គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 13:13-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. រួច​គាត់​ប្រាប់​កូន​ថា ចូរ​ចង​កែប​លា​ឲ្យ​អញ កូន​ក៏​ចង​កែប​លា ហើយ​គាត់​ឡើង​ជិះ​ទៅ

14. គាត់​ទៅ​តាម​អ្នក​សំណប់​របស់​ព្រះ បាន​ទាន់​ឃើញ​កំពុង​អង្គុយ​នៅ​ក្រោម​ដើម​ម៉ៃសាក់ ក៏​សួរ​ថា តើ​អ្នក​ជា​អ្នក​សំណប់​របស់​ព្រះ ដែល​មក​ពី​ស្រុក​យូដា​ឬ​អី អ្នក​នោះ​ឆ្លើយ​ថា គឺ​ខ្ញុំ​នេះ​ហើយ

15. រួច​គាត់​និយាយ​ថា សូម​អញ្ជើញ​ទៅ​ពិសារ​អាហារ​នៅ​ឯ​ផ្ទះ​ជា​មួយ​នឹង​ខ្ញុំ​សិន

16. តែ​អ្នក​នោះ​ឆ្លើយ​តប​ថា ខ្ញុំ​គ្មាន​ច្បាប់​នឹង​ត្រឡប់​ជា​មួយ​នឹង​អ្នក ឬ​ចូល​ទៅ​ក្នុង​ផ្ទះ​អ្នក​ឡើយ ក៏​មិន​ព្រម​ទទួល​ទាន​អាហារ ឬ​ទឹក ជា​មួយ​នឹង​អ្នក​នៅ​ស្រុក​នេះ​ដែរ

17. ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ហាម​ថា មិន​ត្រូវ​ឲ្យ​បរិភោគ​អាហារ ឬ​ទឹក នៅ​ស្រុក​នោះ​ឡើយ ក៏​មិន​ត្រូវ​វិល​ទៅ​វិញ តាម​ផ្លូវ​ដែល​ឯង​បាន​ចូល​មក​នោះ​ដែរ

18. តែ​គាត់​និយាយ​ថា ខ្ញុំ​ក៏​ជា​ហោរា​ដូច​អ្នក​ដែរ ហើយ​មាន​ទេវតា​ប្រាប់​ខ្ញុំ​ដោយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ថា ចូរ​ទៅ​នាំ​អ្នក​នោះ​មក​ឯ​ផ្ទះ​ជា​មួយ​នឹង​ឯង​វិញ ដើម្បី​ឲ្យ​បាន​បរិភោគ​ភោជន៍ គឺ​គាត់​កុហក​ដល់​អ្នក​នោះ​ទេ

19. ដូច្នេះ អ្នក​នោះ​ក៏​ត្រឡប់​ទៅ​ជា​មួយ ព្រម​ទាំង​បរិភោគ​នៅ​ក្នុង​ផ្ទះ​គាត់​ផង។

20. កាល​អ្នក​ទាំង​២​កំពុង​តែ​អង្គុយ​នៅ​តុ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ហោរា ដែល​បាន​នាំ​គាត់​ត្រឡប់​មក​វិញ

21. ហើយ​អ្នក​នោះ​បន្លឺ​វាចា​ឡើង​ដល់​អ្នក​សំណប់​របស់​ព្រះ ដែល​មក​ពី​ស្រុក​យូដា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​ឯង​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​មិន​បាន​កាន់​តាម​បញ្ញត្ត​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​បាន​ហាម‌ប្រាម

22. គឺ​បាន​វិល​មក​វិញ ព្រម​ទាំង​បរិភោគ​នៅ​ក្នុង​ស្រុក ដែល​អញ​បាន​ហាម​ឯង​ថា កុំ​ឲ្យ​បរិភោគ​ភោជន៍​ឡើយ នោះ​ខ្មោច​របស់​ឯង នឹង​មិន​បាន​បញ្ចុះ​ក្នុង​ផ្នូរ នៃ​ពួក​អយ្យកោ​ឯង​ឡើយ

23. ក្រោយ​ដែល​បាន​បរិភោគ​រួច​ហើយ នោះ​គាត់​ក៏​ចង​កែប​លា​ឲ្យ​ហោរា ដែល​បាន​នាំ​មក​វិញ បាន​ចេញ​ទៅ

24. លុះ​កាល​អ្នក​នោះ​បាន​ចេញ​ទៅ​ហើយ ក៏​ប្រទះ​នឹង​សិង្ហ​១ តាម​ផ្លូវ សិង្ហ​ក៏​សំឡាប់​គាត់​ទៅ ហើយ​សព​របស់​គាត់​ដេក​នៅ​កណ្តាល​ផ្លូវ សត្វ​លា​ឈរ​នៅ​ជិត ឯ​សិង្ហ​ក៏​ឈរ​នៅ​ក្បែរ​សព​ដែរ

25. ហើយ​មើល មាន​មនុស្ស​ដើរ​ទៅ​មក​តាម​នោះ បាន​ឃើញ​សព​ដេក​នៅ​កណ្តាល​ផ្លូវ និង​សិង្ហ​ឈរ​នៅ​ជិត​ដូច្នោះ គេ​ក៏​ទៅ​ប្រាប់​ដល់​ក្នុង​ទី​ក្រុង ជា​ទី​លំនៅ​នៃ​ហោរា​ចាស់​នោះ។

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 13