គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 36:9-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ដ្បិត​មើល អញ​កាន់​ខាង​ឯង ហើយ​អញ​នឹង​វិល​មក​ឯ​ឯង​វិញ នោះ​នឹង​មាន​គេ​ភ្ជួរ‌រាស់​ហើយ​សាប‌ព្រោះ​ឯង​ឡើង

10. អញ​នឹង​ឲ្យ​មនុស្ស​ចំរើន​ឡើង​នៅ​ក្នុង​ឯង គឺ​ជា​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​មូល ដូច្នេះ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង​នឹង​មាន​មនុស្ស​នៅ ហើយ​អស់​ទាំង​ទី​ខូច​បង់​នឹង​បាន​សង់​ឡើង​វិញ

11. អញ​នឹង​ធ្វើ​ឲ្យ​ទាំង​មនុស្ស និង​សត្វ​ផង បាន​ចំរើន​ឡើង​នៅ​ក្នុង​ឯង គេ​នឹង​ចំរើន​ឡើង ហើយ​សាយ‌គ្រាយ​ចេញ​ទៅ នោះ​អញ​នឹង​ឲ្យ​មាន​មនុស្ស​អាស្រ័យ​នៅ​ក្នុង​ឯង​ដូច​យ៉ាង​ពី​ដើម ហើយ​ប្រព្រឹត្ត​នឹង​ឯង​ដោយ​ល្អ​ជាង​ជាន់​ដើម​ទៅ​ទៀត នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

12. អើ អញ​នឹង​ឲ្យ​មាន​មនុស្ស​ដើរ​លើ​ឯង គឺ​អ៊ីស្រា‌អែល​ជា​រាស្ត្រ​របស់​អញ គេ​នឹង​បាន​ឯង​ជា​របស់​ផង​គេ ហើយ​ឯង​នឹង​បាន​ជា​មរដក​ដល់​គេ នោះ​ឯង​នឹង​មិន​ធ្វើ​ឲ្យ​គេ​ព្រាត់‌ប្រាស​កូន​ទៀត​ឡើយ

13. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​គេ​និយាយ​ពី​ឯង​ថា ឯង​ជា​ស្រុក​ដែល​លេប​មនុស្ស​បាត់ ហើយ​បំរាស​កូន​របស់​សាសន៍​ឯង

14. ដូច្នេះ ឯង​នឹង​លែង​លេប​មនុស្ស​បាត់​ត​ទៅ ក៏​មិន​បំរាស​កូន​របស់​សាសន៍​ឯង​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

15. អញ​ក៏​មិន​ឲ្យ​ឯង​ឮ​ពាក្យ​ត្មះ‌តិះដៀល​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៀត​ដែរ ឯង​មិន​ត្រូវ​រង​ទ្រាំ​សេចក្ដី​ប្រមាថ​មើល‌ងាយ​របស់​គេ​ត​ទៅ ឯង​នឹង​មិន​ធ្វើ​ជា​ហេតុ ឲ្យ​សាសន៍​របស់​ឯង ចំពប់​ដួល​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

16. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា

17. កូន​មនុស្ស​អើយ កាល​ពួក​វង្ស​អ៊ីស្រា‌អែល​បាន​នៅ​ក្នុង​ស្រុក​របស់​ខ្លួន នោះ​គេ​បាន​បង្អាប់​ស្រុក​នោះ ដោយ​ផ្លូវ​ប្រព្រឹត្ត និង​កិរិយា​របស់​ខ្លួន ផ្លូវ​ដែល​គេ​ប្រព្រឹត្ត​នៅ​មុខ​អញ ប្រៀប​ដូច​ជា​សេចក្ដី​ស្មោក‌គ្រោក​នៃ​ស្រី​ដែល​មាន​រដូវ

18. ហេតុ​នោះ​បាន​ជា​អញ​ចាក់​សេចក្ដី​ក្រោធ​របស់​អញ​ទៅ​លើ​គេ គឺ​ដោយ​ព្រោះ​ឈាម​ដែល​គេ​បាន​កំចាយ​នៅ​ក្នុង​ស្រុក ហើយ​ដោយ​ព្រោះ​គេ​បាន​បង្អាប់​ស្រុក ដោយ​រូប​ព្រះ​របស់​គេ

19. ដូច្នេះ អញ​បាន​កំចាត់‌កំចាយ​គេ​ទៅ​នៅ​ក្នុង​អស់​ទាំង​សាសន៍ គេ​ត្រូវ​បែង​ចែក​ទៅ​នៅ​គ្រប់​ស្រុក​ផង អញ​បាន​ជំនុំ‌ជំរះ​គេ​តាម​ផ្លូវ​គេ​ប្រព្រឹត្ត និង​តាម​កិរិយា​របស់​គេ

20. កាល​គេ​បាន​ចូល​ទៅ​ឯ​សាសន៍​ណា​ដែល​គេ​ត្រូវ​ខ្ចាយ​ទៅ​នោះ គេ​ក៏​បង្អាប់​ឈ្មោះ​បរិសុទ្ធ​របស់​អញ​ទៀត ដោយ​មាន​មនុស្ស​ថា ពួក​នេះ​ជា​ពួក​របស់​ព្រះ‌យេហូវ៉ា គេ​បាន​ចេញ​ចាក​ពី​ស្រុក​របស់​ទ្រង់​មក

21. ប៉ុន្តែ​អញ​បាន​យល់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​អញ ដែល​ពួក​វង្ស​អ៊ីស្រា‌អែល​បាន​បង្អាប់ នៅ​កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ទៅ​ដល់​នោះ។

សូមអានជំពូកពេញលេញ អេសេគាល 36