គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 10:3-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ឯ​សាឡូ‌ម៉ូន ទ្រង់​ក៏​ឆ្លើយ​ស្រាយ​ន័យ​គ្រប់​ទាំង​សេចក្តី​ដែល​ព្រះ‌នាង​សួរ ឥត​មាន​អ្វី​លាក់​កំបាំង​ដល់​ស្តេច ដែល​ទ្រង់​មិន​បាន​ស្រាយ​ន័យ​ថ្វាយ​ព្រះ‌នាង​នោះ​ទេ

4. កាល​មហា‌ក្សត្រី​ស្រុក​សេបា បាន​ឃើញ​ប្រាជ្ញា​របស់​សាឡូ‌ម៉ូន​ទាំង​ប៉ុន្មាន និង​ដំណាក់​ដែល​ទ្រង់​ធ្វើ

5. ព្រម​ទាំង​ព្រះ‌ស្ងោយ​នៅ​លើ​តុ​ទ្រង់ ទី​លំនៅ​របស់​ពួក​បំរើ​ទ្រង់ សណ្ឋាន​ពួក​បរិវា​របស់​ទ្រង់ និង​គ្រឿង​តែង​កាយ​របស់​គេ ហើយ​ពួក​បំរើ​ថ្វាយ​ពែង​របស់​ទ្រង់ និង​ដង្វាយ​ដុត​ដែល​ទ្រង់​ថ្វាយ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌នាង​ក៏​ភាំង​ស្មារតី

6. ហើយ​មាន​សវនីយ៍​ទៅ​ស្តេច​ថា ពាក្យ​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​ផ្សាយ​ទៅ​ដល់​ស្រុក​ខ្ញុំ​ម្ចាស់ ពី​ព្រះ‌រាជ​កិច្ច និង​ប្រាជ្ញា​របស់​ទ្រង់ នោះ​ក៏​ពិត​ប្រាកដ​មែន

7. ប៉ុន្តែ​ខ្ញុំ​ម្ចាស់​មិន​បាន​ជឿ​ទេ លុះ​ត្រា​តែ​បាន​មក​ឃើញ​នឹង​ភ្នែក​ខ្លួន​ឯង ហើយ​មើល ដំណឹង​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​នោះ មិន​ទាំង​ដល់​ត្រឹម​ពាក់​កណ្តាល​ផង គឺ​ប្រាជ្ញា និង​សេចក្តី​ចំរើន​របស់​ទ្រង់ នោះ​ហួស​លើស​ពី​កិត្តិសព្ទ ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​ទៅ​ទៀត

8. មាន​ពរ​ហើយ ពួក​ទ្រង់ និង​ពួក​អ្នក​បំរើ​នេះ ដែល​ឈរ​ចំពោះ​ទ្រង់​ជានិច្ច ទាំង​ស្តាប់​ប្រាជ្ញា​របស់​ទ្រង់

9. សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ទ្រង់ ដើម្បី​នឹង​តាំង​ឡើង​លើ​បល្ល័ង្ក‌រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល គឺ​ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា ទ្រង់​ស្រឡាញ់​សាសន៍​អ៊ីស្រា‌អែល​អស់​កល្ប‌ជានិច្ច បាន​ជា​តាំង​ទ្រង់​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ ប្រយោជន៍​ឲ្យ​បាន​សំរេច​សេចក្តី​យុត្តិ‌ធម៌ និង​សេចក្តី​សុចរិត

10. រួច​ព្រះ‌នាង​ទ្រង់​ថ្វាយ​មាស​១២០​ហាប និង​គ្រឿង​ក្រអូប​យ៉ាង​សន្ធឹក ព្រម​ទាំង​ត្បូង​មាន​ដំឡៃ​ដល់​ស្តេច ក្រោយ​នោះ​មក​មិន​ដែល​មាន​គ្រឿង​ក្រអូប​ជា​បរិបូរ​ដល់​ម៉្លេះ​បាន​ចូល​មក ឲ្យ​ដូច​ជា​គ្រឿង​ក្រអូប ដែល​មហា‌ក្សត្រី​ស្រុក​សេបា​បាន​ថ្វាយ​ដល់​ស្តេច​សាឡូ‌ម៉ូន នោះ​ទៀត​ឡើយ។

11. ឯ​ក្រុម​នាវា​របស់​ហ៊ីរ៉ាម ដែល​ដឹក​យក​មាស​មក​ពី​ស្រុក​អូភារ នោះ​ក៏​ដឹក​យក​ឈើ​ចាន់​ជា​បរិបូរ និង​ត្បូង​មាន​ដំឡៃ មក​ពី​ស្រុក​នោះ​ដែរ

12. ស្តេច​ទ្រង់​យក​ឈើ​ចាន់​នោះ​ធ្វើ​ជា​ភ្នាក់​ដៃ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ក្នុង​ដំណាក់​របស់​ស្តេច ព្រម​ទាំង​ស៊ុង និង​ពិណ សំរាប់​ពួក​ចំរៀង​ផង មិន​ដែល​មាន​ឈើ​ចាន់​យ៉ាង​នោះ​មក​ទៀត ក៏​មិន​ដែល​ឃើញ​សោះ​ឡើយ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

13. ស្តេច​សាឡូ‌ម៉ូន​ទ្រង់​ក៏​ប្រទាន​ដល់​មហា‌ក្សត្រី​ស្រុក​សេបា តាម​បំណង​ព្រះ‌ទ័យ​របស់​ព្រះ‌នាង គឺ​របស់​អ្វី​ដែល​ព្រះ‌នាង​សូម លើស​អំពី​ព្រះ‌រាជ‌ទ្រព្យ​ហ្លួង​ទាំង​ប៉ុន្មាន ដែល​សាឡូ‌ម៉ូន​បាន​ប្រទាន​ឲ្យ​ផង ដូច្នេះ​ព្រះ‌នាង ព្រម​ទាំង​ពួក​បរិវារ ក៏​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​របស់​ខ្លួន​វិញ។

14. រីឯ​មាស​ដែល​មក​ដល់​សាឡូ‌ម៉ូន​ក្នុង​១​ឆ្នាំ នោះ​មាន​ទំងន់​ជា​៦៦៦​ហាប

15. ក្រៅ​ពី​នោះ មាន​មាស​ដែល​មក​ដោយ‌សារ​ពួក​អ្នក​លក់​ដូរ និង​ការ​ជំនួញ ហើយ​ពី​អស់​ទាំង​ស្តេច​ស្រុក​អារ៉ាប់ និង​ពួក​ចៅ‌ហ្វាយ​ស្រុក​ទាំង​ប៉ុន្មាន​ថែម​ទៀត

16. ស្តេច​សាឡូ‌ម៉ូន​ទ្រង់​ផែ​មាស​ធ្វើ​ខែល​ធំ​២០០​គឺ​យក​មាស​៦០០​ដំឡឹង ដើម្បី​ធ្វើ​ខែល​មួយៗ

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 10