គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 11:8-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ទ្រង់​ក៏​ធ្វើ​យ៉ាង​នោះ​សំរាប់​ដល់​គ្រប់​ទាំង​ភរិយា​របស់​ទ្រង់ ជា​សាសន៍​ដទៃ​ទាំង​នោះ ហើយ​នាង​ទាំង​នោះ​ក៏​ដុត​កំញាន ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា ដល់​ព្រះ​របស់​គេ។

9. ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​កើត​មាន​សេចក្តី​ខ្ញាល់​ចំពោះ​សាឡូ‌ម៉ូន ដោយ​ព្រោះ​ព្រះ‌ទ័យ​ទ្រង់​បាន​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​បាន​លេច​មក​ឲ្យ​ទ្រង់​ឃើញ​២​ដង​ហើយ

10. ក៏​បាន​បង្គាប់​ដល់​ទ្រង់​ពី​ដំណើរ​នេះ​ដែរ ថា មិន​ត្រូវ​ឲ្យ​ទ្រង់​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ​ឡើយ តែ​ទ្រង់​មិន​បាន​រក្សា​សេចក្តី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​នោះ​ទេ

11. ហេតុ​ដូច្នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​សាឡូ‌ម៉ូន​ថា ដោយ​ព្រោះ​ឯង​បាន​ធ្វើ​យ៉ាង​នេះ ហើយ​មិន​បាន​រក្សា​សេចក្តី​សញ្ញា​របស់​អញ និង​បញ្ញត្ត​ដែល​អញ​បាន​បង្គាប់​ដល់​ឯង នោះ​បាន​ជា​អញ​នឹង​កន្ត្រាក់​យក​រាជ្យ​ពី​ឯង​វិញ​ជា​ពិត ហើយ​ឲ្យ​ទៅ​អ្នក​បំរើ​របស់​ឯង​វិញ

12. ប៉ុន្តែ អញ​មិន​ធ្វើ​ក្នុង​គ្រា​នៃ​ជីវិត​ឯង​ទេ ដោយ​យល់​ដល់​ដាវីឌ ជា​ឪពុក​ឯង គឺ​អញ​នឹង​កន្ត្រាក់​យក​ពី​ដៃ​កូន​ឯង​វិញ

13. អញ​ក៏​មិន​យក​នគរ​ទាំង​មូល​ពី​វា​ដែរ គឺ​នឹង​ឲ្យ​ពូជ​អំបូរ​១​ដល់​កូន​ឯង ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​អញ ហើយ​យល់​ដល់​ក្រុង​យេរូ‌សាឡិម ដែល​អញ​បាន​រើស​ហើយ​ផង។

14. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បណ្តាល ឲ្យ​មាន​អ្នក​ត​តាំង​នឹង​សាឡូ‌ម៉ូន​ម្នាក់ គឺ​ហាដាឌ់ ជា​សាសន៍​អេដំម ដែល​ជា​វង្សា​នៃ​ស្តេច​ស្រុក​នោះ

15. ពី​ព្រោះ​កាល​ដាវីឌ​បាន​ទៅ​ស្រុក​អេដំម ហើយ​យ៉ូអាប់​ជា​មេ‌ទ័ព​បាន​ឡើង​ទៅ​កប់​ខ្មោច​នៃ​ពួក​អ្នក​ដែល​ស្លាប់​ក្នុង​ចំបាំង គឺ​ក្នុង​ពេល​ក្រោយ​ដែល​បាន​សំឡាប់​ពួក​ប្រុសៗ​ទាំង​អស់​នៅ​សាសន៍​អេដំម

16. (ដ្បិត​យ៉ូអាប់ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ បាន​នៅ​ស្រុក​នោះ​អស់​៦​ខែ ទាល់​តែ​បាន​សំឡាប់​ពួក​ប្រុសៗ​នៃ​សាសន៍​អេដំម​នោះ​អស់​រលីង​ទៅ)

17. គ្រា​នោះ ហាដាឌ់​បាន​រត់​រួច ព្រម​ទាំង​សាសន៍​អេដំម​ខ្លះ ដែល​ជា​អ្នក​បំរើ​របស់​ឪពុក​លោក​ដែរ ក៏​រត់​ទៅ​អាស្រ័យ​នៅ​ស្រុក​អេស៊ីព្ទ ក្នុង​កាល​ដែល​ហាដាឌ់​នៅ​ជា​កុមារ​តូច​នៅ​ឡើយ

