គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 33:12-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ដូច្នេះ កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​នៃ​សាសន៍​ឯង​ថា សេចក្ដី​សុចរិត​របស់​មនុស្ស​សុចរិត​នឹង​មិន​ដោះ​អ្នក​នោះ​ឲ្យ​រួច ក្នុង​ថ្ងៃ​ដែល​ប្រព្រឹត្ត​អំពើ​រំលង​វិញ​នោះ​ឡើយ ហើយ​ចំណែក​អំពើ​អាក្រក់ របស់​មនុស្ស​អាក្រក់​វិញ គេ​មិន​បាន​ដួល ដោយ​ព្រោះ​អំពើ​ទាំង​នោះ ក្នុង​ថ្ងៃ​ដែល​បែរ​ចេញ​ពី​អំពើ​អាក្រក់​របស់​ខ្លួន​ទេ ឯ​មនុស្ស​សុចរិត​វិញ ក៏​មិន​អាច​នឹង​រស់​នៅ ដោយ‌សារ​អំពើ​សុចរិត​របស់​ខ្លួន ក្នុង​ថ្ងៃ​ដែល​ប្រព្រឹត្ត​អំពើ​បាប​វិញ​បាន​ដែរ

13. កាល​ណា​អញ​ប្រាប់​ដល់​មនុស្ស​សុចរិត​ថា គេ​នឹង​រស់​នៅ​ជា​ពិត នោះ​បើ​គេ​ពឹង​ដល់​សេចក្ដី​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​វិញ នោះ​នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​អំពើ​សុចរិត​ទាំង​ប៉ុន្មាន​របស់​អ្នក​នោះ​ទេ គឺ​គេ​នឹង​ស្លាប់​ទៅ​ក្នុង​អំពើ​ទុច្ចរិត ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ​វិញ

14. មួយ​ទៀត​បើ​កាល​ណា​អញ​ប្រាប់​ដល់​មនុស្ស​អាក្រក់​ថា ឯង​នឹង​ត្រូវ​ស្លាប់​ជា​ពិត នោះ​បើ​គេ​បែរ​ចេញ​ពី​អំពើ​បាប​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​សេចក្ដី​ដែល​ទៀង​ត្រង់ ហើយ​ត្រឹម‌ត្រូវ​វិញ

15. គឺ​បើ​មនុស្ស​អាក្រក់​នោះ នឹង​ប្រគល់​របស់​បញ្ចាំ​ដល់​ម្ចាស់​វិញ ហើយ​ប្រគល់​របស់​ដែល​ខ្លួន​បាន​លួច ទៅ​វិញ​ដែរ ព្រម​ទាំង​ដើរ​តាម​អស់​ទាំង​ច្បាប់​នៃ​ជីវិត​នេះ ឥត​ប្រព្រឹត្ត​ទុច្ចរិត​ឡើយ នោះ​គេ​នឹង​បាន​រស់​នៅ​ជា​ពិត ឥត​ត្រូវ​ស្លាប់​ទេ

16. ដូច្នេះ នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ ពី​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ឲ្យ​ទាស់​នឹង​ខ្លួន​ទៀត​ឡើយ ដ្បិត​គេ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​ទៀង​ត្រង់​ត្រឹម‌ត្រូវ​ហើយ គេ​នឹង​រស់​នៅ​ជា​ពិត។

17. ទោះ​បើ​យ៉ាង​នោះ គង់​តែ​ពួក​កូន​ចៅ​នៃ​សាសន៍​ឯង​តែង​ថា ផ្លូវ​របស់​ព្រះ‌អម្ចាស់​មិន​ស្មើ​ទេ ចំណែក​ខាង​គេ គឺ​ផ្លូវ​របស់​គេ​ទេ​តើ​ដែល​មិន​ស្មើ​វិញ

18. កាល​ណា​មនុស្ស​សុចរិត​បែរ​ចេញ​ពី​សេចក្ដី​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​វិញ នោះ​គេ​នឹង​ត្រូវ​ស្លាប់​ដោយ​ព្រោះ​អំពើ​នោះ​ឯង

សូមអានជំពូកពេញលេញ អេសេគាល 33