គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 38:13-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ឯ​ពួក​សេបា ពួក​ដេដាន់ ពួក​ជំនួញ​របស់​ស្រុក​តើស៊ីស ព្រម​ទាំង​សិង្ហ​ស្ទាវ ទាំង​ប៉ុន្មាន​របស់​ពួក​ទាំង​នោះ គេ​នឹង​សួរ​មក​ឯង​ថា តើ​លោក​មក​ចាប់​យក​របឹប​ឬ តើ​បាន​ប្រមូល​ពួក​ទាំង​ប៉ុន្មាន​របស់​លោក ដើម្បី​នឹង​ចាប់​យក​រំពា​ឬ តើ​ចង់​ដឹក​យក​ប្រាក់ និង​មាស ហើយ​នាំ​យក​ហ្វូង​សត្វ និង​ទ្រព្យ‌សម្បត្តិ​ទៅ​ឬ គឺ​ចង់​ប្លន់​យក​របឹប​យ៉ាង​ច្រើន​ឬ​អី។

14. ដូច្នេះ កូន​មនុស្ស​អើយ ចូរ​ទាយ​ចុះ ហើយ​ប្រាប់​កុក​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ នៅ​ថ្ងៃ​នោះ កាល​ណា​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ បាន​នៅ​ដោយ​សុខ‌សាន្ត នោះ​តើ​ឯង​មិន​បាន​ដឹង​ទេ​ឬ

15. ឯង​នឹង​ចេញ​ពី​កន្លែង​របស់​ឯង គឺ​ពី​ស្រុក​ខាង​ជើង​បំផុត​មក មាន​ទាំង​សាសន៍​ជា​ច្រើន​មក​ជា​មួយ​នឹង​ឯង​ផង ជា​ពួក​កង​យ៉ាង​សន្ធឹក ហើយ​ជា​ពល‌ទ័ព​ខ្លាំង​ពូកែ ដែល​សុទ្ធ​តែ​ជិះ​សេះ​គ្រប់ៗ​គ្នា

16. ឯង​នឹង​ឡើង​មក​ទាស់​នឹង​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ ដូច​ជា​ពពក​ដែល​គ្រប​ស្រុក គឺ​នៅ​ជាន់​ក្រោយ​បង្អស់ អញ​នឹង​នាំ​ឯង​មក​ទាស់​នឹង​ស្រុក​អញ ដើម្បី​ឲ្យ​អស់​ទាំង​សាសន៍​បាន​ស្គាល់​អញ ឱ​កុក​អើយ គឺ​ក្នុង​កាល​ដែល​អញ​បាន​តាំង​ជា​បរិសុទ្ធ នៅ​ក្នុង​ឯង​ចំពោះ​ភ្នែក​គេ។

17. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា តើ​ឯង​ឬ​អី ដែល​អញ​បាន​និយាយ​កាល​ពី​ដើម ដោយ‌សារ​ពួក​អ្នក​បំរើ​អញ គឺ​ជា​ពួក​ហោរា​នៃ​សាសន៍​អ៊ីស្រា‌អែល​នៅ​ជាន់​នោះ​ដែល​បាន​ទាយ ជា​យូរ​ឆ្នាំ​មក ដោយ​ថា អញ​នឹង​នាំ​ឯង​មក​ទាស់​នឹង​គេ​នោះ

18. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​នោះ​កាល​ណា​កុក​បាន​មក​ទាស់​នឹង​ស្រុក​អ៊ីស្រា‌អែល នោះ​សេចក្ដី​ក្រោធ​របស់​អញ​នឹង​ឆួល​ឡើង​នៅ​ច្រមុះ​អញ

19. ដ្បិត​គឺ​ដោយ​សេចក្ដី​ប្រចណ្ឌ​របស់​អញ និង​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​អញ ដែល​អញ​បាន​ថា ពិត​ប្រាកដ​ជា​នៅ​ថ្ងៃ​នោះ នឹង​មាន​ការ​កក្រើក​រំពើក​ជា​ខ្លាំង នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល

20. ដល់​ម៉្លេះ​បាន​ជា​ទាំង​ត្រី​សមុទ្រ និង​សត្វ​ហើរ​លើ​អាកាស សត្វ​ព្រៃ និង​សត្វ​លូន​វារ​នៅ​ដី ហើយ​គ្រប់​ទាំង​មនុស្ស​នៅ​ផែនដី​នឹង​ញាប់‌ញ័រ​នៅ​ចំពោះ​អញ ឯ​ភ្នំ​ទាំង​ប៉ុន្មាន​នឹង​រលំ​ចុះ ចំរែះ​ភ្នំ​នឹង​បាក់​ធ្លាក់​មក ហើយ​អស់​ទាំង​កំផែង​នឹង​ដួល​ដល់​ដី

21. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ហៅ​ដល់​អស់​ទាំង​ភ្នំ​របស់​អញ​ឲ្យ​មាន​ដាវ​មក​ទាស់​នឹង​វា នោះ​ដាវ​របស់​មនុស្ស​ទាំង‌ឡាយ នឹង​បាន​ទាស់​នឹង​បង​ប្អូន​ខ្លួន

22. អញ​នឹង​សំរេច​ទោស​ដល់​វា ដោយ​អាសន្ន‌រោគ និង​ឈាម អញ​នឹង​បង្អុរ​ភ្លៀង​រំលា ព្រម​ទាំង​ព្រិល​យ៉ាង​ធំ និង​ភ្លើង ហើយ​ស្ពាន់‌ធ័រ​មក​លើ​វា និង​ពួក​កក‌កុញ​របស់​វា ហើយ​លើ​បណ្តា​សាសន៍​ជា​ច្រើន ដែល​មក​ជា​មួយ​ផង

23. អញ​នឹង​ដំកើង​ខ្លួន​អញ ហើយ​តាំង​ខ្លួន​អញ​ជា​បរិសុទ្ធ ព្រម​ទាំង​ធ្វើ​ឲ្យ​សាសន៍​ជា​ច្រើន ស្គាល់​អញ​ចំពោះ​ភ្នែក​ផង នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

សូមអានជំពូកពេញលេញ អេសេគាល 38