គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 7:12-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. អើថា‌ស៊ើក‌សេស ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ប្រទាន​ដល់​អែសរ៉ា​ដ៏​ជា​សង្ឃ ជា​ស្មៀន​ចម្លង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​ស្ថាន‌សួគ៌៘

13. យើង​ចេញ​ព្រះ‌រាជ‌ឱង្ការ​ថា ឯ​អស់​អ្នក​ណា​ក្នុង​ពួក​សាសន៍​អ៊ីស្រា‌អែល ឬ​ពួក​សង្ឃ និង​ពួក​លេវី នៅ​ក្នុង​នគរ​យើង ដែល​ចង់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ជា​មួយ​នឹង​អ្នក ដោយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ចូរ​ឲ្យ​គេ​ទៅ​ចុះ

14. ពី​ព្រោះ​ស្តេច និង​ពួក​សេនាបតី​ទាំង​៧ បាន​ចាត់​អ្នក​ទៅ​ត្រួត‌ត្រា​មើល ក្នុង​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​អ្នក ជា​ច្បាប់​ដែល​នៅ​ក្នុង​កណ្តាប់​ដៃ​អ្នក

15. ហើយ​ឲ្យ​នាំ​យក​ប្រាក់ និង​មាស​ដែល​យើង ជា​ស្តេច និង​ពួក​សេនាបតី​ទាំង​៧ បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ព្រះ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡិម

16. ព្រម​ទាំង​ប្រាក់​មាស​ទាំង​ប៉ុន្មាន​ដែល​អ្នក​នឹង​រៃ​បាន ពី​គ្រប់​ក្នុង​ខេត្ត​បាប៊ី‌ឡូន ជា​មួយ​នឹង​បណ្ណា‌ការ​ដែល​ពួក​ជន​ទាំង​អម្បាលម៉ាន និង​ពួក​សង្ឃ​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត សំរាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​លោក​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​មួយ​ផង

17. ដូច្នេះ ត្រូវ​ឲ្យ​អ្នក​មាន​ចិត្ត​ខ្នះ‌ខ្នែង យក​ប្រាក់​នោះ​ទៅ​ទិញ​គោ ចៀម​ឈ្មោល និង​កូន​ចៀម ព្រម​ទាំង​គ្រឿង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច​នោះ​ផង នាំ​ទៅ​ថ្វាយ​នៅ​លើ​អាសនា ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ចុះ

18. ឯ​ប្រាក់ និង​មាស​ដែល​សល់​នៅ នោះ​ត្រូវ​ឲ្យ​អ្នក និង​ពួក​បង​ប្អូន​អ្នក ប្រើ​ការ​តាម​តែ​គិត​ឃើញ​ថា​ត្រឹម‌ត្រូវ តាម​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ

19. ហើយ​ឯ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​បាន​ឲ្យ​ដល់​អ្នក សំរាប់​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​របស់​អ្នក នោះ​ចូរ​អ្នក​យក​ទៅ​ប្រគល់ នៅ​ចំពោះ​ព្រះ​នៃ​ក្រុង​យេរូ‌សាឡិម​ទៅ

20. ហើយ​របស់​អ្វី​ផ្សេង​ទៀត​ដែល​ខ្វះ​ខាត​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​របស់​អ្នក ដែល​អ្នក​ត្រូវ​ការ​បញ្ចេញ​ប្រាក់​ទិញ នោះ​ត្រូវ​បញ្ចេញ​យក​ពី​ឃ្លាំង​ហ្លួង​ចុះ

21. មួយ​ទៀត យើង អើថា‌ស៊ើក‌សេស​ជា​ស្តេច យើង​ចេញ​ព្រះ‌រាជ‌ឱង្ការ បង្គាប់​ដល់​គ្រប់​ទាំង​មេ​ឃ្លាំង នៅ​ខាង​នាយ​ទន្លេ​ថា របស់​អ្វីៗ​ដែល​អែសរ៉ា​ដ៏​ជា​សង្ឃ ជា​ស្មៀន​ចម្លង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​ស្ថាន‌សួគ៌ លោក​នឹង​សូម​ក៏​ដោយ នោះ​ត្រូវ​តែ​ឃ្មាត‌ខ្មី​នឹង​ឲ្យ​ចុះ

22. ទោះ​ដល់​ទៅ​ប្រាក់​១០០​ហាប ស្រូវ​១០០​រង្វាល់ ស្រា​ទំពាំង‌បាយ‌ជូរ​២០០​ប៉ោត ប្រេង​២០០​ប៉ោត និង​អំបិល​ឥត​មាន​កំណត់​ក្តី

23. ត្រូវ​ឲ្យ​ធ្វើ​សំរេច​គ្រប់​ទាំង​អស់ ដែល​ព្រះ​នៃ​ស្ថាន‌សួគ៌​ទ្រង់​បង្គាប់​មក ដោយ​ត្រូវ​ចំពោះ សំរាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​ស្ថាន‌សួគ៌​ចុះ តើ​នឹង​ឲ្យ​មាន​សេចក្តី​ក្រោធ ចំពោះ​រាជ្យ​ស្តេច និង​ព្រះ‌រាជ​បុត្រា​ទ្រង់​ធ្វើ​អី

24. មួយ​ទៀត យើង​បញ្ជាក់​ដល់​អ្នក​រាល់​គ្នា​ថា ចំណែក​ពួក​សង្ឃ ពួក​លេវី ពួក​ចំរៀង ពួក​ឆ្មាំ​ទ្វារ ពួក​នេធីនិម និង​ពួក​អ្នក​បំរើ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​នេះ នោះ​មិន​ត្រូវ​ឲ្យ​ទារ​សួយ‌អាករ ពន្ធ​ខ្លួន ឬ​ពន្ធ‌គយ ពី​អ្នក​ទាំង​នោះ​ឡើយ

សូមអានជំពូកពេញលេញ អែសរ៉ា 7