហើយ​ទ្រង់​នឹង​រំលើង​ពួក​អ៊ីស្រា‌អែល ចេញ​ពី​ដី​ល្អ​នេះ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួក​អយ្យកោ​គេ ក៏​នឹង​កំចាត់‌កំចាយ​គេ​ទៅ​ខាង​នាយ​ទន្លេ ដោយ​ព្រោះ​គេ​បាន​ធ្វើ​អស់​ទាំង​រូប​ព្រះ​សំរាប់​ខ្លួន ដែល​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្តី​ក្រោធ

16. ទ្រង់​នឹង​បោះ‌បង់​ពួក​អ៊ីស្រា‌អែល​ចោល ដោយ​ព្រោះ​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​ការ​ដែល​ស្តេច​បាន​ធ្វើ​ហើយ ព្រម​ទាំង​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​ផង ដោយ‌សារ​ការ​នោះ​ឯង។

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 14