គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 4:11-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. នេះ​ជា​សំណៅ​ពី​សំបុត្រ​ដែល​បាន​ផ្ញើ​ទៅ​អើថា‌ស៊ើក‌សេស ជា​ស្តេច គឺ​ថា យើង​ខ្ញុំ ជា​ពួក​អ្នក​នៅ​ខាង​នាយ​ទន្លេ៘

12. យើង​ខ្ញុំ​សូម​ក្រាប​ថ្វាយ‌បង្គំ​ចូល​មក​ព្រះ‌ករុណា សូម​ទ្រង់​ជ្រាប​ថា ពួក​សាសន៍​យូដា ដែល​បាន​ចេញ​ពី​ទ្រង់​ឡើង​មក​ឯ​យើង​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡិម គេ​កំពុង​តែ​សង់​ទី​ក្រុង​បះ‌បោរ ហើយ​អាក្រក់​នេះ​ឡើង​វិញ គេ​បាន​ធ្វើ​កំផែង​ស្រេច​ហើយ ឥឡូវ​នេះ កំពុង​តែ​រៀប‌ចំ​ជើង​ជញ្ជាំង​ទៀត

13. ដូច្នេះ សូម​ព្រះ‌ករុណា​ទ្រង់​ជ្រាប​ថា បើ​ទី​ក្រុង​នេះ​បាន​សង់​ឡើង​ស្រេច​ហើយ កំផែង​ក៏​បាន​លើក​ឡើង​ផង នោះ​គេ​នឹង​លែង​បង់​សួយ‌អាករ ពន្ធ​ខ្លួន និង​ពន្ធ‌គយ​ទៅ ហើយ​ដល់​ទី​បំផុត និង​បង្កើត​ខូច​ខាត​ដល់​ពួក​ស្តេច​ផង

14. ឥឡូវ​នេះ ដោយ​ព្រោះ​យើង​ខ្ញុំ​ជ្រក‌កោន​ដោយ​ព្រះ‌គុណ​ទ្រង់ ហើយ​មិន​គប្បី​ឲ្យ​យើង​ខ្ញុំ​ព្រងើយ បណ្តោយ​ឲ្យ​គេ​បង្អាប់​ដល់​ព្រះ‌កិត្តិយស​របស់​ព្រះ‌ករុណា​ឡើយ បាន​ជា​យើង​ខ្ញុំ​ផ្ញើ​សំបុត្រ​នេះ​មក ទូល​ដល់​ព្រះ‌ករុណា​ថ្វាយ​ទ្រង់​ជ្រាប​ផង

15. ដើម្បី​ឲ្យ​មាន​គេ​ពិនិត្យ​រក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​នៃ​ពួក​វង្សា‌នុវង្ស​របស់​ទ្រង់ យ៉ាង​នោះ ទ្រង់​នឹង​ទត​ឃើញ​ក្នុង​សៀវភៅ​ទាំង​នោះ ហើយ​ជ្រាប​ថា ទី​ក្រុង​នោះ​ជា​ទី​ក្រុង​តែង​តែ​បះ‌បោរ ហើយ​ប្រទូស‌រ៉ាយ​ដល់​ពួក​ស្តេច និង​ដល់​អាណា​ខេត្ត​ផង ហើយ​ថា កាល​ពី​ចាស់​បូរាណ គេ​ចេះ​តែ​បង្កើត​ការ​ក្បត់ គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ទី​ក្រុង​នោះ ត្រូវ​បំផ្លាញ​ចេញ​ទៅ

16. យើង​ខ្ញុំ​សូម​ទូល​បញ្ជាក់​ដល់​ព្រះ‌ករុណា​ថ្វាយ​ទ្រង់​ជ្រាប​ថា បើ​គេ​សង់​ទី​ក្រុង​នោះ​ឡើង​វិញ ហើយ​បាន​លើក​កំផែង​ឡើង​ជា​ស្រេច នោះ​នឹង​ធ្វើ​ឲ្យ​ព្រះ‌ករុណា​លែង​មាន​ចំណែក​ណា នៅ​ខាង​នាយ​ទន្លេ​ទៀត​ហើយ។

