គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 7:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា

2. ឱ​កូន​មនុស្ស​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ស្រុក​អ៊ីស្រា‌អែល​ដូច្នេះ​ថា ដល់​កំណត់​ហើយ គឺ​ដល់​ចុង​បំផុត​នៃ​ស្រុក​ទាំង​៤​ទិស​ហើយ

3. ពេល​នេះ​ជា​ចុង​បំផុត​របស់​ឯង​ពិត អញ​នឹង​ចាត់​សេចក្ដី​កំហឹង​របស់​អញ​ទៅ​លើ​ឯង ហើយ​នឹង​ជំនុំ‌ជំរះ​ឯង​តាម​គ្រប់​ទាំង​អំពើ​របស់​ឯង ព្រម​ទាំង​ទំលាក់​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ឯង មក​លើ​ឯង​ផង

4. ភ្នែក​អញ​នឹង​មិន​ប្រណី ឬ​អាណិត​មេត្តា ដល់​ឯង​ឡើយ គឺ​អញ​នឹង​ទំលាក់​អស់​ទាំង​អំពើ​របស់​ឯង​មក​លើ​ឯង នោះ​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម​របស់​ឯង នឹង​នៅ​កណ្តាល​ឯង​ហើយ ដូច្នេះ ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

5. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មាន​ការ​អាក្រក់ គឺ​ការ​អាក្រក់​តែ​១ មើល ការ​នោះ​កំពុង​តែ​មក​ហើយ

6. ដល់​ចុង​បំផុត​ហើយ ចុង​បំផុត​បាន​មក​ដល់ គឺ​បាន​ភ្ញាក់​ឡើង​មក​ទាស់​នឹង​ឯង មើល‌ន៏ កំពុង​តែ​មក​ហើយ

7. ឱ​អ្នក​ស្រុក​អើយ កំណត់​ឯង​បាន​មក​ដល់​ហើយ ពេល​ក៏​បាន​មក ថ្ងៃ​នោះ​ជិត​ដល់ គឺ​ជា​ថ្ងៃ​ដែល​ឮ​សូរ​អឺង‌កង​មិន​មែន​ជា​សូរ​សំរែក​ដោយ​អំណរ​នៅ​លើ​ភ្នំ​ទេ

8. ឥឡូវ​នេះ អញ​ហៀប​នឹង​ចាក់​សេចក្ដី​ក្រោធ​របស់​អញ​ទៅ​លើ​ឯង ហើយ​នឹង​សំរេច​សេចក្ដី​កំហឹង​របស់​អញ​ដល់​ឯង អញ​នឹង​ជំនុំ‌ជំរះ​ឯង​តាម​អំពើ​ដែល​ឯង​ប្រព្រឹត្ត ហើយ​នឹង​ទំលាក់​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ឯង​ទៅ​លើ​ឯង​ផង

9. ភ្នែក​អញ​នឹង​មិន​ប្រណី​ឡើយ អញ​ក៏​មិន​អាណិត​មេត្តា​ដល់​ឯង​ដែរ អញ​នឹង​សង​ឯង​តាម​អំពើ​ដែល​ឯង​ប្រព្រឹត្ត ហើយ​របស់​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​ឯង នឹង​នៅ​កណ្តាល​ឯង​ដែរ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា គឺ​អញ​នេះ​ហើយ ជា​ព្រះ‌យេហូវ៉ា​ដែល​វាយ​ឯង​ពិត។

10. មើល‌ន៏ ថ្ងៃ​ដល់​ហើយ មើល កំពុង​តែ​មក​កំណត់​បាន​ចេញ​បំព្រាង​មក​ហើយ ឯ​ដំបង បាន​បែក​ផ្កា សេចក្ដី​អំនួត​បាន​ប៉ិច​ឡើង

11. សេចក្ដី​ច្រឡោត​បាន​ដុះ​ឡើង ជា​ដំបង​នៃ​សេចក្ដី​អាក្រក់ ឥត​មាន​ពួក​គេ​ណា ឬ​ពួក​ទ័ព​កក‌កុញ​របស់​គេ ឬ​ទ្រព្យ‌សម្បត្តិ​របស់​គេ​ណា​បាន​រួច​ឡើយ ក៏​នឹង​គ្មាន​អ្នក​ណា​សោក​ស្រណោះ​ដល់​គេ​ដែរ

សូមអានជំពូកពេញលេញ អេសេគាល 7