គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 37:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា បាន​សណ្ឋិត​លើ​ខ្ញុំ ហើយ​ទ្រង់​ក៏​នាំ​យក​ខ្ញុំ ដោយ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ទៅ​ដាក់​ចុះ​នៅ​កណ្តាល​ច្រក​ភ្នំ​១ ដែល​ពេញ​ដោយ​ឆ្អឹង​ខ្មោច

2. ទ្រង់​ឲ្យ​ខ្ញុំ​ដើរ​ក្បែរ​ឆ្អឹង​ទាំង​នោះ​នៅ​ព័ទ្ធ​ជុំវិញ ខ្ញុំ​ក៏​ឃើញ​ថា នៅ​វាល​ច្រក​នោះ មាន​ឆ្អឹង​យ៉ាង​សន្ធឹក ហើយ​ថា ស្ងួត‌ហែង​ណាស់​ផង

3. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា កូន​មនុស្ស​អើយ តើ​ឆ្អឹង​ទាំង​នេះ​នឹង​រស់​ឡើង​បាន​ឬ ខ្ញុំ​ក៏​ទូល​ឆ្លើយ ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទ្រង់​ជ្រាប​ហើយ

4. ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា ចូរ​ទាយ​ពី​ដំណើរ​ឆ្អឹង​ទាំង​នេះ ហើយ​ប្រាប់​ថា ឱ​ឆ្អឹង​ស្ងួត‌ហែង​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

5. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​ឆ្អឹង​ទាំង​នេះ​ដូច្នេះ​ថា មើល អញ​នឹង​ឲ្យ​មាន​ខ្យល់​ដង្ហើម​ចូល​ក្នុង​ឯង​រាល់​គ្នា ហើយ​ឯង​នឹង​មាន​ជីវិត​ឡើង

6. អញ​នឹង​ដាក់​ឲ្យ​មាន​សរសៃ ហើយ​ធ្វើ​ឲ្យ​មាន​សាច់​ដុះ​លើ​ឯង​រាល់​គ្នា រួច​នឹង​គ្រប​រុំ​ដោយ​ស្បែក ព្រម​ទាំង​បញ្ចូល​ខ្យល់​ដង្ហើម​ទៅ​ក្នុង​ឯង​រាល់​គ្នា​ផង នោះ​ឯង​រាល់​គ្នា​នឹង​មាន​ជីវិត​ឡើង ដូច្នេះ ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

7. ដូច្នេះ ខ្ញុំ​ក៏​ទាយ​ដូច​ជា​ទ្រង់​បង្គាប់​មក ហើយ​កំពុង​ដែល​ខ្ញុំ​ទាយ នោះ​មាន​ឮ​សូរ​ក្រិកៗ ហើយ​មើល ឆ្អឹង​ទាំង​នោះ​បាន​កំរើក ក៏​ផ្គុំ​ជាប់​គ្នា ឆ្អឹង​១​ភ្ជាប់​ត្រង់​កន្លែង​របស់​ខ្លួន

8. កាល​ខ្ញុំ​កំពុង​តែ​មើល នោះ​ឃើញ​មាន​សរសៃ​នឹង​សាច់​កើត​ឡើង​នៅ​ឆ្អឹង​ទាំង​នោះ រួច​មាន​ស្បែក​រុំ​គ្រប​ទៀត តែ​ឥត​មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​វា​ទេ

9. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ចូរ​ទាយ ហើយ​ប្រាប់​ដល់​ខ្យល់ ឱ​កូន​មនុស្ស​អើយ ចូរ​ទាយ​ចុះ ត្រូវ​ប្រាប់​ដល់​ខ្យល់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឱ​ខ្យល់​ដង្ហើម ចូរ​មក​ពី​ខ្យល់​ទាំង​៤​ទិស ផ្លុំ​លើ​ខ្មោច​ស្លាប់​ទាំង​នេះ ឲ្យ​មាន​ជីវិត​រស់​ឡើង

10. ដូច្នេះ ខ្ញុំ​ក៏​ទាយ​ដូច​ជា​ទ្រង់​បង្គាប់​មក រួច​ខ្យល់​ដង្ហើម​ក៏​ចូល​ទៅ​ក្នុង​សព​ទាំង​នោះ ហើយ​វា​ក៏​រស់​ឡើង បាន​ទាំង​ឈរ​ឡើង​ជា​កង‌ទ័ព​យ៉ាង​ធំ​ក្រៃលែង។

11. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ឆ្អឹង​ទាំង​នេះ​ជា​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​មូល មើល គេ​និយាយ​ថា ឆ្អឹង​យើង​រាល់​គ្នា​ស្ងួត‌ហែង​ហើយ ទី​សង្ឃឹម​របស់​យើង​ក៏​បាត់​អស់​ទៅ យើង​រាល់​គ្នា​ត្រូវ​កាត់​ចេញ​ស្រឡះ​ផង

12. ដូច្នេះ ចូរ​ទាយ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ម្នាល​រាស្ត្រ​អញ​អើយ អញ​នឹង​បើក​ផ្នូរ​ខ្មោច​របស់​ឯង​រាល់​គ្នា ហើយ​នឹង​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​ឡើង​ចេញ​ពី​ផ្នូរ​មក រួច​នឹង​នាំ​ឯង​ឲ្យ​ចូល​ទៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​វិញ

សូមអានជំពូកពេញលេញ អេសេគាល 37