គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 40:17-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. រួច​លោក​នាំ​ខ្ញុំ​ទៅ​ឯ​ទីលាន​ខាង​ក្រៅ នោះ​ឃើញ​មាន​បន្ទប់ ហើយ​កំរាល​ថ្ម​ដែល​ធ្វើ​សំរាប់​ទីលាន​នៅ​ជុំវិញ គឺ​មាន​បន្ទប់​៣០ នៅ​លើ​កំរាល​ថ្ម​នោះ

18. កំរាល​ថ្ម​នោះ​ក៏​នៅ​ក្បែរ​ទ្វារ ត្រូវ​នឹង​ប្រវែង​ទ្វារ នោះ​ជា​កំរាល​ថ្ម​ជាន់​ក្រោម

19. រួច​លោក​វាស់​ទទឹង​ទីលាន​ពី​ខាង​ក្រៅ ចាប់​តាំង​ពី​មុខ​ទ្វារ​កំផែង​ខាង​ក្រោម រហូត​ដល់​មុខ​ទីលាន​ខាង​ក្នុង​បាន​១០០​ហត្ថ ទាំង​ខាង​កើត និង​ខាង​ជើង​ផង។

20. លោក​ក៏​វាស់​បណ្តោយ និង​ទទឹង​នៃ​ទ្វារ​កំផែង​របស់​ទីលាន​ខាង​ក្រៅ ដែល​បើក​ទៅ​ខាង​ជើង

21. ហើយ​មាន​បន្ទប់​៣​ខាង​នេះ និង​៣​ខាង​នោះ​ដែរ ឯ​សសរ និង​ខ្លោង‌ទ្វារ​នោះ ក៏​មាន​ទំហំ​ត្រូវ​គ្នា​នឹង​ទ្វារ​ទី​១ គឺ​បណ្តោយ​៥០​ហត្ថ ទទឹង​២៥​ហត្ថ

22. អស់​ទាំង​បង្អួច និង​ខ្លោង‌ទ្វារ ហើយ​ក្បាច់​ដើម​លម៉ើ ក៏​មាន​ទំហំ​ដូច​ជា​ទ្វារ​កំផែង ដែល​បើក​ទៅ​ទិស​ខាង​កើត មាន​ជណ្តើរ​៧​ថ្នាក់​ឡើង​ទៅ​ដល់​ទ្វារ​នោះ រួច​មាន​ខ្លោង‌ទ្វារ​ពី​មុខ​ដែរ

23. ក៏​មាន​ទ្វារ​ចូល​ទៅ​ក្នុង​ទីលាន​ខាង​ក្នុង ដែល​ប្រទល់​មុខ​នឹង​ទ្វារ​នោះ​ទាំង​ខាង​ជើង និង​ខាង​កើត​ផង រួច​លោក​វាស់​ពី​ទ្វារ​១​ទៅ​ទ្វារ​១​ទៀត​បាន​១០០​ហត្ថ។

24. លោក​ក៏​នាំ​ខ្ញុំ​ទៅ​ខាង​ត្បូង នោះ​ឃើញ​មាន​ទ្វារ​១ ដែល​បើក​ទៅ​ទិស​ខាង​ត្បូង​ដែរ លោក​វាស់​សសរ និង​ខ្លោង‌ទ្វារ​ទាំង​នោះ ក៏​ត្រូវ​នឹង​ទំហំ​ទាំង​នោះ

25. ក៏​មាន​បង្អួច​នៅ​ទី​នោះ ហើយ​នៅ​ខ្លោង‌ទ្វារ​ព័ទ្ធ​ជុំវិញ ដូច​ជា​បង្អួច​ពី​មុន ទ្វារ​នោះ​បណ្តោយ​បាន​៥០​ហត្ថ ហើយ​ទទឹង​២៥​ហត្ថ

26. ក៏​មាន​ជណ្តើរ​៧​ថ្នាក់​ឡើង​ទៅ​ដល់​ទ្វារ និង​ខ្លោង‌ទ្វារ​ពី​មុខ​នោះ​ដែរ នៅ​សសរ​ទាំង​សង​ខាង មាន​ក្បាច់​ដើម​លម៉ើ​១​ខាង​នេះ ហើយ​១​ខាង​នោះ

27. ក៏​មាន​ទ្វារ​១​បើក​ទៅ​ក្នុង​ទីលាន​ខាង​ក្នុង ដែល​នៅ​ទិស​ខាង​ត្បូង ហើយ​លោក​វាស់​ពី​ទ្វារ​កំផែង​១ ទៅ​ដល់​ទ្វារ​កំផែង​១​ទៀត ខាង​ត្បូង​នោះ​បាន​១០០​ហត្ថ។

28. រួច​លោក​នាំ​ខ្ញុំ​ទៅ​ដល់​ទីលាន​ខាង​ក្នុង ក្បែរ​ទ្វារ​កំផែង​ខាង​ត្បូង លោក​វាស់​ទ្វារ​ខាង​ត្បូង ក៏​ត្រូវ​នឹង​ទំហំ​ទាំង​នោះ

29. ឯ​បន្ទប់​ទាំង​ប៉ុន្មាន និង​សសរ ហើយ​ខ្លោង‌ទ្វារ​នោះ​មាន​ទំហំ​ដូច​គ្នា​ដែរ មាន​បង្អួច​នៅ​ទី​នោះ ហើយ​នៅ​ខ្លោង‌ទ្វារ​ព័ទ្ធ​ជុំវិញ ទ្វារ​នោះ​ក៏​បណ្តោយ​៥០​ហត្ថ និង​ទទឹង​២៥​ហត្ថ​ដូច​គ្នា

30. ហើយ​មាន​ខ្លោង‌ទ្វារ​នៅ​ជុំវិញ​បណ្តោយ​២៥​ហត្ថ និង​ទទឹង​៥​ហត្ថ

31. ខ្លោង‌ទ្វារ​ទាំង​នោះ​ក៏​បែរ​ទៅ​ខាង​ទីលាន​ខាង​ក្រៅ ហើយ​មាន​ក្បាច់​ដើម​លម៉ើ នៅ​សសរ​ទាំង​ប៉ុន្មាន ឯ​ជណ្តើរ​ឡើង​ទៅ​ឯ​ទ្វារ​នោះ​មាន​៨​ថ្នាក់​វិញ។

សូមអានជំពូកពេញលេញ អេសេគាល 40