គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 30:13-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​នឹង​បំផ្លាញ​អស់​ទាំង​រូប​ព្រះ ហើយ​នឹង​ធ្វើ​ឲ្យ​រូប​ទាំង​អស់​ផុត​បាត់​ពី​ក្រុង​ណូព​ទៅ នោះ​នឹង​លែង​មាន​ចៅ‌ហ្វាយ​ណា​នៅ​ស្រុក​អេស៊ីព្ទ​ទៀត អញ​នឹង​ឲ្យ​សេចក្ដី​ភ័យ​ខ្លាច​គ្រប​លើ​ស្រុក​អេស៊ីព្ទ

14. ហើយ​នឹង​ឲ្យ​ស្រុក​ប៉ាត្រូស​នៅ​ស្ងាត់‌ច្រៀប ព្រម​ទាំង​បង្កាត់​ភ្លើង​នៅ​ស្រុក​សូអាន ហើយ​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ក្រុង​នរ​ផង

15. អញ​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ​ទៅ​លើ​ស្រុក​សីន ជា​ទី​មាំ‌មួន​របស់​ស្រុក​អេស៊ីព្ទ ហើយ​នឹង​កាត់​ពួក​បណ្តា‌ជន​ពី​ក្រុង​នរ​ចេញ

16. អញ​នឹង​បង្កាត់​ភ្លើង​នៅ​ស្រុក​អេស៊ីព្ទ ស្រុក​សីន​នឹង​មាន​សេចក្ដី​តក់‌ស្លុត​យ៉ាង​ខ្លាំង ក្រុង​នរ​នឹង​ត្រូវ​បាក់​បែក ហើយ​ពួក​ខ្មាំង​សត្រូវ​នឹង​ចូល​ក្រុង​ណូព​ទាំង​ថ្ងៃ

17. ពួក​កំឡោះៗ​នៃ​ក្រុង​អាវេន និង​ក្រុង​ភី-បែសែត គេ​នឹង​ដួល​ចុះ​ដោយ​ដាវ ទី​ក្រុង​ទាំង​នោះ​នឹង​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ

18. នៅ​ត្រង់​ក្រុង​តាហា‌ពេនេស នោះ​ថ្ងៃ​នឹង​ត្រូវ​ងងឹត ក្នុង​កាល​ដែល​អញ​បំបាក់​នឹម នៃ​ស្រុក​អេស៊ីព្ទ​នៅ​ទី​នោះ ហើយ​សេចក្ដី​ឆ្មើង‌ឆ្មៃ​នៃ​អំណាច​គេ​នឹង​ផុត​ទៅ ចំណែក​ស្រុក​នោះ​នឹង​មាន​ពពក​គ្រប​បាំង​ពី​លើ ហើយ​ពួក​កូន​ស្រី​ទាំង​ប៉ុន្មាន នឹង​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ

19. គឺ​យ៉ាង​ដូច្នោះ​ដែល​អញ​នឹង​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ស្រុក​អេស៊ីព្ទ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

20. លុះ​ដល់​ថ្ងៃ​៧ ខែ​ចេត្រ​ឆ្នាំ ទី​១១ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា

21. កូន​មនុស្ស​អើយ អញ​បាន​បំបាក់​ដៃផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ក៏​ឥត​មាន​អ្នក​ណា​នឹង​មើល ដើម្បី​នឹង​លាប​ថ្នាំ ហើយ​រុំ​អប​ឲ្យ​មាន​កំឡាំង​អាច​កាន់​ដាវ​ទៀត​បាន​ឡើយ

22. ហេតុ​នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​ទាស់​នឹង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ អញ​នឹង​បំបាក់​ដៃ​វា​ទាំង​សង​ខាង គឺ​ដៃ​ដែល​នៅ​មាំ និង​ដៃ​ដែល​បាក់​ហើយ​នោះ​ផង អញ​នឹង​ធ្វើ​ឲ្យ​ដាវ​ធ្លាក់​ចុះ​ពី​ដៃ​វា

23. ហើយ​អញ​នឹង​កំចាត់‌កំចាយ​ពួក​សាសន៍​អេស៊ីព្ទ ឲ្យ​ទៅ​នៅ​កណ្តាល​អស់​ទាំង​សាសន៍​ព្រម​ទាំង​បែង​ចែក​គេ​ទៅ​ក្នុង​គ្រប់​ទាំង​ស្រុក

24. អញ​នឹង​ចំរើន​កំឡាំង​ដៃ​នៃ​ស្តេច​បាប៊ីឡូន ហើយ​ដាក់​ដាវ​អញ​ទៅ​ក្នុង​ដៃ​វា តែ​អញ​នឹង​បំបាក់​ដៃ​ទាំង​២​របស់​ផារ៉ោន​វិញ ដូច្នេះ វា​នឹង​ថ្ងូរ​នៅ​មុខ​ស្តេច​បាប៊ីឡូន ដោយ​ដំងូរ​នៃ​មនុស្ស​ដែល​ត្រូវ​របួស​ដល់​ស្លាប់

25. អញ​នឹង​ជ្រោង​ដៃ​របស់​ស្តេច​ស្រុក​បាប៊ីឡូន តែ​ដៃ​របស់​ផារ៉ោន​នឹង​ធ្លាក់​ចុះ​វិញ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​ដាក់​ដាវ​របស់​អញ​ទៅ​ក្នុង​ដៃ​ស្តេច​បាប៊ីឡូន ហើយ​វា​បាន​លូក​ដាវ​នោះ​ទៅ​លើ​ស្រុក​អេស៊ីព្ទ

សូមអានជំពូកពេញលេញ អេសេគាល 30