គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 37:11-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ឆ្អឹង​ទាំង​នេះ​ជា​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​មូល មើល គេ​និយាយ​ថា ឆ្អឹង​យើង​រាល់​គ្នា​ស្ងួត‌ហែង​ហើយ ទី​សង្ឃឹម​របស់​យើង​ក៏​បាត់​អស់​ទៅ យើង​រាល់​គ្នា​ត្រូវ​កាត់​ចេញ​ស្រឡះ​ផង

12. ដូច្នេះ ចូរ​ទាយ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ម្នាល​រាស្ត្រ​អញ​អើយ អញ​នឹង​បើក​ផ្នូរ​ខ្មោច​របស់​ឯង​រាល់​គ្នា ហើយ​នឹង​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​ឡើង​ចេញ​ពី​ផ្នូរ​មក រួច​នឹង​នាំ​ឯង​ឲ្យ​ចូល​ទៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​វិញ

13. ឱ​រាស្ត្រ​អញ​អើយ ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​បើក​ផ្នូរ​របស់​ឯង ឲ្យ​ឯង​បាន​ឡើង​ចេញ​ពី​នោះ​មក

14. គ្រា​នោះ អញ​នឹង​ដាក់​វិញ្ញាណ​អញ​នៅ​ក្នុង​ឯង​រាល់​គ្នា ឯង​នឹង​មាន​ជីវិត​រស់​ឡើង ហើយ​អញ​នឹង​តាំង​ឯង ឲ្យ​អាស្រ័យ​នៅ​ក្នុង​ស្រុក​ដែល​ជា​របស់​ផង​ឯង នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា គឺ​អញ ជា​ព្រះ‌យេហូវ៉ា​នេះ បាន​ចេញ​វាចា​ហើយ ក៏​បាន​សំរេច​តាម​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

15. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា

16. កូន​មនុស្ស​អើយ ចូរ​យក​បន្ទះ​ឈើ​១​មក​សរសេរ​ចុះ​ថា សំរាប់​ពួក​យូដា និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​ភឿន‌មិត្រ​របស់​គេ រួច​យក​បន្ទះ​ឈើ​១​ទៀត​សរសេរ​ថា សំរាប់​ពួក​យ៉ូសែប ជា​ឈើ​របស់​ពួក​អេប្រា‌អិម និង​ពួក​វង្ស​អ៊ីស្រា‌អែល​ជា​ភឿន‌មិត្រ​របស់​គេ

17. រួច​ភ្ជាប់​គ្នា​ទាំង​២​នោះ ធ្វើ​ជា​បន្ទះ​តែ​១ ដើម្បី​ឲ្យ​បាន​ជាប់​ជា​មួយ​គ្នា​នៅ​ដៃ​ឯង

18. កាល​ណា​ពួក​កូន​ចៅ​សាសន៍​ឯង​នឹង​សួរ​ដល់​ឯង​ថា សូម​ប្រាប់​ឲ្យ​យើង​ដឹង​ជា​ឈើ​ទាំង​២​នេះ​មាន​ន័យ​ដូច​ម្តេច

19. នោះ​ត្រូវ​ឲ្យ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​មើល អញ​នឹង​យក​បន្ទះ​ឈើ​របស់​ពួក​យ៉ូសែប ដែល​នៅ​ដៃ​អេប្រា‌អិម និង​ពូជ​អំបូរ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​ជា​ភឿន‌មិត្រ​របស់​គេ ដាក់​ភ្ជាប់​ជា​មួយ​នឹង​បន្ទះ​ឈើ​១​នោះ​ដែល​ជា​របស់​ពួក​យូដា ឲ្យ​បាន​ជាប់​ជា​បន្ទះ​តែ​១​វិញ រួច​វា​នឹង​បាន​ជាប់​តែ​១​នៅ​ក្នុង​ដៃ​អញ

20. ឈើ​ទាំង​២​ដែល​ឯង​បាន​សរសេរ​ចុះ​នោះ នឹង​បាន​នៅ​ក្នុង​ដៃ​ឯង​ចំពោះ​ភ្នែក​គេ

21. ចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល អញ​នឹង​យក​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ចេញ​ពី​អស់​ទាំង​សាសន៍​ដែល​គេ​បាន​ទៅ​នោះ ហើយ​ប្រមូល​មក​ពី​គ្រប់​ទិស នាំ​ចូល​ទៅ​ក្នុង​ស្រុក​របស់​ផង​ខ្លួន

22. អញ​នឹង​ធ្វើ​ឲ្យ​គេ​រួម​គ្នា​ជា​នគរ​តែ​១​នៅ​ក្នុង​ស្រុក​នោះ គឺ​នៅ​លើ​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល នោះ​នឹង​មាន​ស្តេច​តែ​១​អង្គ​ធ្វើ​ជា​ស្តេច​លើ​គេ​គ្រប់​គ្នា គេ​នឹង​លែង​ធ្វើ​ជា​នគរ​២​ត​ទៅ ឥត​ដែល​បែក​ទៅ​ជា​នគរ​២​ទៀត​ឡើយ

23. ក៏​មិន​ធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ដោយ​គោរព​ដល់​រូប​ព្រះ ឬ​ដោយ​របស់​គួរ​ស្អប់​ខ្ពើម ឬ​ដោយ​អំពើ​រំលង​របស់​ខ្លួន​ទៀត​ដែរ អញ​នឹង​ជួយ​សង្គ្រោះ​គេ ឲ្យ​រួច​ពី​គ្រប់​ទាំង​ទី​អាស្រ័យ​នៅ​របស់​គេ ជា​កន្លែង​ដែល​គេ​បាន​ធ្វើ​បាប​នោះ ហើយ​អញ​នឹង​ជំរះ​គេ​ឲ្យ​ស្អាត​វិញ យ៉ាង​នោះ គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។

សូមអានជំពូកពេញលេញ អេសេគាល 37