គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 44:13-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. គេ​មិន​ត្រូវ​ចូល​មក​ជិត​អញ ដើម្បី​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ ឬ​ចូល​ទៅ​ជិត​របស់​បរិសុទ្ធ​ណា​មួយ ក្នុង​អស់​ទាំង​វត្ថុ​បរិសុទ្ធ​បំផុត​របស់​អញ​ឡើយ គឺ​គេ​ត្រូវ​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន និង​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​គេ​បាន​ប្រព្រឹត្ត​នោះ

14. ប៉ុន្តែ​អញ​នឹង​តាំង​គេ​ជា​អ្នក​រក្សា​បញ្ញើ​នៃ​ព្រះ‌វិហារ សំរាប់​គ្រប់​ការ‌ងារ​ទាំង​នោះ និង​គ្រប់​អស់​ទាំង​ការ​ដែល​ត្រូវ​ធ្វើ​ក្នុង​ទី​នោះ​ដែរ។

15. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯ​ពួក​លេវី​ដែល​ជា​សង្ឃ ជា​កូន​សាដុក ដែល​បាន​រក្សា​បញ្ញើ​ទី​បរិសុទ្ធ​របស់​អញ នៅ​វេលា​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​វង្វេង​ចាក​ចេញ​ពី​អញ ពួក​នោះ​នឹង​ចូល​មក​ជិត​អញ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ដល់​អញ​វិញ ព្រម​ទាំង​ឈរ​នៅ​មុខ​អញ ដើម្បី​ថ្វាយ​ខ្លាញ់ និង​ឈាម​ផង

16. គេ​នឹង​ចូល​មក​ក្នុង​ទី​បរិសុទ្ធ​របស់​អញ ក៏​ចូល​មក​ជិត​តុ​របស់​អញ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ដល់​អញ ព្រម​ទាំង​រក្សា​បញ្ញើ​របស់​អញ​ផង

17. កាល​ណា​គេ​ចូល​ទៅ​តាម​ទ្វារ​កំផែង​ទីលាន​ខាង​ក្នុង នោះ​គេ​នឹង​ត្រូវ​ស្លៀក‌ពាក់ ដោយ​សំពត់​ទេស​ឯក ឥត​មាន​ស្លៀក‌ពាក់​អ្វី​ធ្វើ​ពី​រោម​ចៀម កំពុង​ដែល​គេ​ធ្វើ​ការ‌ងារ នៅ​ខាង​ក្នុង​ទ្វារ​ទីលាន​ខាង​ក្នុង ហើយ​ក្នុង​ព្រះ‌វិហារ​ឡើយ

18. គេ​ត្រូវ​ជួត​ឈ្នួត​ធ្វើ​ពី​សំពត់​ទេស​ឯក នៅ​លើ​ក្បាល ហើយ​ស្លៀក‌ពាក់​ខោ​ស្នាប់​ភ្លៅ​ទេស​ឯក​ដែរ គេ​មិន​ត្រូវ​ក្រវាត់​ខ្លួន ដោយ​អ្វី​ដែល​នាំ​ឲ្យ​បែក​ញើស​ទេ

19. រួច​កាល​ណា​គេ​ចេញ​ទៅ​ឯ​ទីលាន​ខាង​ក្រៅ គឺ​ទៅ​ឯ​បណ្តា‌ជន​ដែល​នៅ​ទីលាន​ខាង​ក្រៅ នោះ​គេ​ត្រូវ​ដោះ​សំលៀក‌បំពាក់ ដែល​គេ​ស្លៀក‌ពាក់​សំរាប់​ធ្វើ​ការ‌ងារ​ចេញ ដាក់​ទុក​ក្នុង​បន្ទប់​បរិសុទ្ធ​ទាំង​ប៉ុន្មាន ហើយ​ត្រូវ​ស្លៀក‌ពាក់​ផ្សេង​វិញ ដើម្បី​មិន​ឲ្យ​គេ​ញែក​បណ្តា‌ជន​ចេញ​ជា​បរិសុទ្ធ ដោយ‌សារ​សំលៀក‌បំពាក់​របស់​គេ

20. គេ​ក៏​មិន​ត្រូវ​កោរ​សក់ ឬ​ទុក​ឲ្យ​សក់​ដុះ​វែង​ដែរ គេ​នឹង​គ្រាន់​តែ​កាត់​ដំរឹម​ប៉ុណ្ណោះ

