គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 11:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​ស្តេច​សាឡូ‌ម៉ូន ទ្រង់​បាន​ស្រឡាញ់​ពួក​ស្រីៗ​សាសន៍​ដទៃ​ជា​ច្រើន ក្រៅ​ពី​ព្រះ‌រាជ‌បុត្រី​ផារ៉ោន​នោះ គឺ​ជា​ស្ត្រី​សាសន៍​ម៉ូអាប់ សាសន៍​អាំម៉ូន សាសន៍​អេដំម សាសន៍​ស៊ីដូន និង​សាសន៍​ហេត

2. ជា​ស្ត្រី​នៃ​សាសន៍​ផ្សេងៗ ដែល​ព្រះ‌យេហូវ៉ា​បាន​ហាម​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា មិន​ត្រូវ​ឯង​រាល់​គ្នា​ចូល​ទៅ​ឯ​គេ ឬ​ឲ្យ​គេ​ចូល​មក​ឯង​រាល់​គ្នា​ឡើយ ដ្បិត​គេ​នឹង​បង្វែរ​ចិត្ត​ឯង​រាល់​គ្នា​ឲ្យ​ទៅ​តាម​ព្រះ​គេ​ជា​មិន​ខាន តែ​សាឡូ‌ម៉ូន​បាន​ចង​ពន្ធ​នឹង​គេ ដោយ​សេចក្តី​ស្រឡាញ់​វិញ

3. ទ្រង់​មាន​ភរិយា​អស់​៧០០ សុទ្ធ​តែ​ជា​កូន​ស្តេច​ទាំង​អស់ ហើយ​មាន​ស្រី​អ្នក‌ម្នាង​៣០០ ឯ​ភរិយា​ទាំង​នោះ ក៏​នាំ​បង្វែរ​ព្រះ‌ទ័យ​ទ្រង់​ចេញ

4. ដ្បិត​កាល​ណា​សាឡូ‌ម៉ូន​ទ្រង់​ចាស់​ហើយ នោះ​ភរិយា​ទ្រង់​បាន​បង្វែរ​ព្រះ‌ទ័យ​ទ្រង់​ឲ្យ​ទៅ​តាម​ព្រះ​ដទៃ​វិញ ហើយ​ព្រះ‌ទ័យ​ទ្រង់​មិន​បាន​ស្មោះ‌ត្រង់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដូច​ជា​ព្រះ‌ទ័យ​របស់​ដាវីឌ ជា​បិតា​ទ្រង់​ទេ

5. ពី​ព្រោះ​សាឡូ‌ម៉ូន​ទ្រង់​ប្រតិ‌បត្តិ​តាម​ព្រះ​អាស‌ថារ៉ូត ជា​ព្រះ​នៃ​ពួក​ស៊ីដូន ហើយ​តាម​ព្រះ​មីលកូម ជា​សេចក្តី​គួរ​ខ្ពើម​របស់​ពួក​អាំម៉ូន​ដែរ

6. សាឡូ‌ម៉ូន​ក៏​ប្រព្រឹត្ត​ការ​ដែល​អាក្រក់​នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ហើយ​មិន​បាន​តាម​ព្រះ‌យេហូវ៉ា​ដោយ​ពេញ​ខ្នាត ដូច​ជា​ដាវីឌ ជា​ព្រះ‌បិតា​ទ្រង់​ដែរ

7. នៅ​គ្រា​នោះ​សាឡូ‌ម៉ូន​ទ្រង់​ក៏​ធ្វើ​កន្លែង សំរាប់​ថ្វាយ‌បង្គំ​ដល់​ព្រះ​កេម៉ូស ជា​សេចក្តី​គួរ​ខ្ពើម​របស់​ពួក​ម៉ូអាប់ នៅ​លើ​ទី​ខ្ពស់​១ ដែល​ជា​ភ្នំ​នៅ​ទល់​មុខ​នឹង​ក្រុង​យេរូ‌សាឡិម និង​សំរាប់​ព្រះ​ម៉ូឡុក ជា​សេចក្តី​គួរ​ខ្ពើម​របស់​ពួក​កូន​ចៅ​អាំម៉ូន​ដែរ

8. ទ្រង់​ក៏​ធ្វើ​យ៉ាង​នោះ​សំរាប់​ដល់​គ្រប់​ទាំង​ភរិយា​របស់​ទ្រង់ ជា​សាសន៍​ដទៃ​ទាំង​នោះ ហើយ​នាង​ទាំង​នោះ​ក៏​ដុត​កំញាន ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា ដល់​ព្រះ​របស់​គេ។

9. ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​កើត​មាន​សេចក្តី​ខ្ញាល់​ចំពោះ​សាឡូ‌ម៉ូន ដោយ​ព្រោះ​ព្រះ‌ទ័យ​ទ្រង់​បាន​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​បាន​លេច​មក​ឲ្យ​ទ្រង់​ឃើញ​២​ដង​ហើយ

10. ក៏​បាន​បង្គាប់​ដល់​ទ្រង់​ពី​ដំណើរ​នេះ​ដែរ ថា មិន​ត្រូវ​ឲ្យ​ទ្រង់​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ​ឡើយ តែ​ទ្រង់​មិន​បាន​រក្សា​សេចក្តី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​នោះ​ទេ

11. ហេតុ​ដូច្នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​សាឡូ‌ម៉ូន​ថា ដោយ​ព្រោះ​ឯង​បាន​ធ្វើ​យ៉ាង​នេះ ហើយ​មិន​បាន​រក្សា​សេចក្តី​សញ្ញា​របស់​អញ និង​បញ្ញត្ត​ដែល​អញ​បាន​បង្គាប់​ដល់​ឯង នោះ​បាន​ជា​អញ​នឹង​កន្ត្រាក់​យក​រាជ្យ​ពី​ឯង​វិញ​ជា​ពិត ហើយ​ឲ្យ​ទៅ​អ្នក​បំរើ​របស់​ឯង​វិញ

12. ប៉ុន្តែ អញ​មិន​ធ្វើ​ក្នុង​គ្រា​នៃ​ជីវិត​ឯង​ទេ ដោយ​យល់​ដល់​ដាវីឌ ជា​ឪពុក​ឯង គឺ​អញ​នឹង​កន្ត្រាក់​យក​ពី​ដៃ​កូន​ឯង​វិញ

13. អញ​ក៏​មិន​យក​នគរ​ទាំង​មូល​ពី​វា​ដែរ គឺ​នឹង​ឲ្យ​ពូជ​អំបូរ​១​ដល់​កូន​ឯង ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​អញ ហើយ​យល់​ដល់​ក្រុង​យេរូ‌សាឡិម ដែល​អញ​បាន​រើស​ហើយ​ផង។

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 11