គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 40:37-49 ព្រះគម្ពីរបរិសុទ្ធ (KHOV)

37. សសរ​ទាំង​ប៉ុន្មាន​ក៏​បែរ​ទៅ​ឯ​ទីលាន​ខាង​ក្រៅ ហើយ​មាន​ក្បាច់​ដើម​លម៉ើ​ទាំង​សង​ខាង ឯ​ជណ្តើរ​ដែល​ឡើង​ទៅ​ឯ​ទ្វារ​នោះ ក៏​មាន​៨​ថ្នាក់​ដែរ។

38. មាន​បន្ទប់​១​ដែល​មាន​ទ្វារ​ក្បែរ​សសរ នៅ​ត្រង់​ទ្វារ​កំផែង គឺ​ជា​ទី​នោះ​ដែល​គេ​លាង​ដង្វាយ​ដុត

39. ហើយ​នៅ​បាំង‌សាច​នៃ​ទ្វារ​កំផែង មាន​តុ​២​នៅ​ខាង​នេះ ហើយ​២​ខាង​នោះ សំរាប់​នឹង​សំឡាប់​ដង្វាយ​ដុត យញ្ញ‌បូជា​លោះ​បាប និង​យញ្ញ‌បូជា ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង

40. ឯ​ខាង​ក្រៅ ដែល​ឡើង​ទៅ​ឯ​ផ្លូវ​ចូល​ទ្វារ​កំផែង​ទិស​ខាង​ជើង នោះ​មាន​តុ​២​ម្ខាង ហើយ​២​ម្ខាង​ទៀត​របស់​បាំង‌សាច​នៃ​ទ្វារ​កំផែង​នោះ

41. មាន​តុ​៤​ខាង​នេះ ហើយ​៤​ខាង​នោះ ដែល​នៅ​ខាងៗ​នៃ​ទ្វារ​កំផែង គឺ​ទាំង​អស់​មាន​តុ​៨ សំរាប់​នឹង​សំឡាប់​យញ្ញ‌បូជា

42. ក៏​មាន​តុ​៤​ដាប់​ពី​ថ្ម​ប្រវែង​១​ហត្ថ​កន្លះ ទទឹង​១​ហត្ថ​កន្លះ ហើយ​កំពស់​១​ហត្ថ​សំរាប់​ដង្វាយ​ដុត ជា​កន្លែង​ដែល​ដាក់​គ្រឿង​ប្រដាប់​សំរាប់​សំឡាប់​ដង្វាយ​ដុត និង​យញ្ញ‌បូជា​នោះ

43. ហើយ​មាន​ទំពក់​ប្រវែង​១​ទះ​ភ្ជាប់​នឹង​ជញ្ជាំង​ជុំវិញ ឯ​សាច់​នៃ​ដង្វាយ​ក៏​នៅ​លើ​តុ​ទាំង​នោះ។

44. នៅ​ខាង​ក្រៅ​នៃ​ទ្វារ​ខាង​ក្នុង នោះ​មាន​បន្ទប់​សំរាប់​ពួក​ចំរៀង នៅ​ក្នុង​ទីលាន​ខាង​ក្នុង ដែល​នៅ​ត្រង់​ទ្វារ​ទិស​ខាង​ជើង ឯ​បន្ទប់​ទាំង​នោះ​បើក​ទៅ​ខាង​ត្បូង ហើយ​មាន​១​ទៀត នៅ​ត្រង់​ទ្វារ​ខាង​កើត ដែល​បើក​ទៅ​ទិស​ខាង​ជើង

45. លោក​ក៏​ប្រាប់​ខ្ញុំ​ថា បន្ទប់​១​នេះ​ដែល​បើក​ទៅ​ខាង​ត្បូង នោះ​សំរាប់​ពួក​សង្ឃ​ដែល​រក្សា​បញ្ញើ​នៃ​ព្រះ‌វិហារ

46. ហើយ​បន្ទប់​១​ដែល​បើក​ទៅ​ខាង​ជើង នោះ​សំរាប់​ពួក​សង្ឃ​ដែល​រក្សា​បញ្ញើ​នៃ​អាស‌នា ឯ​ពួក​ទាំង​នោះ គឺ​ជា​កូន​ចៅ​របស់​សាដុក ក្នុង​ពួក​កូន​ចៅ​លេវី ដែល​ចូល​ទៅ​ជិត​ព្រះ‌យេហូវ៉ា ដើម្បី​ធ្វើ​ការ‌ងារ​ថ្វាយ​ទ្រង់

47. លោក​ក៏​វាស់​ទីលាន​បាន​ប្រវែង​១០០​ហត្ថ ទទឹង​១០០​ហត្ថ ៤​ជ្រុង​ស្មើ ហើយ​អាស‌នា​ក៏​នៅ​ពី​មុខ​ព្រះ‌វិហារ។

48. រួច​លោក​នាំ​ខ្ញុំ​ទៅ​ឯ​បាំង‌សាច​នៃ​ព្រះ‌វិហារ លោក​វាស់​សសរ​បាំង‌សាច​នោះ​បាន​៥​ហត្ថ​ខាង​នេះ និង​៥​ហត្ថ​ខាង​នោះ ហើយ​ទទឹង​ទ្វារ​នោះ​បាន​៥​ហត្ថ​ខាង​នេះ និង​៣​ហត្ថ​ខាង​នោះ

49. ប្រវែង​របស់​បាំង‌សាច​នោះ មាន​២០​ហត្ថ និង​ទទឹង​១១​ហត្ថ ហើយ​គេ​ឡើង​ទៅ​ឯ​បាំង‌សាច​នោះ ដោយ​ថ្នាក់​ជណ្តើរ ក៏​មាន​បង្គោល​នៅ​ក្បែរ​សសរ​ទាំង​នោះ ១​ខាង​នេះ ហើយ​១​ខាង​នោះ។

សូមអានជំពូកពេញលេញ អេសេគាល 40