គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 13:1-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ខណៈ​នោះ មាន​អ្នក​សំណប់​របស់​ព្រះ​ម្នាក់​ចេញ​ពី​ស្រុក​យូដា មក​ដល់​បេត-អែល តាម​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា ឯ​យេរ៉ូ‌បោម ទ្រង់​កំពុង​តែ​ឈរ​នៅ​មុខ​អាស‌នា ដើម្បី​ដុត​កំញាន

2. អ្នក​នោះ​ស្រែក​ឡើង ទាស់​នឹង​អាស‌នា​ដោយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ថា ម្នាល​អាស‌នាៗ​អើយ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល នឹង​មាន​បុត្រា​១​កើត​មក​ក្នុង​ព្រះ​វង្ស​របស់​ដាវីឌ ព្រះ‌នាម​យ៉ូសៀស ទ្រង់​នឹង​ថ្វាយ​ពួក​សង្ឃ​នៃ​អស់​ទាំង​ទី​ខ្ពស់ ដែល​ដុត​កំញាន​នៅ​លើ​ឯង ទុក​ជា​យញ្ញ‌បូជា​នៅ​លើ​ឯង ព្រម​ទាំង​ដុត​ឆ្អឹង​មនុស្ស​នៅ​លើ​ឯង​ដែរ

3. អ្នក​នោះ​ក៏​ប្រាប់​ទី​សំគាល់​១​នៅ​ថ្ងៃ​នោះ​ដែរ ដោយ​ពាក្យ​ថា នេះ​ជា​ទី​សំគាល់​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ មើល អាស‌នា​នេះ​នឹង​បាក់​បែក​ទៅ ហើយ​ផេះ​នៅ​លើ នឹង​ត្រូវ​ខ្ចាយ​ចេញ

4. កាល​ស្តេច​យេរ៉ូ‌បោម​ទ្រង់​ឮ​ពាក្យ ដែល​អ្នក​សំណប់​របស់​ព្រះ​បាន​ស្រែក​ទាស់​នឹង​អាស‌នា នៅ​ក្រុង​បេត-អែល​ដូច្នោះ នោះ​ទ្រង់​ក៏​ដក​ព្រះ‌ហស្ត​ពី​អាស‌នា​ចង្អុល​ទៅ​ថា ចូរ​ចាប់​វា​ទៅ ឯ​ព្រះ‌ហស្ត​ដែល​ទ្រង់​បាន​ចង្អុល​ទៅ​គាត់​នោះ ក៏​ស្វិត​ទៅ​កន្ត្រាក់​មក​វិញ​មិន​បាន

5. អាស‌នា​នោះ​ក៏​បាក់​បែក ហើយ​ផេះ​ក៏​ខ្ចាត់​ខ្ចាយ​ពី​លើ​ទៅ តាម​ទី​សំគាល់​ដែល​អ្នក​សំណប់​របស់​ព្រះ​បាន​ប្រាប់ ដោយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

6. នោះ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​សំណប់​របស់​ព្រះ​ថា សូម​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ហើយ​អធិ‌ស្ឋាន​ឲ្យ​ខ្ញុំ​ផង ដើម្បី​ឲ្យ​ដៃ​ខ្ញុំ​បាន​ជា​ឡើង​វិញ អ្នក​សំណប់​របស់​ព្រះ ក៏​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា រួច​ព្រះ‌ហស្ត​ស្តេច​បាន​ជា​ឡើង​ដូច​កាល​ដើម​វិញ

7. ដូច្នេះ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​សំណប់​របស់​ព្រះ​ថា អញ្ជើញ​ទៅ​ផ្ទះ​ខ្ញុំ​លំហើយ​ខ្លួន​បន្តិច​សិន ខ្ញុំ​នឹង​ឲ្យ​រង្វាន់​ដល់​អ្នក

8. តែ​អ្នក​សំណប់​របស់​ព្រះ​ទូល​ឆ្លើយ​ថា បើ​ទុក​ជា​ទ្រង់​ប្រទាន​ដំណាក់​ទ្រង់​១​ចំហៀង​មក​ទូល‌បង្គំ ក៏​ទូល‌បង្គំ​មិន​ទៅ​ជា​មួយ​នឹង​ទ្រង់​ដែរ ទូល‌បង្គំ​មិន​ព្រម​ទទួល​ទាន​នំបុ័ង ឬ​ទឹក​នៅ​ទី​នេះ​ឡើយ

9. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ហាម​ទូល‌បង្គំ​ថា កុំ​ឲ្យ​ឯង​បរិភោគ​អាហារ​ឬ​ទឹក ហើយ​កុំ​ឲ្យ​វិល​មក​វិញ​តាម​ផ្លូវ ដែល​ឯង​ទៅ​នោះ​ឡើយ

10. ដូច្នេះ គាត់​ក៏​ចេញ​ទៅ​តាម​ផ្លូវ​១​ទៀត ឥត​វិល​ទៅ​តាម​ផ្លូវ​ដែល​មក​ដល់​ក្រុង​បេត-អែល​នោះ​ទេ។

11. រីឯ​នៅ​ក្រុង​បេត-អែល មាន​ហោរា​ចាស់​ម្នាក់ ឯ​កូន​គាត់​ម្នាក់ ក៏​មក​ប្រាប់​ឪពុក ពី​គ្រប់​ទាំង​ការ ដែល​អ្នក​សំណប់​របស់​ព្រះ​បាន​ធ្វើ នៅ​ក្រុង​បេត-អែល នា​ថ្ងៃ​នោះ ព្រម​ទាំង​ពាក្យ​ទាំង​ប៉ុន្មាន ដែល​គាត់​បាន​ទូល​ដល់​ស្តេច​ដែរ

12. ឯ​ផ្លូវ​ដែល​អ្នក​សំណប់​របស់​ព្រះ មក​ពី​ស្រុក​យូដា​បាន​ទៅ​វិញ នោះ​កូន​គាត់​ក៏​បាន​ឃើញ ដូច្នេះ គាត់​សួរ​កូន​ថា តើ​អ្នក​នោះ​បាន​ចេញ​ទៅ​តាម​ផ្លូវ​ណា

13. រួច​គាត់​ប្រាប់​កូន​ថា ចូរ​ចង​កែប​លា​ឲ្យ​អញ កូន​ក៏​ចង​កែប​លា ហើយ​គាត់​ឡើង​ជិះ​ទៅ

14. គាត់​ទៅ​តាម​អ្នក​សំណប់​របស់​ព្រះ បាន​ទាន់​ឃើញ​កំពុង​អង្គុយ​នៅ​ក្រោម​ដើម​ម៉ៃសាក់ ក៏​សួរ​ថា តើ​អ្នក​ជា​អ្នក​សំណប់​របស់​ព្រះ ដែល​មក​ពី​ស្រុក​យូដា​ឬ​អី អ្នក​នោះ​ឆ្លើយ​ថា គឺ​ខ្ញុំ​នេះ​ហើយ

15. រួច​គាត់​និយាយ​ថា សូម​អញ្ជើញ​ទៅ​ពិសារ​អាហារ​នៅ​ឯ​ផ្ទះ​ជា​មួយ​នឹង​ខ្ញុំ​សិន

16. តែ​អ្នក​នោះ​ឆ្លើយ​តប​ថា ខ្ញុំ​គ្មាន​ច្បាប់​នឹង​ត្រឡប់​ជា​មួយ​នឹង​អ្នក ឬ​ចូល​ទៅ​ក្នុង​ផ្ទះ​អ្នក​ឡើយ ក៏​មិន​ព្រម​ទទួល​ទាន​អាហារ ឬ​ទឹក ជា​មួយ​នឹង​អ្នក​នៅ​ស្រុក​នេះ​ដែរ

17. ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ហាម​ថា មិន​ត្រូវ​ឲ្យ​បរិភោគ​អាហារ ឬ​ទឹក នៅ​ស្រុក​នោះ​ឡើយ ក៏​មិន​ត្រូវ​វិល​ទៅ​វិញ តាម​ផ្លូវ​ដែល​ឯង​បាន​ចូល​មក​នោះ​ដែរ

18. តែ​គាត់​និយាយ​ថា ខ្ញុំ​ក៏​ជា​ហោរា​ដូច​អ្នក​ដែរ ហើយ​មាន​ទេវតា​ប្រាប់​ខ្ញុំ​ដោយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ថា ចូរ​ទៅ​នាំ​អ្នក​នោះ​មក​ឯ​ផ្ទះ​ជា​មួយ​នឹង​ឯង​វិញ ដើម្បី​ឲ្យ​បាន​បរិភោគ​ភោជន៍ គឺ​គាត់​កុហក​ដល់​អ្នក​នោះ​ទេ

19. ដូច្នេះ អ្នក​នោះ​ក៏​ត្រឡប់​ទៅ​ជា​មួយ ព្រម​ទាំង​បរិភោគ​នៅ​ក្នុង​ផ្ទះ​គាត់​ផង។

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 13