គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 44:2-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ទ្វារ​នេះ​ត្រូវ​នៅ​ជា​បិទ ឥត​បើក​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មនុស្ស​ណា​ចូល​តាម​ទ្វារ​នេះ​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​បាន​យាង​ចូល​តាម​ទ្វារ​នេះ​ហើយ ហេតុ​នោះ​នឹង​ត្រូវ​បិទ​នៅ

3. ឯ​ព្រះ‌អម្ចាស់​ដ៏​ឧត្តម ទ្រង់​នឹង​គង់​នៅ​ទី​នោះ​ទុក​ជា​ព្រះ‌អម្ចាស់ ដើម្បី​នឹង​សោយ​ព្រះ‌ស្ងោយ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​យាង​ចូល​តាម​ផ្លូវ​បាំង‌សាច​នៃ​ទ្វារ​កំផែង ហើយ​នឹង​យាង​ចេញ​ទៅ​វិញ​តាម​ផ្លូវ​ដដែល។

4. បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​តាម​ផ្លូវ​នៃ​ទ្វារ​ខាង​ជើង ពី​មុខ​ព្រះ‌វិហារ នោះ​ខ្ញុំ​ក្រឡេក​មើល​ទៅ​ឃើញ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា នៅ​ពេញ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា រួច​ខ្ញុំ​ដួល​ផ្កាប់​មុខ​ចុះ

5. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​ផ្ចង់​ចិត្ត​ចុះ ត្រូវ​ឲ្យ​មើល​ដោយ​ភ្នែក ហើយ​ស្តាប់​ដោយ​ត្រចៀក តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​និយាយ ពី​ដំណើរ​បៀប​ទាំង​ប៉ុន្មាន ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ពី​អស់​ទាំង​ច្បាប់​ផង ហើយ​ផ្ចង់​ចិត្ត​ចំពោះ​ផ្លូវ​ចូល​ព្រះ‌វិហារ និង​អស់​ទាំង​ផ្លូវ​ចេញ​ពី​ទី​បរិសុទ្ធ​ផង

6. រួច​ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​ពួក​រឹង‌ចចេស គឺ​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឲ្យ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ត្រូវ​ឲ្យ​ការ​គួរ​ស្អប់​ខ្ពើម​របស់​ឯង​បាន​ល្មម​ដល់​ឯង​ប៉ុណ្ណឹង​ចុះ

7. គឺ​ជា​ការ​ដែល​ឯង​រាល់​គ្នា​បាន​នាំ​ពួក​សាសន៍​ដទៃ ជា​មនុស្ស​ដែល​មិន​ទទួល​កាត់​ស្បែក​ខាង​ចិត្ត ហើយ​ខាង​រូប​សាច់​ផង ឲ្យ​ចូល​មក​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​អញ ដើម្បី​នឹង​បង្អាប់​ទី​លំនៅ​របស់​អញ ក្នុង​កាល​ដែល​ឯង​រាល់​គ្នា​បាន​ថ្វាយ​នំបុ័ង​របស់​អញ ព្រម​ទាំង​ខ្លាញ់ និង​ឈាម​ផង ហើយ​បាន​ផ្តាច់​សេចក្ដី​សញ្ញា​របស់​អញ ដោយ​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ឯង​ប្រព្រឹត្ត​នោះ

8. ហើយ​ឯង​រាល់​គ្នា​មិន​បាន​រក្សា​បញ្ញើ​នៃ​របស់​បរិសុទ្ធ​ដែល​អញ​ផ្ញើ​ទុក​នឹង​ឯង គឺ​បាន​តាំង​គេ​ឲ្យ​រក្សា​បញ្ញើ​របស់​អញ នៅ​ទី​បរិសុទ្ធ​តាម​អំពើ​ចិត្ត​ឯង​វិញ។

9. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មិន​ត្រូវ​ឲ្យ​មាន​សាសន៍​ដទៃ​ណា​មួយ ក្នុង​ពួក​សាសន៍​ដទៃ​ដែល​នៅ​កណ្តាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​អ្នក​ដែល​មិន​ទទួល​កាត់​ស្បែក​ខាង​ចិត្ត និង​ខាង​រូប​សាច់​ផង បាន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​របស់​អញ​ឡើយ។

សូមអានជំពូកពេញលេញ អេសេគាល 44