គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 7:9-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ភ្នែក​អញ​នឹង​មិន​ប្រណី​ឡើយ អញ​ក៏​មិន​អាណិត​មេត្តា​ដល់​ឯង​ដែរ អញ​នឹង​សង​ឯង​តាម​អំពើ​ដែល​ឯង​ប្រព្រឹត្ត ហើយ​របស់​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​ឯង នឹង​នៅ​កណ្តាល​ឯង​ដែរ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា គឺ​អញ​នេះ​ហើយ ជា​ព្រះ‌យេហូវ៉ា​ដែល​វាយ​ឯង​ពិត។

10. មើល‌ន៏ ថ្ងៃ​ដល់​ហើយ មើល កំពុង​តែ​មក​កំណត់​បាន​ចេញ​បំព្រាង​មក​ហើយ ឯ​ដំបង បាន​បែក​ផ្កា សេចក្ដី​អំនួត​បាន​ប៉ិច​ឡើង

11. សេចក្ដី​ច្រឡោត​បាន​ដុះ​ឡើង ជា​ដំបង​នៃ​សេចក្ដី​អាក្រក់ ឥត​មាន​ពួក​គេ​ណា ឬ​ពួក​ទ័ព​កក‌កុញ​របស់​គេ ឬ​ទ្រព្យ‌សម្បត្តិ​របស់​គេ​ណា​បាន​រួច​ឡើយ ក៏​នឹង​គ្មាន​អ្នក​ណា​សោក​ស្រណោះ​ដល់​គេ​ដែរ

12. ពេល​វេលា​បាន​មក​ដល់ ថ្ងៃ​កាន់​តែ​ជិត​ហើយ កុំ​បី​ឲ្យ​អ្នក​ដែល​ទទួល​បញ្ចាំ បាន​អរ​សប្បាយ ឬ​អ្នក​ដែល​លក់​បញ្ចាំ​ឲ្យ​គេ បាន​ស្តាយ​ឡើយ ដ្បិត​សេចក្ដី​ក្រោធ​បាន​មក​លើ​អស់​ទាំង​ពួក​កក‌កុញ​នេះ​ហើយ

13. ឯ​អ្នក​ដែល​បញ្ចាំ ទោះ​បើ​បាន​គង់​ជីវិត​នៅ​ក៏​ដោយ គង់​តែ​មិន​ត្រឡប់​ទៅ​ឯ​ធន‌ធាន ដែល​បាន​បញ្ចាំ​វិញ​នោះ​ទេ ដ្បិត​ការ​ជាក់‌ស្តែង​នេះ​ដំរូវ​លើ​ជន‌ជាតិ​ទាំង​អស់​គ្នា នឹង​គ្មាន​ណា​មួយ​វិល​មក​វិញ​ឡើយ ក៏​ឥត​មាន​អ្នក​ណា​អាច​ឲ្យ​ជីវិត​ខ្លួន​ស្ថិត‌ស្ថេរ​នៅ​ដោយ​អំពើ​ទុច្ចរិត​បាន​ដែរ។

14. គេ​បាន​ផ្លុំ​ត្រែ ហើយ​ទាំង​អស់​បាន​រៀប​ជា​ស្រេច តែ​គ្មាន​អ្នក​ណា​ចេញ​ទៅ​តស៊ូ​ឡើយ ដ្បិត​សេចក្ដី​ក្រោធ​របស់​អញ គ្រប​សង្កត់​លើ​ពួក​ទ័ព​កក‌កុញ​របស់​គេ​ទាំង​អស់

15. ឯ​ខាង​ក្រៅ មាន​ដាវ ហើយ​ខាង​ក្នុង មាន​អាសន្ន‌រោគ និង​អំណត់​អត់ អ្នក​ណា​ដែល​នៅ​ឯ​វាល នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ហើយ​អ្នក​ដែល​នៅ​ក្នុង​ទី​ក្រុង នោះ​អំណត់​អត់ និង​អាសន្ន‌រោគ​នឹង​លេប​គេ​ទៅ

16. តែ​ពួក​ណា​ដែល​រត់​រួច​បាន នោះ​នឹង​រួច​ជីវិត ហើយ​នឹង​នៅ​លើ​ភ្នំ​ដូច​ជា​ព្រាប​នៃ​ច្រក​ភ្នំ គ្រប់​គ្នា​កំពុង​តែ​យំ​ថ្ងូរ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​រៀង​ខ្លួន

17. មនុស្ស​ទាំង​អស់​នឹង​ខ្សោយ​ដៃ ហើយ​ជង្គង់​គ្រប់​គ្នា​នឹង​ទន់​ដូច​ជា​ទឹក

18. គេ​នឹង​ស្លៀក​សំពត់​ធ្មៃ ហើយ​នឹង​មាន​សេចក្ដី​ស្ញែង‌ខ្លាច​ហ៊ុមហ​គេ មុខ​គេ​ទាំង​អស់​នឹង​មាន​សេចក្ដី​ខ្មាស ហើយ​គេ​នឹង​កោរ​សក់​គ្រប់​គ្នា

19. គេ​នឹង​បោះ​ចោល​ប្រាក់​របស់​គេ​ទៅ​ក្នុង​ផ្លូវ ហើយ​មាស​គេ​នឹង​ទុក​ដូច​ជា​របស់​មិន​ស្អាត អស់​ទាំង​ប្រាក់ និង​មាស​របស់​គេ​នឹង​ជួយ​ឲ្យ​គេ​រួច នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​មិន​បាន គេ​នឹង​មិន​ស្កប់​ចិត្ត​ឡើយ ក៏​មិន​បាន​ឆ្អែត​ពោះ​ដោយ​របស់​នោះ​ដែរ ពី​ព្រោះ​គឺ​របស់​នោះ​ឯង ដែល​នាំ​ឲ្យ​គេ​ចំពប់​ដួល​ទៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន

20. ឯ​គ្រឿង​ដ៏​លំអ​របស់​គេ នោះ​ទ្រង់​បាន​តាំង​ឡើង​ឲ្យ​មាន​សេចក្ដី​រុងរឿង តែ​គេ​បាន​ធ្វើ​រូប​នៃ​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម និង​របស់​គួរ​ឆ្អើម​របស់​គេ នៅ​ក្នុង​ទី​នោះ​វិញ បាន​ជា​អញ​ធ្វើ​ឲ្យ​ត្រឡប់​ដូច​ជា​របស់​ស្មោក‌គ្រោក​ដល់​គេ

21. អញ​នឹង​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​ដទៃ​ទុក​ជា​រំពា និង​ដល់​ពួក​អាក្រក់​នៅ​ផែនដី​ទុក​ជា​របឹប ហើយ​ពួក​នោះ​នឹង​ធ្វើ​បង្អាប់​ទៅ

សូមអានជំពូកពេញលេញ អេសេគាល 7