គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 7:2-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ហ៊ីល‌គីយ៉ា ជា​កូន​សាលូម សាលូម​ជា​កូន​សាដុកៗ ជា​កូន​អ័ហ៊ី‌ទូប

3. អ័ហ៊ី‌ទូប ជា​កូន​អ័ម៉ារាៗ​ជា​កូន​អ័សារាៗ​ជា​កូន​មេរ៉ាយ៉ូត

4. មេរ៉ាយ៉ូត ជា​កូន​សេរ៉ាហ៊ាៗ​ជា​កូន​អ៊ូស៊ីៗ​ជា​កូន​ប៊ូកគី

5. ប៊ូកគី ជា​កូន​អ័ប៊ី‌សួរៗ​ជា​កូន​ភីនេ‌ហាសៗ​ជា​កូន​អេលាសារៗ​ជា​កូន​អើរ៉ុន​ដ៏​ជា​សំដេច​សង្ឃ

6. អែសរ៉ា​នេះ លោក​ឡើង​មក​ពី​ក្រុង​បាប៊ី‌ឡូន លោក​ជា​ស្មៀន​ស្ទាត់​ជំនាញ​ខាង​ក្រឹត្យ‌វិន័យ​លោក​ម៉ូសេ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​ប្រទាន​មក ហើយ​ដោយ​ព្រោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក បាន​សណ្ឋិត​លើ​លោក បាន​ជា​ស្តេច​ទ្រង់​អនុញ្ញាត​គ្រប់​ទាំង​សេចក្តី​ដែល​លោក​សូម

7. ក៏​មាន​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ពួក​សង្ឃ ពួក​លេវី ពួក​ចំរៀង ពួក​ឆ្មាំ​ទ្វារ និង​ពួក​នេធីនិម​ខ្លះ ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​នៅ​ឆ្នាំ​ទី​៧​ក្នុង​រាជ្យ​ស្តេច​អើថា‌ស៊ើក‌សេស​ដែរ

8. លោក​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម ក្នុង​ខែ​ស្រា‌ពណ៌​នៅ​ឆ្នាំ​ទី​៧​ក្នុង​រាជ្យ​ស្តេច​នោះ

9. ដ្បិត​លោក​បាន​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន នៅ​ថ្ងៃ​១​ខែ​ចេត្រ ក៏​មក​ដល់​ក្រុង​យេរូ‌សាឡិម​នៅ​ថ្ងៃ​ទី​១​ខែ​ស្រា‌ពណ៌ ដោយ​ព្រះ‌ហស្ត​ល្អ​របស់​ព្រះ​នៃ​លោក បាន​សណ្ឋិត​លើ​លោក

10. ពី​ព្រោះ​អែសរ៉ា​បាន​តាំង​ចិត្ត​ស្វែង​រក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ប្រព្រឹត្ត​តាម ហើយ​បង្ហាត់‌បង្រៀន​តាម​បញ្ញត្ត និង​សេចក្តី​យុត្តិ‌ធម៌​ក្នុង​ពួក​អ៊ីស្រា‌អែល។

11. នេះ​ជា​សំណៅ​ពី​សំបុត្រ ដែល​អើថា‌ស៊ើក‌សេស​ដ៏​ជា​ស្តេច​ទ្រង់​បាន​ប្រទាន​ដល់​អែសរ៉ា​ដ៏​ជា​សង្ឃ ជា​ស្មៀន​ចម្លង​អស់​ទាំង​ព្រះ‌បន្ទូល ក្នុង​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌យេហូវ៉ា និង​បញ្ញត្ត​នៃ​ទ្រង់ ដល់​ពួក​អ៊ីស្រា‌អែល មាន​សេចក្តី​ថា

12. អើថា‌ស៊ើក‌សេស ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ប្រទាន​ដល់​អែសរ៉ា​ដ៏​ជា​សង្ឃ ជា​ស្មៀន​ចម្លង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​ស្ថាន‌សួគ៌៘

13. យើង​ចេញ​ព្រះ‌រាជ‌ឱង្ការ​ថា ឯ​អស់​អ្នក​ណា​ក្នុង​ពួក​សាសន៍​អ៊ីស្រា‌អែល ឬ​ពួក​សង្ឃ និង​ពួក​លេវី នៅ​ក្នុង​នគរ​យើង ដែល​ចង់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ជា​មួយ​នឹង​អ្នក ដោយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ចូរ​ឲ្យ​គេ​ទៅ​ចុះ

សូមអានជំពូកពេញលេញ អែសរ៉ា 7