17. ស្តេច​ទ្រង់​ក៏​ធ្វើ​ព្រះ‌រាជ​សាសន៍ តប​ទៅ​ចាង‌ហ្វាង​រេហ៊ូម និង​ស្មៀន​ស៊ីម‌សាយ ព្រម​ទាំង​ពួក​គូ‌កន​គេ​ដែល​នៅ​ស្រុក​សាម៉ារី និង​ស្រុក​ឯ​ទៀត នៅ​ខាង​នាយ​ទន្លេ​ថា សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្តី​សុខ​ចុះ៘

18. ឯ​សំបុត្រ​ដែល​អ្នក​រាល់​គ្នា​បាន​ផ្ញើ​ទៅ​យើង នោះ​បាន​អាន​មើល​ប្រែ​សេចក្តី​យ៉ាង​ច្បាស់ នៅ​មុខ​យើង​ហើយ

19. យើង​ក៏​បាន​បង្គាប់​ឲ្យ​គេ​ពិនិត្យ​រក នោះ​ឃើញ​ថា កាល​ពី​ចាស់​បូរាណ ទី​ក្រុង​នោះ​បាន​លើក​គ្នា​ឡើង ទាស់​នឹង​ពួក​ស្តេច​ក៏​បង្កើត​ការ​បះ‌បោរ​នឹង​ការ​កម្បត់​មែន

20. ហើយ​មាន​ស្តេច​ដែល​មាន​ឫទ្ធិ​យ៉ាង​សន្ធឹក បាន​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បាន​គ្រប់‌គ្រង​លើ​អស់​ទាំង​ស្រុក​នៅ​ខាង​នាយ​ទន្លេ មនុស្ស​ក៏​បាន​បង់​សួយ‌អាករ ពន្ធ​ខ្លួន និង​ពន្ធ‌គយ​ថ្វាយ​ស្តេច​ទាំង​នោះ​ដែរ

21. ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ចេញ​បញ្ញត្ត ឲ្យ​មនុស្ស​ទាំង​នោះ​ឈប់​ការ​នោះ​ទៅ កុំ​ឲ្យ​គេ​សង់​ទី​ក្រុង​នោះ​ឡើង​ឡើយ ដរាប​ដល់​មាន​បង្គាប់​ចេញ​ពី​យើង​មក​ទៀត

22. ហើយ​ត្រូវ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វេស​ប្រហែស​ចំពោះ​ការ​នោះ​ដែរ និង​ឲ្យ​មាន​ការ​ខូច​ខាត​កើត​ឡើង​ដល់​ពួក​ស្តេច​ធ្វើ​អី។

23. កាល​គេ​បាន​អាន​មើល​ព្រះ‌រាជ​សាសន៍​របស់​ស្តេច​អើថា‌ស៊ើក‌សេស នៅ​មុខ​រេហ៊ូម និង​ស្មៀន​ស៊ីម‌សាយ ព្រម​ទាំង​ពួក​គូ‌កន​គេ​ស្រេច​ហើយ ស្រាប់​តែ​គេ​ទៅ​ឯ​ពួក​សាសន៍​យូដា នៅ​ក្រុង​យេរូ‌សាឡិម​ជា​ប្រញាប់ ក៏​បង្ខំ​ឲ្យ​គេ​ឈប់ ដោយ​កំឡាំង និង​អំណាច។

24. ដូច្នេះ គេ​លែង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​ការ​នោះ​ក៏​ខាន​ធ្វើ​ដរាប​ដល់​ឆ្នាំ​ទី​២​ក្នុង​រាជ្យ​ដារី‌យុស ជា​ស្តេច​ពើស៊ី។

សូមអានជំពូកពេញលេញ អែសរ៉ា 4