គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 43:3-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. នោះ​ក៏​ដូច​ជា​ការ​ជាក់‌ស្តែង ដែល​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ គឺ​ដូច​ជា​ការ​ជាក់‌ស្តែង​ដែល​ខ្ញុំ​បាន​ឃើញ ក្នុង​កាល​ដែល​ខ្ញុំ​មក ដើម្បី​បំផ្លាញ​ទី​ក្រុង ការ​ជាក់‌ស្តែង​ទាំង​នោះ ដូច​ជា​ការ​ជាក់‌ស្តែង​ដែល​ខ្ញុំ​បាន​ឃើញ នៅ​ក្បែរ​ទន្លេ​កេបារ​ដែរ ដូច្នេះ​ខ្ញុំ​ក៏​ដួល​ផ្កាប់​មុខ​ចុះ

4. នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ តាម​ផ្លូវ​នៃ​ទ្វារ​កំផែង​ដែល​បើក​ទៅ​ទិស​ខាង​កើត

5. រួច​ព្រះ‌វិញ្ញាណ​ទ្រង់​លើក​ខ្ញុំ​ឡើង​នាំ​ទៅ​ទី​ឯ​លាន​ខាង​ក្នុង ហើយ​មើល សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​នៅ​ពេញ​ក្នុង​ព្រះ‌វិហារ។

6. ខ្ញុំ​ក៏​ឮ​ព្រះ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ពី​ក្នុង​ព្រះ‌វិហារ មាន​ទាំង​មនុស្ស​នោះ​ឈរ​នៅ​ក្បែរ​ខ្ញុំ​ដែរ

7. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ នេះ​ជា​ទី​កន្លែង​នៃ​បល្ល័ង្ក​អញ ហើយ​ជា​ទី​សំរាប់​បាត​ជើង​អញ គឺ​ជា​កន្លែង​ដែល​អញ​នឹង​នៅ​កណ្តាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ជា​ដរាប​ត​ទៅ ហើយ​ពួក​វង្ស​អ៊ីស្រា‌អែល នឹង​មិន​ដែល​បង្អាប់​ឈ្មោះ​បរិសុទ្ធ​របស់​អញ​ទៀត ទោះ​ទាំង​ខ្លួន​គេ និង​ពួក​ស្តេច​គេ​ផង ដោយ​ការ​កំផិត​របស់​គេ ឬ​ដោយ​សាក‌សព​នៃ​ស្តេច​គេ​ដែល​បាន​តម្កល់​ទុក

8. ឬ​ដោយ​គេ​ធ្វើ​មាត់​ទ្វារ​គេ ក្បែរ​មាត់​ទ្វារ​របស់​អញ និង​ក្រប​ទ្វារ​គេ ផ្ទាប់​នឹង​ក្រប​ទ្វារ​របស់​អញ ឲ្យ​មាន​តែ​ជញ្ជាំង​នៅ​កណ្តាល​អញ​នឹង​គេ ហើយ​គេ​បាន​បង្អាប់​ឈ្មោះ​បរិសុទ្ធ​របស់​អញ ដោយ​អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម ដែល​គេ​បាន​ប្រព្រឹត្ត ដោយ​ហេតុ​នោះ​បាន​ជា​អញ​ធ្វើ​ឲ្យ​គេ​សាប‌សូន្យ​ទៅ ដោយ​សេចក្ដី​កំហឹង​របស់​អញ

9. ឥឡូវ​នេះ ត្រូវ​ឲ្យ​គេ​លះ​ចោល​ការ​កំផិត និង​សាក‌សព​នៃ​ស្តេច​គេ​ចេញ​ឆ្ងាយ​ពី​អញ​ទៅ នោះ​អញ​នឹង​នៅ​កណ្តាល​ពួក​គេ​ជា​ដរាប​រៀង​ត​ទៅ។

10. ឯ​ឯង កូន​មនុស្ស​អើយ ចូរ​បង្ហាញ​ព្រះ‌វិហារ​នេះ​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ចុះ ដើម្បី​ឲ្យ​គេ​មាន​សេចក្ដី​ខ្មាស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​ឲ្យ​គេ​វាស់​គំរូ​ផង

