1. នៅឆ្នាំទី១ ក្នុងរាជ្យស៊ីរូស ក៏បានកត់សេចក្តីនោះទុកថា
2. ស៊ីរូស ជាស្តេចពើស៊ី ទ្រង់មានព្រះបន្ទូល ដូច្នេះ ព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ទ្រង់បានប្រទានអស់ទាំងនគរនៅផែនដីមកយើងហើយ ក៏បានបង្គាប់ឲ្យយើងស្អាងព្រះវិហារថ្វាយទ្រង់ នៅក្រុងយេរូសាឡិម ក្នុងស្រុកយូដា
3. ដូច្នេះ នៅក្នុងបណ្តាជនទាំងឡាយ បើមានអ្នកណាជារបស់ផងទ្រង់ នោះសូមឲ្យព្រះនៃអ្នកនោះបានគង់ជាមួយ ហើយឲ្យអ្នកនោះឡើងទៅឯក្រុងយេរូសាឡិមដែលនៅស្រុកយូដា ដើម្បីនឹងស្អាងព្រះវិហារនៃព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលចុះ គឺជាព្រះដែលគង់នៅក្រុងយេរូសាឡិមនោះ
4. ឯអស់អ្នកដែលសល់នៅពីសាសន៍នេះ ទោះបើនៅកន្លែងណាក៏ដោយ នោះត្រូវឲ្យពួកមនុស្សនៅទីនោះជួយដល់គេ ជាប្រាក់ ជាមាស ជារបស់មានដំឡៃ ព្រមទាំងសត្វ ក្រៅពីដង្វាយស្ម័គ្រពីចិត្ត ដែលសំរាប់ព្រះវិហារនៃព្រះ ដែលនៅក្រុងយេរូសាឡិមផង។
5. ដូច្នេះ ពួកអ្នកដែលជាកំពូលលើវង្សានុវង្សរបស់ពួកយូដា និងពួកបេនយ៉ាមីន ហើយពួកសង្ឃ និងពួកលេវី គឺអស់អ្នកដែលព្រះបានបណ្តាលចិត្ត ឲ្យឡើងទៅស្អាងព្រះវិហារនៃព្រះយេហូវ៉ា នៅក្រុងយេរូសាឡិមនោះ គេក៏រៀបចំឡើង
6. ហើយអស់អ្នកដែលនៅជុំវិញគេទាំងប៉ុន្មាន ក៏ជួយផ្គត់ផ្គង់ដោយគ្រឿងប្រាក់ គ្រឿងមាស និងវត្ថុឯទៀត ព្រមទាំងសត្វ និងរបស់មានដំឡៃផ្សេងៗ ក្រៅពីដង្វាយទាំងប៉ុន្មាន ដែលបានថ្វាយស្ម័គ្រពីចិត្ត
7. ឯស្តេចស៊ីរូស ទ្រង់ក៏បញ្ចេញគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា ដែលនេប៊ូក្នេសាបាននាំយកពីក្រុងយេរូសាឡិម មកដាក់ទុកនៅកន្លែងសំរាប់ព្រះនៃទ្រង់ ក្នុងព្រះរាជដំណាក់
8. គឺស៊ីរូស ជាស្តេចពើស៊ី ទ្រង់បានបង្គាប់ឲ្យមីត្រាដាត ជាមេព្រះឃ្លាំង យកគ្រឿងទាំងនោះចេញមករាប់ប្រគល់ដល់សេសបាសារ ជាចៅហ្វាយនៃពួកយូដា