គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 12:6-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ស្តេច​រេហូ‌បោម​ក៏​ប្រឹក្សា​នឹង​ពួក​ចាស់ៗ ជា​ពួក​ជំនិត​នៃ​សាឡូ‌ម៉ូន បិតា​ទ្រង់ ពី​កាល​ទ្រង់​គង់​ព្រះ‌ជន្ម​នៅ​ឡើយ​ថា តាម​គំនិត​របស់​លោក​រាល់​គ្នា នោះ​តើ​ត្រូវ​យើង​ឆ្លើយ​នឹង​ពួក​រាស្ត្រ​នេះ​យ៉ាង​ដូច​ម្តេច

7. លោក​ទាំង​នោះ​ទូល​ឆ្លើយ​ថា នៅ​ថ្ងៃ​នេះ បើ​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​ធ្វើ​តាម​ចិត្ត​ប្រជា‌ជន​ទាំង‌ឡាយ ហើយ​យក​ចិត្ត​គេ ដោយ​ឆ្លើយ​នឹង​គេ​ជា​ពាក្យ​ផ្អែម​ពីរោះ នោះ​គេ​នឹង​នៅ​ជា​បាវ​បំរើ​របស់​ទ្រង់​ជា​ដរាប​ទៅ

8. ប៉ុន្តែ​ទ្រង់​មិន​ព្រម​តាម​គំនិត​នៃ​ពួក​ចាស់ៗ​ទាំង​នោះ​ទេ គឺ​ទ្រង់​ទៅ​ប្រឹក្សា​នឹង​ពួក​មនុស្ស​ស្រករ​នឹង​ទ្រង់ ជា​ពួក​ជំនិត​ទ្រង់​វិញ

9. ដោយ​ព្រះ‌បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​គិត​យ៉ាង​ណា តើ​ត្រូវ​ឲ្យ​យើង​ឆ្លើយ​នឹង​ពួក​រាស្ត្រ​នេះ​ដូច​ម្តេច ដែល​គេ​បាន​មក​សូម​យើង​ថា សូម​មេត្តា​ប្រោស​ឲ្យ​នឹម​ដែល​ព្រះ‌បិតា​ទ្រង់​បាន​ដាក់​លើ​យើង​រាល់​គ្នា បាន​ស្រាល​ទៅ

10. រួច​ពួក​ដែល​ស្រករ​នឹង​ទ្រង់ គេ​ទូល​ឆ្លើយ​ថា ឯ​ពួក​រាស្ត្រ​នេះ ដែល​មក​ទូល​សូម​ទ្រង់​ថា ព្រះ‌បិតា​ទ្រង់​បាន​ធ្វើ​ឲ្យ​នឹម​យើង​ខ្ញុំ​រាល់​គ្នា​ធ្ងន់​ពន់‌ពេក សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​បាន​ស្រាល​ដល់​យើង​ខ្ញុំ​វិញ​ដូច្នេះ នោះ​ត្រូវ​ឲ្យ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​នឹង​គេ​យ៉ាង​នេះ​ថា កូន​ដៃ​យើង​នឹង​បាន​ធំ​ជាង​ភ្លៅ​របស់​ព្រះ‌បិតា​យើង

11. ឯ​ព្រះ‌បិតា​យើង ទ្រង់​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​ឯង​រាល់​គ្នា តែ​ឥឡូវ​នេះ យើង​នឹង​បន្ថែម​ឲ្យ​នឹម​ឯង​រាល់​គ្នា​បាន​ធ្ងន់​ជាង​ទៅ​ទៀត ព្រះ‌បិតា​យើង​បាន​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​ខ្យា‌ដំរី​វិញ។

12. លុះ​ដល់​ថ្ងៃ​ទី​៣ យេរ៉ូ‌បោម និង​បណ្តា‌ជន​ទាំង‌ឡាយ ក៏​មូល​មក​គាល់​រេហូ‌បោម ដូច​ជា​ស្តេច​បាន​បង្គាប់​ដោយ​ព្រះ‌បន្ទូល​ថា ដល់​ថ្ងៃ​ទី​៣ ចូរ​ឯង​រាល់​គ្នា​មក​ឯ​យើង​វិញ

13. នោះ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ដល់​គេ​ជា​ពាក្យ​គំរោះ‌គំរើយ ឥត​តាម​គំនិត​របស់​ពួក​ចាស់ៗ​ឡើយ

14. គឺ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ តាម​គំនិត​របស់​ពួក​មនុស្ស​ស្រករ​គ្នា​វិញ​ថា ព្រះ‌បិតា​យើង​បាន​ធ្វើ​ឲ្យ​នឹម​ឯង​រាល់​គ្នា​មាន​ទំងន់ តែ​យើង​នឹង​បន្ថែម ឲ្យ​នឹម​ឯង​រាល់​គ្នា បាន​ធ្ងន់​ជាង​ទៅ​ទៀត ព្រះ‌បិតា​បាន​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​ខ្យា‌ដំរី​វិញ

15. ស្តេច​ទ្រង់​មិន​ព្រម​ស្តាប់​តាម​បណ្តា‌ជន​ទេ ដ្បិត​ការ​នេះ​កើត​មក​អំពី​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​សំរេច​តាម​សេចក្តី ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​យេរ៉ូ‌បោម ជា​កូន​នេបាត ដោយ‌សារ​អ័ហ៊ីយ៉ា ជា​ពួក​ក្រុង​ស៊ីឡូរ។

16. កាល​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ឃើញ​ថា ស្តេច​មិន​ព្រម​ស្តាប់​តាម​គេ​ដូច្នោះ នោះ​គេ​ទូល​ឆ្លើយ​ថា តើ​យើង​រាល់​គ្នា​មាន​ចំណែក​អ្វី​ខាង​ដាវីឌ យើង​ក៏​គ្មាន​មរដក​ជា​មួយ​នឹង​កូន​ចៅ​អ៊ីសាយ​ដែរ ឱ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​យើង​វិល​ទៅ​ផ្ទះ​វិញ​ទៅ ឥឡូវ​នេះ​ដាវីឌ ចូរ​មើល​ព្រះ‌វង្ស​របស់​ខ្លួន​ឯង​ចុះ ដូច្នេះ ពួក​អ៊ីស្រា‌អែល ក៏​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​គេ​វិញ​ទៅ

17. ឯ​ត្រង់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​របស់​ពួក​យូដា នោះ​រេហូ‌បោម​បាន​គ្រង​រាជ្យ​លើ​គេ​វិញ

18. រួច​មក​ស្តេច​រេហូ‌បោម​ទ្រង់​ចាត់​អ័ដូរ៉ាម ដែល​ត្រួត​លើ​ពួក​កំណែន​ឲ្យ​ទៅ តែ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​គេ​ចោល​លោក​នឹង​ថ្ម​ឲ្យ​ស្លាប់​ទៅ ដូច្នេះ​ស្តេច​រេហូ‌បោម​ក៏​ប្រញាប់‌ប្រញាល់ នឹង​ឡើង​ព្រះ‌រាជ‌រថ​រត់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម

19. គឺ​យ៉ាង​នោះ ដែល​ពួក​អ៊ីស្រា‌អែល​បាន​បះ‌បោរ​នឹង​រាជ្យ​វង្ស​របស់​ដាវីឌ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 12