18. គេ​នាំ​គ្នា​ចេញ​ពី​ស្រុក​ម៉ាឌាន​ទៅ​ដល់​ស្រុក​ប៉ារ៉ាន ក៏​នាំ​យក​មនុស្ស​ខ្លះ​ពី​ប៉ារ៉ាន ទៅ​ជា​មួយ​នឹង​គេ ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ គាល់​ផារ៉ោន ជា​ស្តេច​ស្រុក​នោះ ហើយ​ទ្រង់​ក៏​ប្រទាន​ផ្ទះ​១​ឲ្យ​លោក​នៅ និង​ស្រែ​ចំការ​ដែរ ព្រម​ទាំង​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ផង

19. ឯ​ហាដាឌ់ បាន​ប្រកប​ដោយ​គុណ​របស់​ផារ៉ោន​យ៉ាង​ធំ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ប្អូន​របស់​ភរិយា​ទ្រង់ គឺ​ជា​ប្អូន​នាង​ថាផ្នេស ដែល​ជា​អគ្គ‌មហេសី ឲ្យ​ធ្វើ​ជា​ប្រពន្ធ​លោក

20. ប្អូន​របស់​នាង​ថាផ្នេស​ក៏​បង្កើត​កូន​ប្រុស​១​ឲ្យ​លោក ឈ្មោះ​ថា កេនូ‌បាត ហើយ​នាង​ថាផ្នេស​ក៏​ផ្តាច់​ដោះ នៅ​ក្នុង​ដំណាក់​ផារ៉ោន រួច​កេនូ‌បាត​បាន​នៅ​ក្នុង​ដំណាក់​ផារ៉ោន ជា​មួយ​នឹង​ព្រះ‌រាជ‌បុត្រ​នៃ​ស្តេច

21. ក្រោយ​មក កាល​ហាដាឌ់​បាន​ឮ​នៅ​ស្រុក​អេស៊ីព្ទ​ថា ដាវីឌ​បាន​ផ្ទំ​លក់​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ហើយ ព្រម​ទាំង​យ៉ូអាប់​ជា​មេ‌ទ័ព​ដែរ នោះ​ហាដាឌ់​ទូល​ផារ៉ោន​ថា សូម​ឲ្យ​ទូល‌បង្គំ​ត្រឡប់​ទៅ​ឯ​ស្រុក​ទូល‌បង្គំ​វិញ

22. តែ​ផារ៉ោន​មាន​ព្រះ‌បន្ទូល​សួរ​ថា នៅ​ជា​មួយ​នឹង​យើង​នេះ តើ​ឯង​មាន​ខ្វះ‌ខាត​អ្វី បាន​ជា​ចង់​ត្រឡប់​ទៅ​ស្រុក​វិញ​ដូច្នេះ លោក​ទូល​ឆ្លើយ​ថា គ្មាន​ខ្វះ​អ្វី​ទេ ប៉ុន្តែ​សូម​ឲ្យ​តែ​ទូល‌បង្គំ​បាន​ទៅ​ចុះ។

23. ព្រះ​ក៏​បណ្តា​ឲ្យ​មាន​អ្នក​តតាំង​នឹង​ទ្រង់​ម្នាក់​ទៀត គឺ​ឈ្មោះ​រេសោន ជា​កូន​អេលី‌យ៉ាដា ជា​អ្នក​ដែល​បាន​រត់​ពី​ហាដា-រេស៊ើរ ជា​ស្តេច​សូបា ចៅ‌ហ្វាយ​របស់​ខ្លួន

24. អ្នក​នោះ​ក៏​ប្រមូល​មនុស្ស​មក​តាម​ខ្លួន ហើយ​បាន​ធ្វើ​ជា​មេ‌ទ័ព​លើ​ពួក​នោះ ក្នុង​គ្រា​ដែល​ដាវីឌ​បាន​សំឡាប់​ពួក​សូបា រួច​គេ​ទៅ​អាស្រ័យ​នៅ​ក្រុង​ដាម៉ាស ហើយ​បាន​គ្រប់‌គ្រង​នៅ​ទី​នោះ

25. អ្នក​នោះ​ក៏​ទាស់​ទទឹង​នឹង​សាសន៍​អ៊ីស្រា‌អែល រហូត​ដល់​អស់​ព្រះ‌ជន្ម​នៃ​សាឡូ‌ម៉ូន នេះ​ជា​ការ​ប្រទូស‌រ៉ាយ ក្រៅ​ពី​ការ​ដែល​ហាដាឌ់​បាន​ធ្វើ ឯ​រេសោន​បាន​ស្អប់​ខ្ពើម​ដល់​សាសន៍​អ៊ីស្រា‌អែល ក៏​សោយ‌រាជ្យ​លើ​ស្រុក​ស៊ីរី។

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 11