គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 36:19-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. ដូច្នេះ អញ​បាន​កំចាត់‌កំចាយ​គេ​ទៅ​នៅ​ក្នុង​អស់​ទាំង​សាសន៍ គេ​ត្រូវ​បែង​ចែក​ទៅ​នៅ​គ្រប់​ស្រុក​ផង អញ​បាន​ជំនុំ‌ជំរះ​គេ​តាម​ផ្លូវ​គេ​ប្រព្រឹត្ត និង​តាម​កិរិយា​របស់​គេ

20. កាល​គេ​បាន​ចូល​ទៅ​ឯ​សាសន៍​ណា​ដែល​គេ​ត្រូវ​ខ្ចាយ​ទៅ​នោះ គេ​ក៏​បង្អាប់​ឈ្មោះ​បរិសុទ្ធ​របស់​អញ​ទៀត ដោយ​មាន​មនុស្ស​ថា ពួក​នេះ​ជា​ពួក​របស់​ព្រះ‌យេហូវ៉ា គេ​បាន​ចេញ​ចាក​ពី​ស្រុក​របស់​ទ្រង់​មក

21. ប៉ុន្តែ​អញ​បាន​យល់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​អញ ដែល​ពួក​វង្ស​អ៊ីស្រា‌អែល​បាន​បង្អាប់ នៅ​កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ទៅ​ដល់​នោះ។

22. ដូច្នេះ ចូរ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ អញ​មិន​មែន​ធ្វើ​ការ​នេះ ដោយ​យល់​ដល់​ឯង​រាល់​គ្នា​ទេ គឺ​ដោយ​យល់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​អញ​វិញ ជា​ឈ្មោះ​ដែល​ឯង​រាល់​គ្នា​បាន​បង្អាប់ នៅ​កណ្តាល​អស់​ទាំង​សាសន៍​ដែល​ឯង​បាន​ទៅ​ដល់​នោះ

23. អញ​ក៏​នឹង​ញែក​ឈ្មោះ​ដ៏​ជា​ធំ​របស់​អញ ដែល​ត្រូវ​បង្អាប់​នៅ​កណ្តាល​អស់​ទាំង​សាសន៍ គឺ​ដែល​ឯង​រាល់​គ្នា​បាន​បង្អាប់ នៅ​ក្នុង​ពួក​គេ ចេញ​ជា​បរិសុទ្ធ​ដែរ នោះ​ពួក​សាសន៍​ដទៃ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​បាន​ញែក​ជា​បរិសុទ្ធ​ក្នុង​ពួក​ឯង នៅ​ចំពោះ​ភ្នែក​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

24. ដ្បិត​អញ​នឹង​យក​ឯង​រាល់​គ្នា​ចេញ​ពី​អស់​ទាំង​សាសន៍ ហើយ​ប្រមូល​ឯង ពី​គ្រប់​ទាំង​ស្រុក នាំ​មក​ក្នុង​ស្រុក​ជា​របស់​ផង​ឯង​រាល់​គ្នា​វិញ

25. នោះ​អញ​នឹង​ប្រោះ​ទឹក​ស្អាត​ទៅ​លើ​ឯង​រាល់​គ្នា ដូច្នេះ ឯង​នឹង​បាន​ស្អាត អញ​នឹង​ជំរះ​ឯង​រាល់​គ្នា​ឲ្យ​ស្អាត ពី​គ្រប់​ទាំង​សេចក្ដី​ស្មោក‌គ្រោក ហើយ​ពី​អស់​ទាំង​រូប​ព្រះ​របស់​ឯង​ផង

26. អញ​នឹង​ឲ្យ​ឯង​មាន​ចិត្ត​ថ្មី ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅ​ក្នុង​ឯង​ដែរ អញ​នឹង​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម ពី​រូប​សាច់​ឯង​ចេញ រួច​នឹង​ឲ្យ​មាន​ចិត្ត​ជា​សាច់​វិញ

27. អញ​នឹង​ដាក់​វិញ្ញាណ​របស់​អញ​នៅ​ក្នុង​ឯង​រាល់​គ្នា ហើយ​បណ្តាល​ឲ្យ​ឯង​រាល់​គ្នា​ដើរ​តាម​ក្រឹត្យ‌ក្រម ហើយ​រក្សា​បញ្ញត្ត​ច្បាប់​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង

28. នោះ​ឯង​រាល់​គ្នា​នឹង​អាស្រ័យ​នៅ​ក្នុង​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​ពួក​អយ្យកោ​ឯង ឯង​រាល់​គ្នា​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​បាន​ជា​ព្រះ​ដល់​ឯង

29. អញ​នឹង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា​ឲ្យ​រួច​ពី​អស់​ទាំង​សេចក្ដី​សៅ‌ហ្មង​របស់​ឯង អញ​នឹង​បង្គាប់​ដល់​ស្រូវ ឲ្យ​បាន​ចំរើន​ឡើង​ជា​បរិបូរ ឥត​ធ្វើ​ឲ្យ​កើត​មាន​អំណត់​ទៀត​ឡើយ

30. ក៏​នឹង​ចំរើន​ផ្លែ​ឈើ និង​ផល​ចំការ​ឡើង​ដែរ ដើម្បី​មិន​ឲ្យ​ឯង​រាល់​គ្នា​ត្រូវ​ពាក្យ​ដំនៀល​របស់​សាសន៍​ដទៃ ដោយ​ព្រោះ​អំណត់​អត់​នោះ​ត​ទៅ

31. នោះ​ឯង​រាល់​គ្នា​នឹង​នឹក​ចាំ​ពី​កិរិយា​អាក្រក់​របស់​ឯង ហើយ​ពី​អំពើ​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​មិន​ល្អ​ផង ដូច្នេះ ឯង​រាល់​គ្នា​នឹង​មើល​ខ្លួន​ដោយ​ខ្ពើម​ឆ្អើម ដោយ​ព្រោះ​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ឯង។

32. ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ថា មិន​មែន​ដោយ​យល់​ដល់​ឯង​រាល់​គ្នា​ដែល​អញ​ធ្វើ​ដូច្នេះ​ទេ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ឲ្យ​មាន​សេចក្ដី​ខ្មាស ហើយ​ជ្រប់​មុខ ដោយ​ព្រោះ​កិរិយា​របស់​ឯង​ចុះ

33. ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​ថ្ងៃ​ដែល​អញ​ជំរះ​ឯង​រាល់​គ្នា ឲ្យ​ស្អាត​ពី​អស់​ទាំង​អំពើ​ទុច្ចរិត​របស់​ឯង​ចេញ នោះ​អញ​នឹង​ឲ្យ​អស់​ទាំង​ទី​ក្រុង​របស់​ឯង មាន​មនុស្ស​អាស្រ័យ​នៅ​វិញ ហើយ​ឲ្យ​អស់​ទាំង​ទី​ខូច​បង់​បាន​សង់​ឡើង

សូមអានជំពូកពេញលេញ អេសេគាល 36