គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 5:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​ហោរា​ហាកាយ និង​ហោរា​សាការី ជា​កូន​អ៊ីដោ​ក៏​ទាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដល់​ពួក​យូដា​ដែល​នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម

2. គ្រា​នោះ សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល និង​យេសួរ ជា​កូន​យ៉ូសា‌ដាក ក៏​នាំ​គ្នា​ចាប់​តាំង​ស្អាង​ព្រះ‌វិហារ​ដែល​នៅ​ក្រុង​យេរូ‌សាឡិម ក៏​មាន​ពួក​ហោរា​នៃ​ព្រះ​ជួយ​គ្នា​ដែរ

3. ហើយ​នៅ​វេលា​នោះ​ឯង ថាថ្នាយ ជា​ចៅ‌ហ្វាយ​ខេត្ត​ខាង​នាយ​ទន្លេ​នោះ ព្រម​ទាំង​សេថារ-បូស‌ណាយ និង​ពួក​គូ‌កន​លោក​ក៏​មក​សួរ​ថា តើ​អ្នក​ណា​បាន​ចេញ​បង្គាប់​ឲ្យ​ឯង​រាល់​គ្នា​ស្អាង​វិហារ​នេះ ហើយ​ធ្វើ​កំផែង​នេះ​ឡើង

4. លោក​ក៏​សួរ​ដូច្នេះ​ទៀត​ថា មនុស្ស​ដែល​ធ្វើ​ការ​នេះ តើ​មាន​ឈ្មោះ​អ្វី​ខ្លះ

5. ប៉ុន្តែ ព្រះ‌នេត្រ​នៃ​ព្រះ​បាន​ទត​មក​លើ​ពួក​ចាស់‌ទុំ​សាសន៍​យូដា ហើយ​លោក​ចៅ‌ហ្វាយ​មិន​បាន​បញ្ឈប់​ការ​ដែល​កំពុង​តែ​ធ្វើ​នោះ​ទេ ចាំ​ទំរាំ​បញ្ជូន​រឿង​នោះ ទៅ​ដល់​ដារី‌យុស ហើយ​មាន​ព្រះ‌រាជ​សាសន៍​តប​មក​កាត់​សេចក្តី។

6. នេះ​ជា​សំណៅ​នៃ​សំបុត្រ ដែល​ថាថ្នាយ ជា​ចៅ‌ហ្វាយ​ខេត្ត​ខាង​នាយ​ទន្លេ និង​សេថារ-បូស‌ណាយ ព្រម​ទាំង​ពួក​អ័ផាសាក ជា​គូ‌កន​លោក នៅ​ខាង​នាយ​ទន្លេ បាន​ផ្ញើ​ទៅ​ស្តេច​ដារី‌យុស

7. ក្នុង​សំបុត្រ​ដែល​ផ្ញើ​ទៅ​ស្តេច​នោះ​មាន​សេចក្តី​ដូច្នេះ​ថា សូម​ក្រាប​ថ្វាយ‌បង្គំ​ចូល​មក​ដល់​ព្រះ‌ករុណា​ដារី‌យុស សូម​ឲ្យ​ទ្រង់​បាន​ប្រកប ដោយ​សេចក្តី​សុខ​ចំរើន

8. សូម​ទ្រង់​ព្រះ‌ករុណា​ជ្រាប​ថា យើង​ខ្ញុំ​បាន​ទៅ​ក្នុង​ខេត្ត​យូដា គឺ​ទៅ​មើល​ព្រះ‌វិហារ​នៃ​ព្រះ​ដ៏​ធំ ដែល​គេ​កំពុង​តែ​ស្អាង ដោយ​ថ្ម​យ៉ាង​ធំៗ ឃើញ​ថា​គេ​ដាក់​ធ្នឹម​លើ​ជញ្ជាំង​រួច​ហើយ ការ​នោះ​ក៏​ធ្វើ​យ៉ាង​ឆាប់​រហ័ស ហើយ​ចំរើន​ឡើង ដោយ‌សារ​ដៃ​គេ​ដែរ

9. ដូច្នេះ យើង​ខ្ញុំ​បាន​សាក​សួរ​ពួក​ចាស់‌ទុំ​របស់​គេ​ថា តើ​អ្នក​ណា​បាន​ចេញ​បង្គាប់​ឲ្យ​ស្អាង​ព្រះ‌វិហារ​នេះ ហើយ​នឹង​ធ្វើ​កំផែង​នេះ​ឡើង

10. យើង​ខ្ញុំ​ក៏​បាន​សួរ​ឈ្មោះ​គេ ដើម្បី​នឹង​កត់​ឈ្មោះ​មនុស្ស​ទាំង​ប៉ុន្មាន ដែល​ជា​មេ​របស់​គេ ផ្ញើ​មក​ថ្វាយ​ទ្រង់​ឲ្យ​បាន​ជ្រាប

11. គេ​ឆ្លើយ​មក​យើង​ខ្ញុំ​ដូច្នេះ​ថា យើង​ខ្ញុំ​ជា​ពួក​អ្នក​បំរើ​របស់​ព្រះ​នៃ​ស្ថាន‌សួគ៌ និង​ផែនដី ហើយ​យើង​ខ្ញុំ​កំពុង​តែ​ស្អាង​ព្រះ‌វិហារ​នេះ​ឡើង​វិញ ជា​វិហារ​ដែល​ស្តេច​ធំ នៃ​សាសន៍​អ៊ីស្រា‌អែល​១​អង្គ បាន​ស្អាង​រួច​ជា​ស្រេច ជា​យូរ​មក​ម្តង​ហើយ

12. តែ​នៅ​គ្រា​ដែល​ពួក​អយ្យកោ​យើង​ខ្ញុំ​បាន​បណ្តាល​ឲ្យ​ព្រះ​នៃ​ស្ថាន‌សួគ៌​មាន​សេចក្តី​ក្រោធ នោះ​ទ្រង់​បាន​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​នេប៊ូ‌ក្នេសា ស្តេច​បាប៊ី‌ឡូន ជា​សាសន៍​ខាល់ដេ​ទៅ ស្តេច​នោះ​បាន​បំផ្លាញ​ព្រះ‌វិហារ​នេះ​ទៅ ក៏​ដឹក‌នាំ​ពួក​បណ្តា‌ជន​ទៅ​ជា​ឈ្លើយ​ដល់​ក្រុង​បាប៊ី‌ឡូន

13. តែ​នៅ​ឆ្នាំ​ដំបូង ក្នុង​រាជ្យ​ស៊ីរូស ជា​ស្តេច​បាប៊ី‌ឡូន នោះ​ស្តេច​ទ្រង់​បាន​ចេញ​ព្រះ‌រាជ‌ឱង្ការ​១​ច្បាប់​ឲ្យ​ស្អាង​ព្រះ‌វិហារ​នេះ​ឡើង​វិញ

សូមអានជំពូកពេញលេញ អែសរ៉ា 5