គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 30:2-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. កូន​មនុស្ស​អើយ ចូរ​ទាយ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ទ្រហោ‌យំ​ថា ថ្ងៃ​នោះ​វេទនា​អី​ម៉្លេះ

3. ដ្បិត​ថ្ងៃ​នោះ​ជិត​ដល់​ហើយ គឺ​ជា​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចូល​មក​ជិត​ហើយ ជា​ថ្ងៃ​មីរ​ស្រទំ គឺ​ជា​ពេល​កំណត់​នៃ​អស់​ទាំង​សាសន៍

4. នឹង​មាន​ដាវ​មក​លើ​ស្រុក​អេស៊ីព្ទ ហើយ​សេចក្ដី​តក់‌ស្លុត​នៅ​ក្នុង​ស្រុក​អេធីយ៉ូពី គឺ​ក្នុង​កាល​ដែល​មនុស្ស​ត្រូវ​របួស​ដួល​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ គេ​នឹង​ដឹក‌នាំ​ពួក​ជន​ទាំង‌ឡាយ​របស់​វា​ចេញ​ទៅ ហើយ​ឫស​វា​នឹង​ត្រូវ​បំផ្លាញ​បង់

5. ពួក​សាសន៍​អេធីយ៉ូពី សាសន៍​ពូត សាសន៍​លូឌ និង​អស់​ទាំង​សាសន៍​លាយ‌ឡំ​គ្នា ព្រម​ទាំង​ពួក​គូប​ពួក​កូន​ចៅ​នៃ​ស្រុក​ដែល​ជា​មេត្រី​មិត្រ គេ​នឹង​ដួល​ដោយ​ដាវ​ទៅ​ជា​មួយ​គ្នា។

6. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឯ​ពួក​អ្នក​ដែល​ទប់‌ទល់​ស្រុក​អេស៊ីព្ទ គេ​នឹង​ដួល​ដែរ ហើយ​ទាំង​សេចក្ដី​ឆ្មើង‌ឆ្មៃ​នៃ​អំណាច​វា នឹង​ត្រូវ​បន្ទាប​ចុះ​ផង គេ​នឹង​ដួល​ដោយ​ដាវ នៅ​ក្នុង​ស្រុក​នោះ ចាប់​តាំង​ពី​ប៉ម​ស៊ីយេន រហូត​ទៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

7. ហើយ​គេ​នឹង​ត្រូវ​ស្ងាត់‌ច្រៀប នៅ​កណ្តាល​ស្រុក​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ចោល​ស្ងាត់ អស់​ទាំង​ទី​ក្រុង​របស់​ស្រុក​នោះ នឹង​នៅ​ក្នុង​ពួក​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​ខូច​បង់​ដែរ

8. ដូច្នេះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត គឺ​ក្នុង​កាល​ដែល​អញ​បាន​បង្កាត់​ភ្លើង​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ហើយ​អស់​អ្នក​ជំនួយ​របស់​វា​បាន​ត្រូវ​បំផ្លាញ​ទៅ

9. នៅ​ថ្ងៃ​នោះ ពួក​ទូត​នឹង​ចេញ​ពី​ចំពោះ​អញ ជិះ​នាវា​ទៅ​បំភ័យ​ដល់​ពួក​សាសន៍​អេធីយ៉ូពី ដែល​នៅ​ដោយ​ឥត​កង្វល់ នោះ​នឹង​មាន​សេចក្ដី​តក់‌ស្លុត​គ្រប​លើ​គេ ដូច​ជា​នៅ​ថ្ងៃ​របស់​ស្រុក​អេស៊ីព្ទ​ដែរ ដ្បិត​មើល​ន៏ ថ្ងៃ​នោះ​មក​ហើយ។

10. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​នឹង​ធ្វើ​ឲ្យ​ពួក​ជន​ទាំង‌ឡាយ​នៃ​ស្រុក​អេស៊ីព្ទ​ផុត​ទៅ ដោយ‌សារ​ដៃ​នៃ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន

11. ស្តេច​នោះ និង​ពួក​រាស្ត្រ​ផង គឺ​ជា​ពួក​គួរ​ស្ញែង‌ខ្លាច​នៅ​ក្នុង​អស់​ទាំង​សាសន៍ គេ​នឹង​នាំ​គ្នា​មក​បំផ្លាញ​ស្រុក​អេស៊ីព្ទ ហើយ​នឹង​ហូត​ដាវ​ទាស់​នឹង​ស្រុក​នោះ ព្រម​ទាំង​បំពេញ​ដោយ​សាក‌សព​នៃ​មនុស្ស​ដែល​គេ​សំឡាប់

12. អញ​នឹង​ពង្រីង​អស់​ទាំង​ទន្លេ​ឲ្យ​រីង​ស្ងួត​ទៅ ហើយ​នឹង​លក់​ស្រុក​នោះ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​អាក្រក់ ក៏​នឹង​ធ្វើ​ឲ្យ​ស្រុក​ទៅ​ជា​ស្ងាត់‌ច្រៀប ព្រម​ទាំង​របស់​ដែល​នៅ​ក្នុង​ស្រុក​នោះ​ផង ដោយ‌សារ​ដៃ​នៃ​ពួក​អ្នក​ដទៃ គឺ​អញ​នេះ ជា​ព្រះ‌យេហូវ៉ា អញ​បាន​ចេញ​វាចា​ហើយ។

13. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​នឹង​បំផ្លាញ​អស់​ទាំង​រូប​ព្រះ ហើយ​នឹង​ធ្វើ​ឲ្យ​រូប​ទាំង​អស់​ផុត​បាត់​ពី​ក្រុង​ណូព​ទៅ នោះ​នឹង​លែង​មាន​ចៅ‌ហ្វាយ​ណា​នៅ​ស្រុក​អេស៊ីព្ទ​ទៀត អញ​នឹង​ឲ្យ​សេចក្ដី​ភ័យ​ខ្លាច​គ្រប​លើ​ស្រុក​អេស៊ីព្ទ

14. ហើយ​នឹង​ឲ្យ​ស្រុក​ប៉ាត្រូស​នៅ​ស្ងាត់‌ច្រៀប ព្រម​ទាំង​បង្កាត់​ភ្លើង​នៅ​ស្រុក​សូអាន ហើយ​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ក្រុង​នរ​ផង

សូមអានជំពូកពេញលេញ អេសេគាល 30