21. មិន​ត្រូវ​ឲ្យ​សង្ឃ​ណា​មួយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ទីលាន​ខាង​ក្នុង​ឡើយ

22. ក៏​មិន​ត្រូវ​យក​ស្រី​មេម៉ាយ ឬ​ស្រី​ប្ដី​លែង ធ្វើ​ជា​ប្រពន្ធ​ខ្លួន​ដែរ គឺ​ត្រូវ​យក​តែ​ស្រី​ក្រមុំ​ក្នុង​ពូជ​វង្ស​អ៊ីស្រា‌អែល ឬ​ស្រី​មេម៉ាយ​ណា​ដែល​ជា​ប្រពន្ធ​របស់​សង្ឃ​ពី​កាល​ដើម​ប៉ុណ្ណោះ

23. គេ​ត្រូវ​បង្រៀន​រាស្ត្រ​អញ​ឲ្យ​ចេះ​សំគាល់​របស់​បរិសុទ្ធ និង​របស់​ធម្មតា ហើយ​ឲ្យ​គេ​មើល​ដឹង​របស់​ស្អាត និង​របស់​ដែល​មិន​ស្អាត

24. ឯ​ក្នុង​រឿង​ទាស់‌ទែង​គ្នា នោះ​ត្រូវ​ឲ្យ​គេ​ឈរ​ជំនុំ‌ជំរះ​សេចក្ដី ត្រូវ​ឲ្យ​គេ​ជំនុំ‌ជំរះ​ការណ៍​នោះ តាម​សេចក្ដី​យុត្តិ‌ធម៌​របស់​អញ ព្រម​ទាំង​រក្សា​អស់​ទាំង​ក្រឹត្យ‌ក្រម និង​បញ្ញត្ត​ច្បាប់​របស់​អញ នៅ​អស់​ទាំង​បុណ្យ​មាន​កំណត់​របស់​អញ​ផង ហើយ​ត្រូវ​ឲ្យ​គេ​រក្សា​ថ្ងៃ​ឈប់​សំរាក​របស់​អញ ទុក​ជា​បរិសុទ្ធ​ដែរ

25. មិន​ត្រូវ​ឲ្យ​គេ​ចូល​ទៅ​ជិត​ខ្មោច​ស្លាប់​ណា ឲ្យ​ខ្លួន​ត្រូវ​សៅ‌ហ្មង​ឡើយ វៀរ​តែ​ខ្មោច​ឪពុក ឬ​ម្តាយ កូន​ប្រុស ឬ​កូន​ស្រី បង​ប្អូន​ប្រុស ឬ​បង​ប្អូន​ស្រី ដែល​មិន​ទាន់​មាន​ប្ដី​នៅ​ឡើយ នោះ​គេ​នឹង​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​ព្រោះ​ខ្មោច​អ្នក​ទាំង​នោះ​បាន

26. រួច​កាល​ណា​បាន​សំអាត​ខ្លួន​វិញ​ហើយ នោះ​ត្រូវ​រាប់​៧​ថ្ងៃ​ដល់​សង្ឃ​នោះ

27. លុះ​ដល់​ថ្ងៃ​ដែល​ចូល​ទៅ​ក្នុង​ទីលាន​ខាង​ក្នុង​នៃ​ទី​បរិសុទ្ធ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ នោះ​ត្រូវ​ថ្វាយ​ដង្វាយ​លោះ​បាប​របស់​ខ្លួន នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

28. ត្រូវ​ឲ្យ​គេ​មាន​មរដក​ដែរ គឺ​អញ​ជា​មរដក​របស់​គេ ឯង​រាល់​គ្នា​មិន​ត្រូវ​ឲ្យ​គេ​មាន​កេរ‌អាករ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ឡើយ ដ្បិត​អញ​ជា​កេរ‌អាករ​របស់​គេ​ហើយ

29. គេ​នឹង​ស៊ី​ដង្វាយ​ម្សៅ ដង្វាយ​លោះ​បាប និង​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ហើយ​គ្រប់​របស់​ទាំង​អស់ ដែល​បាន​ថ្វាយ​ដាច់​ដល់​ព្រះ នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល នោះ​នឹង​បាន​ជា​របស់​ផង​គេ​ទាំង​អស់

សូមអានជំពូកពេញលេញ អេសេគាល 44