គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 33:16-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ដូច្នេះ នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ ពី​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ឲ្យ​ទាស់​នឹង​ខ្លួន​ទៀត​ឡើយ ដ្បិត​គេ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​ទៀង​ត្រង់​ត្រឹម‌ត្រូវ​ហើយ គេ​នឹង​រស់​នៅ​ជា​ពិត។

17. ទោះ​បើ​យ៉ាង​នោះ គង់​តែ​ពួក​កូន​ចៅ​នៃ​សាសន៍​ឯង​តែង​ថា ផ្លូវ​របស់​ព្រះ‌អម្ចាស់​មិន​ស្មើ​ទេ ចំណែក​ខាង​គេ គឺ​ផ្លូវ​របស់​គេ​ទេ​តើ​ដែល​មិន​ស្មើ​វិញ

18. កាល​ណា​មនុស្ស​សុចរិត​បែរ​ចេញ​ពី​សេចក្ដី​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​វិញ នោះ​គេ​នឹង​ត្រូវ​ស្លាប់​ដោយ​ព្រោះ​អំពើ​នោះ​ឯង

19. ហើយ​កាល​ណា​មនុស្ស​អាក្រក់​បែរ​ចេញ​ពី​សេចក្ដី​អាក្រក់​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​តាម​សេចក្ដី​ទៀត​ត្រង់ ហើយ​ត្រឹម‌ត្រូវ​វិញ នោះ​គេ​នឹង​រស់​នៅ​ដោយ‌សារ​អំពើ​នោះ​ឯង

20. ប៉ុន្តែ​ឯង​រាល់​គ្នា​ថា ផ្លូវ​របស់​ព្រះ‌អម្ចាស់​មិន​ស្មើ​ទេ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ អញ​នឹង​ជំនុំ‌ជំរះ​ឯង​រាល់​គ្នា​តាម​ផ្លូវ​របស់​ឯង​រៀង​ខ្លួន។

21. លុះ​ដល់​ថ្ងៃ​៥ ខែ​បុស្ស​ក្នុង​ឆ្នាំ​១២ ដែល​គេ​បាន​ចាប់​យើង​នាំ​ទៅ​ជា​ឈ្លើយ នោះ​មាន​ម្នាក់​ដែល​រត់​រួច​ពី​ក្រុង​យេរូ‌សាឡិម បាន​មក​ដល់​ខ្ញុំ​ប្រាប់​ថា គេ​ចាប់​ទី​ក្រុង​បាន​ហើយ

22. រីឯ​នៅ​ពេល​ល្ងាច មុន​ដែល​អ្នក​រត់​រួច នោះ​បាន​មក​ដល់ នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​ស្ថិត​នៅ​លើ​ខ្ញុំ ទ្រង់​ក៏​បើក​មាត់​ខ្ញុំ ចាំ​តែ​អ្នក​នោះ​មក​ដល់​នៅ​ពេល​ព្រឹក ដូច្នេះ មាត់​ខ្ញុំ​បាន​បើក​ឡើង ហើយ​ខ្ញុំ​មិន​នៅ​គ​ទៀត​ទេ។

23. គ្រា​នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ថា

24. កូន​មនុស្ស​អើយ ពួក​អ្នក​ដែល​អាស្រ័យ​នៅ​អស់​ទាំង​ទី​ខូច​បង់ ក្នុង​ស្រុក​អ៊ីស្រា‌អែល គេ​ថា លោក​អ័ប្រា‌ហាំ​ជា​មនុស្ស​តែ​ម្នាក់​ទេ ហើយ​លោក​បាន​ទទួល​ស្រុក​នេះ​ទុក​ជា​មរដក ឯ​យើង​រាល់​គ្នា​មាន​គ្នា​ច្រើន ស្រុក​នេះ​ក៏​បាន​ប្រគល់​មក​យើង​ទុក​ជា​មរដក​ដែរ

25. ដូច្នេះ ចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯង​រាល់​គ្នា​ស៊ី​សាច់​ដែល​ជាប់​ទាំង​ឈាម ក៏​ងើប​ភ្នែក​ទៅ​ឯ​អស់​ទាំង​រូប​ព្រះ​របស់​ឯង​រាល់​គ្នា ហើយ​កំចាយ​ឈាម​ផង ដូច្នេះ តើ​ឯង​រាល់​គ្នា​នឹង​បាន​ស្រុក​នេះ​ឬ

26. ឯង​រាល់​គ្នា​ពឹង​តែ​ដាវ​របស់​ឯង ក៏​ប្រព្រឹត្ត​ការ​គួរ​ស្អប់​ខ្ពើម ហើយ​បង្ខូច​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ឯង​រៀង​ខ្លួន ដូច្នេះ តើ​ឯង​រាល់​គ្នា​នឹង​បាន​ស្រុក​នេះ​ឬ

27. ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​គេ​ដូច្នេះ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​អស់​ទាំង​ទី​ខូច​បង់​នេះ នឹង​ដួល​ដោយ​ដាវ ហើយ​អ្នក​ណា​ដែល​នៅ​ឯ​ទី​វាល​ទទេ អញ​នឹង​ប្រគល់​ដល់​សត្វ​ព្រៃ​ឲ្យ​ត្រូវ​ហែក​ស៊ី ហើយ​ពួក​អ្នក​ដែល​នៅ​ក្នុង​ទី​មាំ‌មួន និង​ក្នុង​រអាង​ភ្នំ គេ​នឹង​ស្លាប់​ដោយ​អាសន្ន‌រោគ

28. អញ​នឹង​ធ្វើ​ឲ្យ​ស្រុក​នេះ​ស្ងាត់‌ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង នោះ​សេចក្ដី​ឆ្មើង‌ឆ្មៃ​នៃ​អំណាច​វា​នឹង​ផុត​ទៅ ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​របស់​ស្រុក​អ៊ីស្រា‌អែល នឹង​ត្រូវ​ចោល​ស្ងាត់​នៅ​ឥត​មាន​អ្នក​ណា​ដើរ​កាត់​ឡើយ

29. នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត​ក្នុង​កាល​ដែល​អញ​បាន​ធ្វើ​ឲ្យ​ស្រុក​នេះ​ស្ងាត់‌ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង ដោយ​ព្រោះ​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម ដែល​គេ​បាន​ប្រព្រឹត្ត​នោះ។

30. មួយ​ទៀត កូន​មនុស្ស​អើយ ពួក​កូន​ចៅ​របស់​សាសន៍​ឯង គេ​និយាយ​គ្នា​ពី​ឯង​នៅ​ក្បែរ​កំផែង ហើយ​នៅ​មាត់​ទ្វារ​ផ្ទះ គេ​និយាយ​គ្នា គឺ​គ្រប់​គ្នា​និយាយ​នឹង​បង​ប្អូន​ខ្លួន​ថា ចូរ​យើង​ទៅ​ស្តាប់​ព្រះ‌បន្ទូល ដែល​មក​ពី​ព្រះ‌យេហូវ៉ា​ចុះ

សូមអានជំពូកពេញលេញ អេសេគាល 33