គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 9:6-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​មាន​សេចក្តី​ខ្មាស ហើយ​ក៏​ក្រហម​មុខ និង​ងើប​មើល​ទៅ​ទ្រង់ ជា​ព្រះ​នៃ​ទូល‌បង្គំ​ផង ពី​ព្រោះ​ការ​ទុច្ចរិត​របស់​យើង​ខ្ញុំ​បាន​ចំរើន​ជា​ច្រើន​ឡើង ដល់​លិច​ក្បាល​យើង​ខ្ញុំ ហើយ​ទោស​របស់​យើង​ខ្ញុំ​ក៏​កើន​ឡើង ដល់​ផ្ទៃ​មេឃ​ដែរ

7. ចាប់​តាំង​ពី​គ្រា​ពួក​អយ្យកោ​យើង​ខ្ញុំ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ​មាន​ទោស​ជា​ទំងន់​ក្រៃ​ពេក ហើយ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ បាន​ជា​យើង​ខ្ញុំ ព្រម​ទាំង​ពួក​ស្តេច និង​ពួក​សង្ឃ​របស់​យើង​ខ្ញុំ បាន​ត្រូវ​ប្រគល់​ទៅ ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ស្តេច​ស្រុក​ដទៃ ដល់​ដាវ ដល់​សណ្ឋាន​ជា​ឈ្លើយ ដល់​ការ​រឹប​ជាន់ ហើយ​ដល់​សេចក្តី​អាម៉ាស់​ខ្មាស ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ

8. ហើយ​ឥឡូវ នៅ​វេលា​១​ភ្លែត​នេះ មាន​ព្រះ‌គុណ​សំដែង​មក​ដល់​យើង​ខ្ញុំ អំពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ឲ្យ​បាន​អ្នក​ខ្លះ​រួច​ចេញ ហើយ​ឲ្យ​បាន​បង្គោល​១​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ទ្រង់ ប្រយោជន៍​ឲ្យ​ព្រះ​នៃ​យើង​ខ្ញុំ​បាន​បំភ្លឺ​ភ្នែក​យើង​ខ្ញុំ ហើយ​ប្រោស​ឲ្យ​យើង​ខ្ញុំ​បាន​រស់​ឡើង​វិញ​បន្តិច នៅ​ក្នុង​ការ​បំរើ​គេ​នេះ

9. ដ្បិត​យើង​ខ្ញុំ​ជា​បាវ​បំរើ​គេ​មែន តែ​ព្រះ​នៃ​យើង​ខ្ញុំ​មិន​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ កំពុង​ដែល​នៅ​បំរើ​គេ​នោះ​ទេ គឺ​បាន​ផ្តល់​សេចក្តី​សប្បុរស​មក​យើង​ខ្ញុំ ឲ្យ​បាន​រស់​ឡើង​វិញ​បន្តិច នៅ​ភ្នែក​នៃ​ពួក​ស្តេច​សាសន៍​ពើស៊ី​ផង ដើម្បី​នឹង​តាំង​ព្រះ‌វិហារ​នៃ​ព្រះ​របស់​យើង​ខ្ញុំ ហើយ​ជួស‌ជុល​ទី​បាក់‌បែក​ឡើង​វិញ ព្រម​ទាំង​ឲ្យ​មាន​កំផែង នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម​ឡើង​ផង

10. តែ​ឥឡូវ​នេះ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ដែល​មាន​ការ​យ៉ាង​នេះ នោះ​តើ​យើង​ខ្ញុំ​នឹង​ថា​ដូច​ម្តេច​ទៅ ដ្បិត​យើង​ខ្ញុំ​បាន​បោះ‌បង់​ចោល​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ចេញ

