គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 36:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. កូន​មនុស្ស​អើយ ចូរ​ទាយ​ដល់​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល​ដែរ​ថា ឱ​ភ្នំ​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

2. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ខ្មាំង​សត្រូវ​បាន​ពោល​ឡក​ឲ្យ​ឯង​ថា ហាស‌ហា ទី​ខ្ពស់​ពី​បុរាណ​ទាំង​នេះ​បាន​ត្រឡប់​ជា​របស់​ផង​យើង​ហើយ

3. ដូច្នេះ ចូរ​ទាយ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ហេតុ​នេះ គឺ​ដោយ​ព្រោះ​តែ​គេ​បាន​ធ្វើ​ឲ្យ​ឯង​នៅ​ស្ងាត់‌ច្រៀប ព្រម​ទាំង​លេប​ឯង​ចូល​នៅ​គ្រប់​ទិស ឲ្យ​ឯង​បាន​ទៅ​ជា​របស់​សាសន៍​ដែល​នៅ​សល់ ហើយ​ដោយ​ព្រោះ​ពួក​អ្នក​និយាយ​ដើម​បាន​ចាប់​តាំង​និយាយ​ពី​ឯង ហើយ​ជន​ទាំង‌ឡាយ​និយាយ​អាក្រក់​ពី​ឯង​ផង

4. ដូច្នេះ ឱ​ភ្នំ​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា​ចុះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដល់​អស់​ទាំង​ភ្នំ​ធំ​តូច ផ្លូវ​ទឹក និង​ច្រក​ភ្នំ ព្រម​ទាំង​ទី​ខូច​បង់ និង​ទី​ក្រុង​ដែល​គេ​ចោល​ស្ងាត់​ជា​ទី​ដែល​បាន​ត្រឡប់​ជា​រំពា ហើយ​ជា​ទី​ឡក‌ឡឺយ​ដល់​សំណល់​នៃ​អស់​ទាំង​សាសន៍​ដែល​នៅ​ព័ទ្ធ​ជុំវិញ

5. គឺ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯ​សំណល់​នៃ​អស់​ទាំង​សាសន៍ ព្រម​ទាំង​ស្រុក​អេដំម​ទាំង​មូល ដែល​បាន​ដំរូវ​ស្រុក​អញ​ទុក​ជា​របស់​ផង​គេ ដោយ​សេចក្ដី​អំណរ​អស់​ពី​ចិត្ត ទាំង​មាន​ចិត្ត​មើល‌ងាយ​ផង ដើម្បី​នឹង​បោះ‌បង់​ចោល​ចេញ​ទុក​ជា​រំពា នោះ​ពិត​ប្រាកដ​ជា​អញ​បាន​តប​នឹង​គេ​ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​អញ

6. ដូច្នេះ ចូរ​ទាយ​ពី​ដំណើរ​ស្រុក​អ៊ីស្រា‌អែល ហើយ​ប្រាប់​ដល់​អស់​ទាំង​ភ្នំ​ធំ​តូច ផ្លូវ​ទឹក និង​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល អញ​បាន​និយាយ ដោយ​សេចក្ដី​ប្រចណ្ឌ និង​សេចក្ដី​ក្រោធ​របស់​អញ ហើយ​ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​សាសន៍​ដទៃ

7. ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ស្បថ​ហើយ​ថា ពិត​ប្រាកដ​ជា​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ព័ទ្ធ​ជុំវិញ​ឯង គេ​នឹង​ត្រូវ​រង់​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន​គេ​វិញ។

8. តែ​ចំណែក​ឯង ឱ​ភ្នំ​អ៊ីស្រា‌អែល​អើយ ឯង​រាល់​គ្នា​នឹង​បែក​មែក ហើយ​បង្កើត​ផល​របស់​ឯង ឲ្យ​អ៊ីស្រា‌អែល​ជា​រាស្ត្រ​អញ ពី​ព្រោះ​គេ​រៀប​នឹង​មក​ហើយ

9. ដ្បិត​មើល អញ​កាន់​ខាង​ឯង ហើយ​អញ​នឹង​វិល​មក​ឯ​ឯង​វិញ នោះ​នឹង​មាន​គេ​ភ្ជួរ‌រាស់​ហើយ​សាប‌ព្រោះ​ឯង​ឡើង

10. អញ​នឹង​ឲ្យ​មនុស្ស​ចំរើន​ឡើង​នៅ​ក្នុង​ឯង គឺ​ជា​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​មូល ដូច្នេះ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង​នឹង​មាន​មនុស្ស​នៅ ហើយ​អស់​ទាំង​ទី​ខូច​បង់​នឹង​បាន​សង់​ឡើង​វិញ

11. អញ​នឹង​ធ្វើ​ឲ្យ​ទាំង​មនុស្ស និង​សត្វ​ផង បាន​ចំរើន​ឡើង​នៅ​ក្នុង​ឯង គេ​នឹង​ចំរើន​ឡើង ហើយ​សាយ‌គ្រាយ​ចេញ​ទៅ នោះ​អញ​នឹង​ឲ្យ​មាន​មនុស្ស​អាស្រ័យ​នៅ​ក្នុង​ឯង​ដូច​យ៉ាង​ពី​ដើម ហើយ​ប្រព្រឹត្ត​នឹង​ឯង​ដោយ​ល្អ​ជាង​ជាន់​ដើម​ទៅ​ទៀត នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

12. អើ អញ​នឹង​ឲ្យ​មាន​មនុស្ស​ដើរ​លើ​ឯង គឺ​អ៊ីស្រា‌អែល​ជា​រាស្ត្រ​របស់​អញ គេ​នឹង​បាន​ឯង​ជា​របស់​ផង​គេ ហើយ​ឯង​នឹង​បាន​ជា​មរដក​ដល់​គេ នោះ​ឯង​នឹង​មិន​ធ្វើ​ឲ្យ​គេ​ព្រាត់‌ប្រាស​កូន​ទៀត​ឡើយ

សូមអានជំពូកពេញលេញ អេសេគាល 36