គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 32:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. លុះ​ដល់​ថ្ងៃ​ទី​១ ខែ​ផល្គុន ក្នុង​ឆ្នាំ​ទី​១២ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា

2. កូន​មនុស្ស​អើយ ចូរ​ផ្តើម​ពាក្យ​ទំនួញ​ពី​ដំណើរ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ហើយ​ប្រាប់​វា​ថា ពី​ដើម​ឯង​ប្រៀប​ដូច​ជា​សិង្ហ​ស្ទាវ​របស់​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ដូច​ជា​សត្វ​សំបើម​នៅ​ក្នុង​សមុទ្រ ឯង​បាន​ធ្លាយ​ចេញ​មក​ជា​មួយ​នឹង​ទន្លេ​ទាំង​ប៉ុន្មាន​របស់​ឯង ហើយ​បាន​ធ្វើ​ឲ្យ​ទឹក​ខ្វល់​ឡើង​ដោយ​ជើង​ឯង ព្រម​ទាំង​ឲ្យ​ទន្លេ​គេ​ល្អក់​ទាំង​អស់​ផង

3. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​នឹង​លាត‌លប់​អញ​គ្រប​លើ​ឯង ដោយ‌សារ​ហ្វូង​មនុស្ស​យ៉ាង​ធំ គេ​នឹង​ទាញ​ឯង​ឡើង​មក​ជាប់​ក្នុង​លប់​របស់​អញ

4. នោះ​អញ​នឹង​ទុក​ឯង​ចោល​នៅ​លើ​ដី​គោក អញ​នឹង​បោះ​ឯង​ចោល​ទៅ​នៅ​ទី​វាល​ទទេ ហើយ​នឹង​ឲ្យ​សត្វ​ហើរ​លើ​អាកាស​ទាំង​ប៉ុន្មាន មក​ទំ​លើ​ឯង ក៏​នឹង​ចំអែត​សត្វ​នៅ​ដី​ទាំង​មូល​ដោយ‌សារ​ឯង​ដែរ

5. អញ​នឹង​ដាក់​សាច់​ឯង​នៅ​លើ​ភ្នំ ហើយ​បំពេញ​ច្រក​ភ្នំ​ទាំង​អស់​ដោយ​គំនរ​សាក‌សព​ឯង​ដែរ

6. អញ​នឹង​ស្រោច​ផែនដី ជា​កន្លែង​ឯង​ហែល​ទឹក​នោះ ដោយ​ឈាម​របស់​ឯង រហូត​ដល់​អស់​ទាំង​ភ្នំ​ផង ហើយ​ទាំង​ផ្លូវ​ទឹក​នឹង​បាន​ពេញ​ដោយ​ឯង​ដែរ

7. កាល​ណា​អញ​ពន្លត់​ឯង នោះ​អញ​នឹង​បាំង​ផ្ទៃ​មេឃ ហើយ​ធ្វើ​ឲ្យ​ផ្កាយ​ងងឹត​ទៅ អញ​នឹង​បាំង​ថ្ងៃ​ដោយ​ពពក ហើយ​ខែ​នឹង​លែង​ភ្លឺ​ដែរ

8. ឯ​អស់​ទាំង​តួ​ពន្លឺ​នៅ​លើ​មេឃ នោះ​អញ​នឹង​ធ្វើ​ឲ្យ​ងងឹត​ទៅ​ដោយ​ព្រោះ​ឯង ព្រម​ទាំង​គ្រប​ស្រុក​ឯង​ដោយ​ងងឹត​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

9. អញ​នឹង​បណ្តាល​ឲ្យ​ចិត្ត​នៃ​មនុស្ស​ជា​ច្រើន​តក់‌ស្លុត ក្នុង​កាល​ដែល​អញ​នាំ​ដំណឹង ពី​ការ​វិនាស​របស់​ឯង ទៅ​កណ្តាល​អស់​ទាំង​សាសន៍ គឺ​ទៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន ដែល​ឯង​មិន​បាន​ស្គាល់​ឡើយ

10. អើ អញ​នឹង​ឲ្យ​ជន‌ជាតិ​ជា​ច្រើន មាន​សេចក្ដី​អស្ចារ្យ ពី​ដំណើរ​ឯង ហើយ​ស្តេច​របស់​គេ នឹង​ភ័យ​ខ្លាច​ជា​ខ្លាំង ដោយ​ព្រោះ​ឯង​ក្នុង​កាល​ដែល​អញ​លើក​ដាវ​អញ​នៅ​មុខ​គេ គេ​នឹង​ញ័រ‌ញាក់​ជានិច្ច ដោយ​ព្រោះ​ជីវិត​រៀង​ខ្លួន នៅ​ថ្ងៃ​ដែល​ឯង​នឹង​ត្រូវ​ដួល​នោះ។

11. ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដាវ​របស់​ស្តេច​បាប៊ីឡូន​នឹង​មក​លើ​ឯង

12. អញ​នឹង​ធ្វើ​ឲ្យ​ពួក​កក‌កុញ​របស់​ឯង​ដួល ដោយ​ដាវ​នៃ​ពួក​ខ្លាំង​ពូកែ គេ​សុទ្ធ​តែ​ជា​មនុស្ស​គួរ​ស្ញែង‌ខ្លាច នៅ​ក្នុង​អស់​ទាំង​សាសន៍ គេ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ឆ្មើង‌ឆ្មៃ​របស់​ស្រុក​អេស៊ីព្ទ​សូន្យ​បាត់​ទៅ ហើយ​ពួក​កក‌កុញ​របស់​វា​នឹង​ត្រូវ​វិនាស​ទៅ​ដែរ

សូមអានជំពូកពេញលេញ អេសេគាល 32