11. បើ​គេ​មាន​សេចក្ដី​ខ្មាស ចំពោះ​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត នោះ​ត្រូវ​ឲ្យ​គេ​ស្គាល់​រាង និង​បែប​ផែន​នៃ​ព្រះ‌វិហារ ព្រម​ទាំង​ផ្លូវ​ចេញ​ចូល និង​សណ្ឋាន​គ្រប់​យ៉ាង ហើយ​ក្រឹត្យ‌ក្រម​គ្រប់​ចំពូក នូវ​អស់​ទាំង​បញ្ញត្ត​ច្បាប់​នៃ​ព្រះ‌វិហារ​ផង ចូរ​កត់​ទុក​ទាំង​អស់​នៅ​ចំពោះ​ភ្នែក​គេ ដើម្បី​ឲ្យ​គេ​បាន​រក្សា​ទុក​នូវ​សណ្ឋាន​គ្រប់​យ៉ាង និង​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន ព្រម​ទាំង​ធ្វើ​តាម​ផង

12. នេះ​ហើយ​ជា​ច្បាប់​នៃ​ព្រះ‌វិហារ​នៅ​លើ​កំពូល​ភ្នំ​នោះ ហើយ​តាម​ព្រំ​នៅ​ជុំវិញ​ទាំង​អស់ នោះ​ត្រូវ​ជា​ទី​បរិសុទ្ធ​បំផុត មើល នេះ​ឯង​ជា​ច្បាប់​នៃ​ព្រះ‌វិហារ។

13. នេះ​ជា​ទំហំ​នៃ​អាស‌នា ដែល​វាស់​តាម​ហត្ថ គឺ​ហត្ថ​ធំ​ដែល​ត្រូវ​ជា​១​ហត្ថ​១​ទះ បាត​នៃ​អាស‌នា​បាន​១​ហត្ថ ទទឹង​១​ហត្ថ ហើយ​គែម​នៅ​ជុំវិញ​ហាម បាន​១​ចំអាម នោះ​ជា​ជើង​នៃ​អាស‌នា

14. ពី​បាត​ដែល​នៅ​លើ​ដី ឡើង​ទៅ​ដល់​គន្លាក់​ខាង​ក្រោម នោះ​មាន​២​ហត្ថ និង​ទទឹង​១​ហត្ថ ហើយ​តាំង​ពី​គន្លាក់​ក្រោម ឡើង​ទៅ​ដល់​គន្លាក់​ខាង​លើ នោះ​មាន​៤​ហត្ថ និង​ទទឹង​១​ហត្ថ

15. ឯ​ប្រទាស​អាស‌នា នោះ​មាន​៤​ហត្ថ ហើយ​មាន​ស្នែង​៤​ចេញ​ពី​អាស‌នា​ឡើង​ទៅ

16. ឯ​ប្រទាស​អាស‌នា នោះ​បណ្តោយ​១២​ហត្ថ ទទឹង​១២​ហត្ថ ៤​ជ្រុង​ស្មើ

17. ហើយ​គន្លាក់​ប្រវែង​១៤​ហត្ថ ទទឹង​១៤​ហត្ថ ទាំង​៤​ជ្រុង ក៏​មាន​គែម​នៅ​ព័ទ្ធ​ជុំវិញ​កន្លះ​ហត្ថ ហើយ​បាត​ក៏​១​ហត្ថ​ទាំង​៤​ជ្រុង ឯ​ជណ្តើរ​នោះ បែរ​មុខ​ទៅ​ទិស​ខាង​កើត។

18. រួច​លោក​និយាយ​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ នេះ​ជា​ច្បាប់​សំរាប់​អាស‌នា នៅ​វេលា​ណា​ដែល​គេ​នឹង​តាំង​ឡើង ដើម្បី​នឹង​ថ្វាយ​ដង្វាយ​ដុត ហើយ​ប្រោះ​ឈាម​ទៅ​លើ​អាស‌នា​នោះ

19. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ត្រូវ​ឲ្យ​ឯង​ឲ្យ​គោ​ឈ្មោល​ស្ទាវ​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ដល់​ពួក​លេវី​ដែល​ជា​សង្ឃ ក្នុង​ពូជ‌ពង្ស​សាដុក ជា​ពួក​អ្នក​ដែល​ចូល​មក​ជិត ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ដល់​អញ

20. ត្រូវ​ឲ្យ​ឯង​យក​ឈាម​នៃ​យញ្ញ‌បូជា​ទៅ​ប្រឡាក់ នៅ​ស្នែង​អាស‌នា​ទាំង​៤ និង​នៅ​គន្លាក់​ទាំង​៤​ជ្រុង ហើយ​នៅ​គែម​ព័ទ្ធ​ជុំវិញ​ដែរ គឺ​យ៉ាង​នោះ​ដែល​ឯង​ត្រូវ​សំអាត ហើយ​ថ្វាយ​ដង្វាយ​ឲ្យ​ធួន​នឹង​អាស‌នា

សូមអានជំពូកពេញលេញ អេសេគាល 43