គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 43:13-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. នេះ​ជា​ទំហំ​នៃ​អាស‌នា ដែល​វាស់​តាម​ហត្ថ គឺ​ហត្ថ​ធំ​ដែល​ត្រូវ​ជា​១​ហត្ថ​១​ទះ បាត​នៃ​អាស‌នា​បាន​១​ហត្ថ ទទឹង​១​ហត្ថ ហើយ​គែម​នៅ​ជុំវិញ​ហាម បាន​១​ចំអាម នោះ​ជា​ជើង​នៃ​អាស‌នា

14. ពី​បាត​ដែល​នៅ​លើ​ដី ឡើង​ទៅ​ដល់​គន្លាក់​ខាង​ក្រោម នោះ​មាន​២​ហត្ថ និង​ទទឹង​១​ហត្ថ ហើយ​តាំង​ពី​គន្លាក់​ក្រោម ឡើង​ទៅ​ដល់​គន្លាក់​ខាង​លើ នោះ​មាន​៤​ហត្ថ និង​ទទឹង​១​ហត្ថ

15. ឯ​ប្រទាស​អាស‌នា នោះ​មាន​៤​ហត្ថ ហើយ​មាន​ស្នែង​៤​ចេញ​ពី​អាស‌នា​ឡើង​ទៅ

16. ឯ​ប្រទាស​អាស‌នា នោះ​បណ្តោយ​១២​ហត្ថ ទទឹង​១២​ហត្ថ ៤​ជ្រុង​ស្មើ

17. ហើយ​គន្លាក់​ប្រវែង​១៤​ហត្ថ ទទឹង​១៤​ហត្ថ ទាំង​៤​ជ្រុង ក៏​មាន​គែម​នៅ​ព័ទ្ធ​ជុំវិញ​កន្លះ​ហត្ថ ហើយ​បាត​ក៏​១​ហត្ថ​ទាំង​៤​ជ្រុង ឯ​ជណ្តើរ​នោះ បែរ​មុខ​ទៅ​ទិស​ខាង​កើត។

18. រួច​លោក​និយាយ​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ នេះ​ជា​ច្បាប់​សំរាប់​អាស‌នា នៅ​វេលា​ណា​ដែល​គេ​នឹង​តាំង​ឡើង ដើម្បី​នឹង​ថ្វាយ​ដង្វាយ​ដុត ហើយ​ប្រោះ​ឈាម​ទៅ​លើ​អាស‌នា​នោះ

19. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ត្រូវ​ឲ្យ​ឯង​ឲ្យ​គោ​ឈ្មោល​ស្ទាវ​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ដល់​ពួក​លេវី​ដែល​ជា​សង្ឃ ក្នុង​ពូជ‌ពង្ស​សាដុក ជា​ពួក​អ្នក​ដែល​ចូល​មក​ជិត ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ដល់​អញ

20. ត្រូវ​ឲ្យ​ឯង​យក​ឈាម​នៃ​យញ្ញ‌បូជា​ទៅ​ប្រឡាក់ នៅ​ស្នែង​អាស‌នា​ទាំង​៤ និង​នៅ​គន្លាក់​ទាំង​៤​ជ្រុង ហើយ​នៅ​គែម​ព័ទ្ធ​ជុំវិញ​ដែរ គឺ​យ៉ាង​នោះ​ដែល​ឯង​ត្រូវ​សំអាត ហើយ​ថ្វាយ​ដង្វាយ​ឲ្យ​ធួន​នឹង​អាស‌នា

21. ត្រូវ​ឲ្យ​ឯង​យក​គោ​ឈ្មោល​ដែល​សំរាប់​ជា​ដង្វាយ​លោះ​បាប​ដែរ ហើយ​ត្រូវ​ដុត​នៅ​កន្លែង​សំរាប់​ការ​នោះ នៅ​ក្នុង​ព្រះ‌វិហារ​ខាង​ក្រៅ​ទី​បរិសុទ្ធ

22. លុះ​ដល់​ថ្ងៃ​ទី​២ ត្រូវ​ឲ្យ​ឯង​ថ្វាយ​ពពែ​ឈ្មោល​ឥត​ខ្ចោះ សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​គេ​នឹង​សំអាត​អាស‌នា ដូច​ជា​បាន​សំអាត​ដោយ​គោ​ឈ្មោល​នោះ​ដែរ

23. កាល​ណា​ឯង​បាន​សំអាត​អាស‌នា​រួច​ហើយ នោះ​ត្រូវ​ឲ្យ​ឯង​ថ្វាយ​គោ​ឈ្មោល​ស្ទាវ​១​ឥត​ខ្ចោះ និង​ចៀម​ឈ្មោល​១​ឥត​ខ្ចោះ ពី​ហ្វូង​ចៀម​ទៀត

24. ត្រូវ​ឲ្យ​ឯង​នាំ​សត្វ​ទាំង​២នោះ​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ត្រូវ​ឲ្យ​ពួក​សង្ឃ​បាច​អំបិល​ទៅ​លើ ហើយ​ថ្វាយ​ជា​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា

25. នៅ​រវាង​៧​ថ្ងៃ នោះ​ត្រូវ​ឲ្យ​ឯង​រៀប​ពពែ​ឈ្មោល​១​សំរាប់​ជា​ដង្វាយ​លោះ​បាប​រាល់ៗ​ថ្ងៃ គេ​ត្រូវ​រៀប​គោ​ឈ្មោល​ស្ទាវ​១ និង​ចៀម​ឈ្មោល​ឥត​ខ្ចោះ​១​ពី​ហ្វូង​សត្វ​ដែរ

សូមអានជំពូកពេញលេញ អេសេគាល 43