គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 4:7-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. លំដាប់​នោះ ត្រូវ​ឲ្យ​ឯង​ដំរង់​មុខ​ទៅ​ខាង​ការ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ដោយ​មាន​ដើម​ដៃ​ឯង​បើក​ទទេ​នៅ ហើយ​ត្រូវ​ទាយ​ទាស់​នឹង​ទី​ក្រុង​ដែរ

8. មើល​អញ​ដាក់​ខ្សែ​នេះ​ចង​ឯង​ជាប់ មិន​ឲ្យ​ប្រែ​ខ្លួន​ពី​ម្ខាង​ទៅ​ម្ខាង​ឡើយ ដរាប​ដល់​បាន​សំរេច​កំណត់​ថ្ងៃ​ដែល​ឯង​ឡោម‌ព័ទ្ធ​ច្បាំង​នោះ។

9. ត្រូវ​ឲ្យ​ឯង​យក​ម្សៅ​ភោជ្ជ‌សាលី ម្សៅ​ឱក សណ្តែក​អង្គុយ សណ្តែក‌បាយ ថ្ពៅ ហើយ​ស្រូវ​អេប៉ូត​មក​ដាក់​ក្នុង​ផើង ហើយ​ប្រើ​ធ្វើ​ជា​នំបុ័ង​សំរាប់​ខ្លួន តាម​ចំនួន​ថ្ងៃ​ដែល​ឯង​ត្រូវ​ដេក​ផ្អៀង​នោះ គឺ​ឯង​ត្រូវ​ស៊ី​នំបុ័ង​នោះ​គ្រប់​៣៩០​ថ្ងៃ

10. ឯ​អាហារ​ដែល​ឯង​នឹង​ស៊ី នោះ​ត្រូវ​ថ្លឹង​ជា​កន្លះ​នាលិ​សំរាប់​១​ថ្ងៃ ហើយ​ត្រូវ​ស៊ី​បន្តិច​ម្តងៗ

11. ក៏​ត្រូវ​ផឹក​ទឹក​ដោយ​វាល់​ដែរ គឺ​២​កំប៉ុង​ក្នុង​១​ថ្ងៃ ហើយ​ត្រូវ​ផឹក​បន្តិច​ម្តងៗ​ដូច​គ្នា

12. ត្រូវ​ឲ្យ​ឯង​ស៊ី​នំបុ័ង​នោះ​ទុក​ដូច​ជា​នំ​ម្សៅ​ឱក ហើយ​ត្រូវ​ចំអិន​នំបុ័ង​នោះ​នៅ​មុខ​គេ ដោយ​ដុត​លាមក​ដែល​ចេញ​ពី​មនុស្ស

13. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​ស៊ី​នំបុ័ង​ស្មោក‌គ្រោក​របស់​គេ​យ៉ាង​ដូច្នោះ នៅ​កណ្តាល​អស់​ទាំង​សាសន៍​ដែល​អញ​បណ្តេញ​គេ​ទៅ

14. ខ្ញុំ​ក៏​ប្រកែក​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ មើល ព្រលឹង​ទូល‌បង្គំ​មិន​ដែល​ត្រូវ​ស្មោក‌គ្រោក​ឡើយ ចាប់​តាំង​ពី​ក្មេង ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ទូល‌បង្គំ​មិន​ដែល​ទទួល​ទាន​អ្វី​ដែល​ស្លាប់​ឯង ឬ​ដែល​ត្រូវ​សត្វ​ណា​ហែក‌ហួរ​ឡើយ ក៏​មិន​ដែល​មាន​សាច់​គួរ​ខ្ពើម​ចូល​ក្នុង​មាត់​ទូល‌បង្គំ​ដែរ

15. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា មើល អញ​ឲ្យ​ឯង​ប្រើ​អាចម៍​គោ ជំនួស​លាមក​របស់​មនុស្ស​វិញ ឯង​នឹង​ចំអិន​នំបុ័ង​ឯង ដោយ​ដុត​អាចម៍​គោ​នោះ​បាន

16. ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា កូន​មនុស្ស​អើយ អញ​នឹង​ផ្តាច់​ស្បៀង​ចេញ​ពី​ក្រុង​យេរូ‌សាឡិម គេ​នឹង​ស៊ី​នំបុ័ង​ដោយ​ថ្លឹង​ហើយ​បារម្ភ​ព្រួយ ក៏​នឹង​ផឹក​ទឹក​ដោយ​វាល់ ហើយ​ភ្លាំង‌ភ្លឹក​ដែរ

17. ដើម្បី​ឲ្យ​គេ​ខ្វះ​នំបុ័ង និង​ទឹក ព្រម​ទាំង​មាន​សេចក្ដី​ភ្លាំង‌ភ្លឹក​ជា​មួយ​គ្នា ហើយ​រោយ‌រៀវ​ទៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​គេ។

សូមអានជំពូកពេញលេញ អេសេគាល 4