11. ស្តេចនោះ និងពួករាស្ត្រផង គឺជាពួកគួរស្ញែងខ្លាចនៅក្នុងអស់ទាំងសាសន៍ គេនឹងនាំគ្នាមកបំផ្លាញស្រុកអេស៊ីព្ទ ហើយនឹងហូតដាវទាស់នឹងស្រុកនោះ ព្រមទាំងបំពេញដោយសាកសពនៃមនុស្សដែលគេសំឡាប់
12. អញនឹងពង្រីងអស់ទាំងទន្លេឲ្យរីងស្ងួតទៅ ហើយនឹងលក់ស្រុកនោះទៅក្នុងកណ្តាប់ដៃនៃមនុស្សអាក្រក់ ក៏នឹងធ្វើឲ្យស្រុកទៅជាស្ងាត់ច្រៀប ព្រមទាំងរបស់ដែលនៅក្នុងស្រុកនោះផង ដោយសារដៃនៃពួកអ្នកដទៃ គឺអញនេះ ជាព្រះយេហូវ៉ា អញបានចេញវាចាហើយ។
13. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញនឹងបំផ្លាញអស់ទាំងរូបព្រះ ហើយនឹងធ្វើឲ្យរូបទាំងអស់ផុតបាត់ពីក្រុងណូពទៅ នោះនឹងលែងមានចៅហ្វាយណានៅស្រុកអេស៊ីព្ទទៀត អញនឹងឲ្យសេចក្ដីភ័យខ្លាចគ្របលើស្រុកអេស៊ីព្ទ
14. ហើយនឹងឲ្យស្រុកប៉ាត្រូសនៅស្ងាត់ច្រៀប ព្រមទាំងបង្កាត់ភ្លើងនៅស្រុកសូអាន ហើយសំរេចសេចក្ដីយុត្តិធម៌ដល់ក្រុងនរផង
15. អញនឹងចាក់សេចក្ដីឃោរឃៅរបស់អញទៅលើស្រុកសីន ជាទីមាំមួនរបស់ស្រុកអេស៊ីព្ទ ហើយនឹងកាត់ពួកបណ្តាជនពីក្រុងនរចេញ
16. អញនឹងបង្កាត់ភ្លើងនៅស្រុកអេស៊ីព្ទ ស្រុកសីននឹងមានសេចក្ដីតក់ស្លុតយ៉ាងខ្លាំង ក្រុងនរនឹងត្រូវបាក់បែក ហើយពួកខ្មាំងសត្រូវនឹងចូលក្រុងណូពទាំងថ្ងៃ
17. ពួកកំឡោះៗនៃក្រុងអាវេន និងក្រុងភី-បែសែត គេនឹងដួលចុះដោយដាវ ទីក្រុងទាំងនោះនឹងត្រូវដឹកនាំទៅជាឈ្លើយ
18. នៅត្រង់ក្រុងតាហាពេនេស នោះថ្ងៃនឹងត្រូវងងឹត ក្នុងកាលដែលអញបំបាក់នឹម នៃស្រុកអេស៊ីព្ទនៅទីនោះ ហើយសេចក្ដីឆ្មើងឆ្មៃនៃអំណាចគេនឹងផុតទៅ ចំណែកស្រុកនោះនឹងមានពពកគ្របបាំងពីលើ ហើយពួកកូនស្រីទាំងប៉ុន្មាន នឹងត្រូវដឹកនាំទៅជាឈ្លើយ
19. គឺយ៉ាងដូច្នោះដែលអញនឹងសំរេចសេចក្ដីយុត្តិធម៌ដល់ស្រុកអេស៊ីព្ទ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
20. លុះដល់ថ្ងៃ៧ ខែចេត្រឆ្នាំ ទី១១ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
21. កូនមនុស្សអើយ អញបានបំបាក់ដៃផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ក៏ឥតមានអ្នកណានឹងមើល ដើម្បីនឹងលាបថ្នាំ ហើយរុំអបឲ្យមានកំឡាំងអាចកាន់ដាវទៀតបានឡើយ
22. ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញទាស់នឹងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ អញនឹងបំបាក់ដៃវាទាំងសងខាង គឺដៃដែលនៅមាំ និងដៃដែលបាក់ហើយនោះផង អញនឹងធ្វើឲ្យដាវធ្លាក់ចុះពីដៃវា
23. ហើយអញនឹងកំចាត់កំចាយពួកសាសន៍អេស៊ីព្ទ ឲ្យទៅនៅកណ្តាលអស់ទាំងសាសន៍ព្រមទាំងបែងចែកគេទៅក្នុងគ្រប់ទាំងស្រុក
24. អញនឹងចំរើនកំឡាំងដៃនៃស្តេចបាប៊ីឡូន ហើយដាក់ដាវអញទៅក្នុងដៃវា តែអញនឹងបំបាក់ដៃទាំង២របស់ផារ៉ោនវិញ ដូច្នេះ វានឹងថ្ងូរនៅមុខស្តេចបាប៊ីឡូន ដោយដំងូរនៃមនុស្សដែលត្រូវរបួសដល់ស្លាប់
25. អញនឹងជ្រោងដៃរបស់ស្តេចស្រុកបាប៊ីឡូន តែដៃរបស់ផារ៉ោននឹងធ្លាក់ចុះវិញ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញដាក់ដាវរបស់អញទៅក្នុងដៃស្តេចបាប៊ីឡូន ហើយវាបានលូកដាវនោះទៅលើស្រុកអេស៊ីព្ទ
26. អញនឹងកំចាត់កំចាយពួកសាសន៍អេស៊ីព្ទ ឲ្យទៅនៅកណ្តាលអស់ទាំងសាសន៍ ព្រមទាំងបែងចែកគេ ឲ្យទៅនៅគ្រប់ទាំងស្រុក នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។