គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 34:7-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ហេតុ​នោះ​ពួក​អ្នក​គង្វាល​រាល់​គ្នា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

8. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ ពិត​ប្រាកដ​ជា​ដោយ​ព្រោះ​ហ្វូង​ចៀម​អញ​បាន​ទៅ​ជា​រំពា ហើយ​ត្រឡប់​ទៅ​ជា​អាហារ​ដល់​អស់​ទាំង​សត្វ​ព្រៃ ដោយ​ឥត​មាន​អ្នក​គង្វាល ហើយ​ដោយ​ព្រោះ​អ្នក​គង្វាល​ទាំង​ប៉ុន្មាន​របស់​អញ មិន​បាន​ស្វះ‌ស្វែង​រក​ចៀម​អញ គឺ​បាន​ឃ្វាល​តែ​ខ្លួន​ឯង​វិញ ឥត​ឃ្វាល​ហ្វូង​ចៀម​អញ​សោះ

9. ដូច្នេះ ពួក​អ្នក​គង្វាល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

10. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​ទាស់​នឹង​ពួក​អ្នក​គង្វាល ហើយ​អញ​នឹង​ទារ​ចៀម​អញ​ពី​ដៃ​គេ ក៏​នឹង​ឲ្យ​គេ​ឈប់​លែង​ឃ្វាល​ហ្វូង​ចៀម​ទៅ ពួក​អ្នក​គង្វាល​នឹង​មិន​រក​ស៊ី​ចិញ្ចឹម​ខ្លួន​គេ​ទៀត​ដែរ អញ​នឹង​ជួយ​ឲ្យ​ចៀម​អញ​រួច​ពី​មាត់​គេ ដើម្បី​មិន​ឲ្យ​ធ្វើ​ជា​អាហារ​ដល់​គេ​ឡើយ។

11. ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ គឺ​អញ​នេះ​ហើយ នឹង​ស្វែង​រក​ចៀម​របស់​អញ​ទាំង​ស៊ើប‌សួរ​រក​ទាល់​តែ​ឃើញ​ផង

12. ឯ​អ្នក​គង្វាល គេ​តែង​មើល​ហ្វូង​ចៀម​ខ្លួន នៅ​ថ្ងៃ​ដែល​គេ​នៅ​ជា​មួយ​នឹង​ហ្វូង​ចៀម​ដែល​ខ្ចាត់​ខ្ចាយ​ជា​យ៉ាង​ណា នោះ​អញ​នឹង​ថែ​មើល​ហ្វូង​ចៀម​របស់​អញ ហើយ​ជួយ​ឲ្យ​វា​រួច​ចេញ​ពី​គ្រប់​កន្លែង​ដែល​វា​ត្រូវ​កំចាត់‌កំចាយ​នោះ នៅ​ថ្ងៃ​ដែល​មេឃ​មីរ​ស្រទំ ហើយ​ងងឹត​យ៉ាង​នោះ​ដែរ

13. អញ​នឹង​នាំ​វា​រាល់​គ្នា ចេញ​ពី​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ប្រមូល​វា​ពី​គ្រប់​ទាំង​ស្រុក រួច​នឹង​នាំ​ចូល​ទៅ​ក្នុង​ស្រុក​របស់​វា​វិញ អញ​នឹង​ឃ្វាល​វា​នៅ​លើ​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល ហើយ​តាម​ផ្លូវ​ទឹក និង​នៅ​គ្រប់​ទាំង​កន្លែង​ដែល​មាន​មនុស្ស​នៅ​ក្នុង​ស្រុក​នោះ​ផង

14. អញ​នឹង​ឃ្វាល​វា​នៅ​ទី​វាល​ល្អ ហើយ​ក្រោល​វា​នឹង​នៅ​លើ​ភ្នំ​ខ្ពស់ៗ​នៃ​ស្រុក​អ៊ីស្រា‌អែល នៅ​ទី​នោះ​វា​នឹង​ដេក​ចុះ​ក្នុង​ក្រោល​យ៉ាង​ល្អ ហើយ​នឹង​រក​ស៊ី​នៅ​វាល​ដ៏​ល្អ នៅ​លើ​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល​ដែរ

15. ខ្លួន​អញ​នឹង​ធ្វើ​ជា​អ្នក​គង្វាល​ដល់​ហ្វូង​ចៀម​របស់​អញ ហើយ​អញ​នឹង​ឲ្យ​វា​ដេក​នៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

សូមអានជំពូកពេញលេញ អេសេគាល 34