គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 34:22-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. ដូច្នេះ អញ​នឹង​ជួយ​សង្គ្រោះ​ហ្វូង​ចៀម​របស់​អញ នោះ​វា​នឹង​លែង​បាន​ជា​រំពា​ត​ទៅ ហើយ​អញ​នឹង​ជំនុំ‌ជំរះ​ក្តី​របស់​ចៀម​នឹង​ចៀម

23. អញ​នឹង​តាំង​អ្នក​គង្វាល​តែ​១ ឲ្យ​ថែ​មើល​វា អ្នក​នោះ​នឹង​ឃ្វាល​វា គឺ​ដាវីឌ ជា​អ្នក​បំរើ​របស់​អញ គាត់​នឹង​កៀង​នាំ​វា​ទៅ​ឲ្យ​ស៊ី ហើយ​នឹង​ធ្វើ​ជា​អ្នក​គង្វាល​ដល់​ហ្វូង

24. នោះ​អញ​នេះ គឺ​យេហូវ៉ា​នឹង​ធ្វើ​ជា​ព្រះ​នៃ​វា​រាល់​គ្នា ហើយ​ដាវីឌ ជា​អ្នក​បំរើ​របស់​អញ និង​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​វា គឺ​អញ​នេះ ជា​ព្រះ‌យេហូវ៉ា អញ​បាន​ចេញ​វាចា​ហើយ។

25. អញ​នឹង​តាំង​សន្ធិ‌សញ្ញា​នឹង​វា​រាល់​គ្នា ហើយ​នឹង​ធ្វើ​ឲ្យ​សត្វ​កំណាច​ផុត​ចេញ​ពី​ស្រុក​វា​ទៅ ដូច្នេះ វា​នឹង​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន​ដោយ​សុខ‌សាន្ត ហើយ​ដេក​នៅ​ក្នុង​ព្រៃ​ផង

26. អញ​នឹង​ធ្វើ​ឲ្យ​គេ ព្រម​ទាំង​ទី​កន្លែង​នៅ​ជុំវិញ​ភ្នំ​តូច​របស់​អញ ជា​ទី​ឲ្យ​ពរ អញ​នឹង​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​មក​តាម​រដូវ​កាល នោះ​នឹង​មាន​ព្រះ‌ពរ​ធ្លាក់​មក​មួយ​មេៗ

27. ដើម​ឈើ​នៅ​ផែនដី​នឹង​បង្កើត​ផ្លែ ហើយ​ដី​នឹង​បាន​ផល​ចំរើន វា​រាល់​គ្នា​នឹង​នៅ​ក្នុង​ស្រុក​ខ្លួន ដោយ​សុខ‌សាន្ត ហើយ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​បាន​បំបាក់​នឹម​ចេញ​ពី​វា ហើយ​បាន​ជួយ​ឲ្យ​វា​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ចាប់​វា​ទៅ​ប្រើ

28. នោះ​វា​រាល់​គ្នា​នឹង​មិន​បាន​ជា​រំពា​ដល់​អស់​ទាំង​សាសន៍​ត​ទៅ ហើយ​សត្វ​ព្រៃ​នៅ​ផែនដី​ក៏​មិន​ហែក​វា​ស៊ី​ដែរ គឺ​វា​នឹង​នៅ​ដោយ​សុខ‌សាន្ត​ឥត​មាន​អ្នក​ណា​បំភ័យ​ឡើយ

29. អញ​នឹង​ធ្វើ​ឲ្យ​មាន​ដំណាំ​១​កើត​ឡើង​ទុក​ជា​ល្បី​ដល់​វា នោះ​វា​រាល់​គ្នា​នឹង​មិន​ត្រូវ​សាប‌សូន្យ​ទៅ ដោយ​អំណត់​អត់​នៅ​ក្នុង​ស្រុក​ឡើយ ក៏​មិន​ត្រូវ​រង​ទ្រាំ​សេចក្ដី​ខ្មាស​នៃ​អស់​ទាំង​សាសន៍​ទៀត​ដែរ

30. នោះ​វា​រាល់​គ្នា​នឹង​ដឹង​ថា អញ​ដ៏​ជា​យេហូវ៉ា អញ​ជា​ព្រះ​នៃ​វា ក៏​នៅ​ជា​មួយ​ផង ហើយ​ថា​វា ដែល​ជា​ពួក​វង្ស​អ៊ីស្រា‌អែល វា​ជា​រាស្ត្រ​របស់​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

31. ឯ​ឯង​រាល់​គ្នា​ដែល​ជា​ហ្វូង​ចៀម​របស់​អញ គឺ​ជា​ហ្វូង​ចៀម​នៅ​ទី​ឃ្វាល​របស់​អញ ឯង​រាល់​គ្នា​ជា​មនុស្ស ហើយ​អញ​ជា​ព្រះ​នៃ​ឯង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

សូមអានជំពូកពេញលេញ អេសេគាល 34