គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 46:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ទ្វារ​កំផែង​នៃ​ទីលាន​ខាង​ក្នុង ដែល​បើក​ទៅ​ទិស​ខាង​កើត នោះ​ត្រូវ​បិទ​នៅ​ក្នុង​រវាង​៦​ថ្ងៃ​ដែល​ធ្វើ​ការ តែ​ដល់​ថ្ងៃ​ឈប់​សំរាក នោះ​ត្រូវ​បើក​វិញ ព្រម​ទាំង​នៅ​ថ្ងៃ​ចូល​ខែ​ដែរ

2. ឯ​ចៅ‌ហ្វាយ លោក​នឹង​ចូល​តាម​ផ្លូវ​បាំង‌សាច​នៃ​ទ្វារ​កំផែង​ខាង​ក្រៅ ហើយ​នឹង​ឈរ​នៅ​ជិត​បង្គោល​ទ្វារ ពួក​សង្ឃ​នឹង​រៀប​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី​របស់​លោក ហើយ​លោក​នឹង​ថ្វាយ‌បង្គំ​នៅ​ត្រង់​ទ្វារ​នោះ រួច​លោក​នឹង​ចេញ​ទៅ​វិញ តែ​ទ្វារ​នោះ​មិន​ត្រូវ​បិទ​ដរាប​ដល់​ល្ងាច

3. ឯ​បណ្តា‌ជន​នៅ​ក្នុង​ស្រុក គេ​នឹង​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា នៅ​មាត់​ទ្វារ​នោះ​រាល់​ថ្ងៃ​ឈប់​សំរាក និង​ថ្ងៃ​ចូល​ខែ​ដែរ

4. ឯ​ដង្វាយ​ដុត​ដែល​ចៅ‌ហ្វាយ​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​ថ្ងៃ​ឈប់​សំរាក នោះ​គឺ​កូន​ចៀម​៦​ឥត​ខ្ចោះ និង​ចៀម​ឈ្មោល​១​ឥត​ខ្ចោះ

5. ហើយ​ដង្វាយ​ម្សៅ​ត្រូវ​ជា​១​ថាំង​សំរាប់​ចៀម​ឈ្មោល​នោះ ហើយ​ដង្វាយ​ម្សៅ​ដែល​សំរាប់​កូន​ចៀម​ទាំង​នោះ ត្រូវ​តាម​ដែល​លោក​អាច​នឹង​ថ្វាយ​បាន ព្រម​ទាំង​ប្រេង​៨​កំប៉ុង​សំរាប់​ម្សៅ​១​ថាំង​ផង។

6. លុះ​ដល់​ថ្ងៃ​ចូល​ខែ ត្រូវ​ថ្វាយ​គោ​ឈ្មោល​ស្ទាវ​១​ឥត​ខ្ចោះ កូន​ចៀម​៦ និង​ចៀម​ឈ្មោល​១ សុទ្ធ​តែ​ឥត​ខ្ចោះ​ទាំង​អស់

7. លោក​ក៏​ត្រូវ​រៀប​ដង្វាយ​ម្សៅ​១​ថាំង​សំរាប់​គោ​ឈ្មោល និង​១​ថាំង​សំរាប់​ចៀម​ឈ្មោល​នោះ តែ​ឯ​កូន​ចៀម​វិញ នោះ​ត្រូវ​តាម​ដែល​លោក​អាច​នឹង​ថ្វាយ​បាន ព្រម​ទាំង​ប្រេង​៨​កំប៉ុង​សំរាប់​ម្សៅ​១​ថាំង​ផង

8. កាល​ណា​ចៅ‌ហ្វាយ​ចូល នោះ​លោក​ត្រូវ​ចូល​តាម​ផ្លូវ​បាំង‌សាច​នៃ​ទ្វារ​កំផែង ហើយ​ក៏​ត្រូវ​ចេញ​ទៅ​វិញ តាម​ផ្លូវ​ដដែល​ដែរ។

9. ប៉ុន្តែ កាល​ណា​ពួក​ជន​ក្នុង​ស្រុក​ចូល​មក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នៅ​វេលា​ថ្ងៃ​បុណ្យ​មាន​កំណត់ នោះ​អ្នក​ណា​ដែល​ចូល​តាម​ផ្លូវ​ទ្វារ​ទិស​ខាង​ជើង ដើម្បី​នឹង​ថ្វាយ‌បង្គំ​ត្រូវ​តែ​ចេញ​ទៅ​តាម​ផ្លូវ​នៃ​ទ្វារ​ខាង​ត្បូង​វិញ ហើយ​អ្នក​ណា​ដែល​ចូល​តាម​ទ្វារ​ទិស​ខាង​ត្បូង នោះ​ត្រូវ​តែ​ចេញ​តាម​ផ្លូវ​ទ្វារ​ខាង​ជើង​ទៅ គេ​មិន​ត្រូវ​វិល​ទៅ​វិញ តាម​ផ្លូវ​នៃ​ទ្វារ​ដែល​គេ​បាន​ចូល​នោះ​ឡើយ គឺ​ត្រូវ​ចេញ​ទៅ​តាម​ផ្លូវ​ត្រង់​ខាង​មុខ​ជា​រហូត​ទៅ

10. ហើយ​កាល​ណា​គេ​ចូល​ទៅ នោះ​ចៅ‌ហ្វាយ​នឹង​ចូល​ទៅ​នៅ​កណ្តាល​ពួក​គេ រួច​កាល​ណា​គេ​ចេញ​ទៅ នោះ​នឹង​ចេញ​ទៅ​ជា​មួយ​គ្នា​ដែរ។

11. រីឯ​នៅ​ថ្ងៃ​បុណ្យ និង​បុណ្យ​មាន​កំណត់ នោះ​ត្រូវ​ថ្វាយ​ដង្វាយ​ម្សៅ​ជា​១​ថាំង​សំរាប់​គោ​ឈ្មោល​១ និង​១​ថាំង​សំរាប់​ចៀម​ឈ្មោល​១ ហើយ​ត្រង់​កូន​ចៀម​ទាំង​ប៉ុន្មាន នោះ​ត្រូវ​តាម​តែ​លោក​អាច​នឹង​ថ្វាយ​បាន ហើយ​ប្រេង​ត្រូវ​ជា​៨​កំប៉ុង​សំរាប់​ម្សៅ​១​ថាំង

12. កាល​ណា​ចៅ‌ហ្វាយ​នឹង​ថ្វាយ​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត ជា​ដង្វាយ​ដុត ឬ​ដង្វាយ​មេត្រី ទុក​ជា​ដង្វាយ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ស្ម័គ្រ​ពី​ចិត្ត នោះ​ត្រូវ​ឲ្យ​គេ​បើក​ទ្វារ​ខាង​កើត​នោះ​ជូន​លោក រួច​លោក​នឹង​រៀប​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី​របស់​លោក ដូច​ជា​ធ្លាប់​ធ្វើ​នៅ​ថ្ងៃ​ឈប់​សំរាក​ដែរ ស្រេច​ហើយ លោក​នឹង​ចេញ​ទៅ លុះ​លោក​បាន​ចេញ​ទៅ​ហើយ នោះ​គេ​នឹង​បិទ​ទ្វារ​វិញ។

សូមអានជំពូកពេញលេញ អេសេគាល 46