គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 44:4-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​តាម​ផ្លូវ​នៃ​ទ្វារ​ខាង​ជើង ពី​មុខ​ព្រះ‌វិហារ នោះ​ខ្ញុំ​ក្រឡេក​មើល​ទៅ​ឃើញ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា នៅ​ពេញ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា រួច​ខ្ញុំ​ដួល​ផ្កាប់​មុខ​ចុះ

5. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​ផ្ចង់​ចិត្ត​ចុះ ត្រូវ​ឲ្យ​មើល​ដោយ​ភ្នែក ហើយ​ស្តាប់​ដោយ​ត្រចៀក តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​និយាយ ពី​ដំណើរ​បៀប​ទាំង​ប៉ុន្មាន ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ពី​អស់​ទាំង​ច្បាប់​ផង ហើយ​ផ្ចង់​ចិត្ត​ចំពោះ​ផ្លូវ​ចូល​ព្រះ‌វិហារ និង​អស់​ទាំង​ផ្លូវ​ចេញ​ពី​ទី​បរិសុទ្ធ​ផង

6. រួច​ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​ពួក​រឹង‌ចចេស គឺ​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឲ្យ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ត្រូវ​ឲ្យ​ការ​គួរ​ស្អប់​ខ្ពើម​របស់​ឯង​បាន​ល្មម​ដល់​ឯង​ប៉ុណ្ណឹង​ចុះ

7. គឺ​ជា​ការ​ដែល​ឯង​រាល់​គ្នា​បាន​នាំ​ពួក​សាសន៍​ដទៃ ជា​មនុស្ស​ដែល​មិន​ទទួល​កាត់​ស្បែក​ខាង​ចិត្ត ហើយ​ខាង​រូប​សាច់​ផង ឲ្យ​ចូល​មក​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​អញ ដើម្បី​នឹង​បង្អាប់​ទី​លំនៅ​របស់​អញ ក្នុង​កាល​ដែល​ឯង​រាល់​គ្នា​បាន​ថ្វាយ​នំបុ័ង​របស់​អញ ព្រម​ទាំង​ខ្លាញ់ និង​ឈាម​ផង ហើយ​បាន​ផ្តាច់​សេចក្ដី​សញ្ញា​របស់​អញ ដោយ​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ឯង​ប្រព្រឹត្ត​នោះ

8. ហើយ​ឯង​រាល់​គ្នា​មិន​បាន​រក្សា​បញ្ញើ​នៃ​របស់​បរិសុទ្ធ​ដែល​អញ​ផ្ញើ​ទុក​នឹង​ឯង គឺ​បាន​តាំង​គេ​ឲ្យ​រក្សា​បញ្ញើ​របស់​អញ នៅ​ទី​បរិសុទ្ធ​តាម​អំពើ​ចិត្ត​ឯង​វិញ។

9. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មិន​ត្រូវ​ឲ្យ​មាន​សាសន៍​ដទៃ​ណា​មួយ ក្នុង​ពួក​សាសន៍​ដទៃ​ដែល​នៅ​កណ្តាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​អ្នក​ដែល​មិន​ទទួល​កាត់​ស្បែក​ខាង​ចិត្ត និង​ខាង​រូប​សាច់​ផង បាន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​របស់​អញ​ឡើយ។

10. ឯ​ពួក​លេវី​ដែល​បាន​ឃ្លាត​ឆ្ងាយ​ពី​អញ ក្នុង​កាល​ដែល​ពួក​អ៊ីស្រា‌អែល​វង្វេង​ចេញ គឺ​ដែល​គេ​បាន​លះ​ចោល​អញ ទៅ​តាម​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​គេ គេ​នឹង​ត្រូវ​រង​ទ្រាំ​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន

11. ប៉ុន្តែ​គេ​នឹង​បាន​ជា​អ្នក​ធ្វើ​ការ‌ងារ នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​អញ ព្រម​ទាំង​មាន​អំណាច​ត្រួត‌ត្រា​នៅ​អស់​ទាំង​ទ្វារ​នៃ​ព្រះ‌វិហារ ហើយ​ទាំង​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​ផង គេ​ត្រូវ​សំឡាប់​ដង្វាយ​ដុត និង​យញ្ញ‌បូជា​សំរាប់​បណ្តា‌ជន ហើយ​ត្រូវ​ឲ្យ​គេ​ឈរ​នៅ​មុខ​បណ្តា‌ជន ដើម្បី​ធ្វើ​ការ‌ងារ​ជំនួស

12. ហេតុ​ដោយ​ព្រោះ​គេ​បាន​ធ្វើ​ការ‌ងារ​ឲ្យ នៅ​ចំពោះ​រូប​ព្រះ​របស់​គេ ហើយ​បាន​ត្រឡប់​ជា​សេចក្ដី​ទុច្ចរិត ដែល​នាំ​ឲ្យ​ពួក​វង្ស​អ៊ីស្រា‌អែល​ចំពប់​ដួល បាន​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​លើក​ដៃ ទាស់​នឹង​គេ ហើយ​គេ​នឹង​ត្រូវ​រង​ទ្រាំ​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន

13. គេ​មិន​ត្រូវ​ចូល​មក​ជិត​អញ ដើម្បី​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ ឬ​ចូល​ទៅ​ជិត​របស់​បរិសុទ្ធ​ណា​មួយ ក្នុង​អស់​ទាំង​វត្ថុ​បរិសុទ្ធ​បំផុត​របស់​អញ​ឡើយ គឺ​គេ​ត្រូវ​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន និង​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​គេ​បាន​ប្រព្រឹត្ត​នោះ

14. ប៉ុន្តែ​អញ​នឹង​តាំង​គេ​ជា​អ្នក​រក្សា​បញ្ញើ​នៃ​ព្រះ‌វិហារ សំរាប់​គ្រប់​ការ‌ងារ​ទាំង​នោះ និង​គ្រប់​អស់​ទាំង​ការ​ដែល​ត្រូវ​ធ្វើ​ក្នុង​ទី​នោះ​ដែរ។

15. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯ​ពួក​លេវី​ដែល​ជា​សង្ឃ ជា​កូន​សាដុក ដែល​បាន​រក្សា​បញ្ញើ​ទី​បរិសុទ្ធ​របស់​អញ នៅ​វេលា​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​វង្វេង​ចាក​ចេញ​ពី​អញ ពួក​នោះ​នឹង​ចូល​មក​ជិត​អញ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ដល់​អញ​វិញ ព្រម​ទាំង​ឈរ​នៅ​មុខ​អញ ដើម្បី​ថ្វាយ​ខ្លាញ់ និង​ឈាម​ផង

សូមអានជំពូកពេញលេញ អេសេគាល 44