11. ជា​សេចក្តី​ដែល​ទ្រង់​បាន​បង្គាប់​មក ដោយ‌សារ​ពួក​ហោរា ជា​អ្នក​បំរើ​ទ្រង់​ថា ស្រុក​ដែល​ឯង​រាល់​គ្នា​ចូល​ទៅ​ចាប់​យក​នោះ ជា​ស្រុក​ស្មោក‌គ្រោក ដោយ​ព្រោះ​ការ​ស្មោក‌គ្រោក​របស់​ពួក​សាសន៍​ដទៃ ដែល​នៅ​ស្រុក​នោះ ហើយ​ដោយ​ព្រោះ​ការ​គួរ​ស្អប់​ខ្ពើម ដែល​គេ​បាន​ប្រព្រឹត្ត ឲ្យ​ស្រុក​នោះ​បាន​ពេញ ដោយ​សេចក្តី​ស្មោក‌គ្រោក​របស់​គេ ចាប់​តាំង​ពី​ចុង​ម្ខាង​ដល់​ចុង​ម្ខាង

12. ដូច្នេះ កុំ​ឲ្យ​ឯង​រាល់​គ្នា​លើក​កូន​ស្រី​របស់​ខ្លួន ឲ្យ​ទៅ​កូន​ប្រុស​របស់​គេ​ឡើយ ក៏​កុំ​ឲ្យ​យក​កូន​ស្រី​របស់​គេ​មក​ឲ្យ​កូន​ប្រុស​របស់​ឯង ឬ​រក​សេចក្តី​សុខ​ដល់​គេ ឬ​ឲ្យ​គេ​បាន​ចំរើន​ឡើង​ដែរ ប្រយោជន៍​ឲ្យ​ឯង​រាល់​គ្នា​មាន​កំឡាំង ហើយ​ឲ្យ​បាន​ចំអែត ដោយ​ផល​ល្អ​របស់​ស្រុក​នោះ ព្រម​ទាំង​ទុក​ជា​មរដក​ដល់​កូន​ចៅ​ឯង​រាល់​គ្នា​ត​រៀង​ទៅ

13. ដូច្នេះ ក្រោយ​អស់​ទាំង​ការ​ដែល​បាន​កើត​ដល់​យើង​ខ្ញុំ ដោយ​ព្រោះ​អំពើ​អាក្រក់ និង​ទោស​របស់​យើង​ខ្ញុំ ដែល​មាន​ទំងន់​ជា​ខ្លាំង​ម៉្លេះ ទោះ​បើ​ទ្រង់ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ទ្រង់​មិន​បាន​ធ្វើ​ទោស​ដល់​យើង​ខ្ញុំ ឲ្យ​ស្មើ​នឹង​ការ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ទេ ហើយ​បាន​ទាំង​ប្រោស ឲ្យ​យើង​ខ្ញុំ​មាន​សំណល់​រួច​ចេញ​ដូច្នេះ​ផង

14. ឥឡូវ​នេះ តើ​យើង​ខ្ញុំ​នឹង​វិល​ទៅ ប្រព្រឹត្ត​រំលង​ក្រឹត្យ‌ក្រម​របស់​ទ្រង់​ទៀត ដោយ​ភ្ជាប់​ញាតិ​នឹង​ពួក​សាសន៍​នោះ​ឯង ដែល​ប្រព្រឹត្ត​ការ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ​ឬ​អី បើ​ធ្វើ​ដូច្នោះ តើ​ទ្រង់​មិន​មាន​សេចក្តី​ក្រោធ​ដល់​យើង​ខ្ញុំ ដរាប​ដល់​ទ្រង់​បាន​បំផ្លាញ​អស់​រលីង​ទេ​ឬ​អី ឥត​ឲ្យ​មាន​សំណល់​សល់ ឬ​អ្នក​ណា​ឲ្យ​បាន​រួច​ឡើយ

15. ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ទ្រង់​សុចរិត ដ្បិត​យើង​ខ្ញុំ​មាន​តែ​សំណល់ ដែល​បាន​រួច​ប៉ុណ្ណោះ​ទេ ដូច​ជា​សព្វ​ថ្ងៃ​នេះ មើល យើង​ខ្ញុំ​នៅ​ចំពោះ​ទ្រង់ មាន​ជាប់​ទាំង​ទោស​ផង ដ្បិត​ក្នុង​អំពើ​យ៉ាង​នេះ គ្មាន​អ្នក​ណា​នឹង​ឈរ នៅ​ចំពោះ​ទ្រង់​បាន​ឡើយ។

សូមអានជំពូកពេញលេញ អែសរ៉ា 9