គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 44:18-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. គេ​ត្រូវ​ជួត​ឈ្នួត​ធ្វើ​ពី​សំពត់​ទេស​ឯក នៅ​លើ​ក្បាល ហើយ​ស្លៀក‌ពាក់​ខោ​ស្នាប់​ភ្លៅ​ទេស​ឯក​ដែរ គេ​មិន​ត្រូវ​ក្រវាត់​ខ្លួន ដោយ​អ្វី​ដែល​នាំ​ឲ្យ​បែក​ញើស​ទេ

19. រួច​កាល​ណា​គេ​ចេញ​ទៅ​ឯ​ទីលាន​ខាង​ក្រៅ គឺ​ទៅ​ឯ​បណ្តា‌ជន​ដែល​នៅ​ទីលាន​ខាង​ក្រៅ នោះ​គេ​ត្រូវ​ដោះ​សំលៀក‌បំពាក់ ដែល​គេ​ស្លៀក‌ពាក់​សំរាប់​ធ្វើ​ការ‌ងារ​ចេញ ដាក់​ទុក​ក្នុង​បន្ទប់​បរិសុទ្ធ​ទាំង​ប៉ុន្មាន ហើយ​ត្រូវ​ស្លៀក‌ពាក់​ផ្សេង​វិញ ដើម្បី​មិន​ឲ្យ​គេ​ញែក​បណ្តា‌ជន​ចេញ​ជា​បរិសុទ្ធ ដោយ‌សារ​សំលៀក‌បំពាក់​របស់​គេ

20. គេ​ក៏​មិន​ត្រូវ​កោរ​សក់ ឬ​ទុក​ឲ្យ​សក់​ដុះ​វែង​ដែរ គេ​នឹង​គ្រាន់​តែ​កាត់​ដំរឹម​ប៉ុណ្ណោះ

21. មិន​ត្រូវ​ឲ្យ​សង្ឃ​ណា​មួយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ទីលាន​ខាង​ក្នុង​ឡើយ

22. ក៏​មិន​ត្រូវ​យក​ស្រី​មេម៉ាយ ឬ​ស្រី​ប្ដី​លែង ធ្វើ​ជា​ប្រពន្ធ​ខ្លួន​ដែរ គឺ​ត្រូវ​យក​តែ​ស្រី​ក្រមុំ​ក្នុង​ពូជ​វង្ស​អ៊ីស្រា‌អែល ឬ​ស្រី​មេម៉ាយ​ណា​ដែល​ជា​ប្រពន្ធ​របស់​សង្ឃ​ពី​កាល​ដើម​ប៉ុណ្ណោះ

23. គេ​ត្រូវ​បង្រៀន​រាស្ត្រ​អញ​ឲ្យ​ចេះ​សំគាល់​របស់​បរិសុទ្ធ និង​របស់​ធម្មតា ហើយ​ឲ្យ​គេ​មើល​ដឹង​របស់​ស្អាត និង​របស់​ដែល​មិន​ស្អាត

24. ឯ​ក្នុង​រឿង​ទាស់‌ទែង​គ្នា នោះ​ត្រូវ​ឲ្យ​គេ​ឈរ​ជំនុំ‌ជំរះ​សេចក្ដី ត្រូវ​ឲ្យ​គេ​ជំនុំ‌ជំរះ​ការណ៍​នោះ តាម​សេចក្ដី​យុត្តិ‌ធម៌​របស់​អញ ព្រម​ទាំង​រក្សា​អស់​ទាំង​ក្រឹត្យ‌ក្រម និង​បញ្ញត្ត​ច្បាប់​របស់​អញ នៅ​អស់​ទាំង​បុណ្យ​មាន​កំណត់​របស់​អញ​ផង ហើយ​ត្រូវ​ឲ្យ​គេ​រក្សា​ថ្ងៃ​ឈប់​សំរាក​របស់​អញ ទុក​ជា​បរិសុទ្ធ​ដែរ

25. មិន​ត្រូវ​ឲ្យ​គេ​ចូល​ទៅ​ជិត​ខ្មោច​ស្លាប់​ណា ឲ្យ​ខ្លួន​ត្រូវ​សៅ‌ហ្មង​ឡើយ វៀរ​តែ​ខ្មោច​ឪពុក ឬ​ម្តាយ កូន​ប្រុស ឬ​កូន​ស្រី បង​ប្អូន​ប្រុស ឬ​បង​ប្អូន​ស្រី ដែល​មិន​ទាន់​មាន​ប្ដី​នៅ​ឡើយ នោះ​គេ​នឹង​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​ព្រោះ​ខ្មោច​អ្នក​ទាំង​នោះ​បាន

26. រួច​កាល​ណា​បាន​សំអាត​ខ្លួន​វិញ​ហើយ នោះ​ត្រូវ​រាប់​៧​ថ្ងៃ​ដល់​សង្ឃ​នោះ

27. លុះ​ដល់​ថ្ងៃ​ដែល​ចូល​ទៅ​ក្នុង​ទីលាន​ខាង​ក្នុង​នៃ​ទី​បរិសុទ្ធ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ នោះ​ត្រូវ​ថ្វាយ​ដង្វាយ​លោះ​បាប​របស់​ខ្លួន នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

28. ត្រូវ​ឲ្យ​គេ​មាន​មរដក​ដែរ គឺ​អញ​ជា​មរដក​របស់​គេ ឯង​រាល់​គ្នា​មិន​ត្រូវ​ឲ្យ​គេ​មាន​កេរ‌អាករ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ឡើយ ដ្បិត​អញ​ជា​កេរ‌អាករ​របស់​គេ​ហើយ

29. គេ​នឹង​ស៊ី​ដង្វាយ​ម្សៅ ដង្វាយ​លោះ​បាប និង​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ហើយ​គ្រប់​របស់​ទាំង​អស់ ដែល​បាន​ថ្វាយ​ដាច់​ដល់​ព្រះ នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល នោះ​នឹង​បាន​ជា​របស់​ផង​គេ​ទាំង​អស់

30. ឯ​ចំណែក​ដំបូង​ពី​ផល​ដំបូង​គ្រប់​យ៉ាង និង​អស់​ទាំង​ដង្វាយ ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង​គ្រប់​មុខ ពី​អស់​ទាំង​ដង្វាយ​លើក​ចុះ​ឡើង​របស់​ឯង​រាល់​គ្នា នោះ​សុទ្ធ​តែ​ជា​របស់​ផង​ពួក​សង្ឃ​ឯង​រាល់​គ្នា ក៏​ត្រូវ​ឲ្យ​ម្សៅ​ដំបូង​របស់​ឯង ដល់​ពួក​សង្ឃ​ដែរ ដើម្បី​ឲ្យ​បាន​ព្រះ‌ពរ​ស្ថិត​លើ​ផ្ទះ​ឯង

31. ពួក​សង្ឃ​មិន​ត្រូវ​ស៊ី​អ្វី​ដែល​ស្លាប់​ដោយ​ខ្លួន​ឯង ឬ​ដែល​សត្វ​ណា​បាន​ហែក‌ហួរ ទោះ​បើ​ជា​សត្វ​ហើរ ឬ​សត្វ​ជើង​៤​ក្តី។

សូមអានជំពូកពេញលេញ អេសេគាល 44