គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 3:6-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. មិន​មែន​ទៅ​ឯ​សាសន៍​ជា​ច្រើន ដែល​មាន​ពាក្យ​សំដី​ប្លែក និង​ភាសា​ពិបាក ដែល​ឯង​នឹង​ស្តាប់​ពាក្យ​របស់​គេ​មិន​បាន​នោះ​ទេ បើ‌សិន​ជា​អញ​ចាត់​ឯង​ឲ្យ​ទៅ​ឯ​សាសន៍​ទាំង​នោះ ប្រាកដ​ជា​គេ​នឹង​ស្តាប់​ឯង​ជា​ពិត

7. តែ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​មិន​ព្រម​ស្តាប់​តាម​ឯង​ទេ ពី​ព្រោះ​គេ​មិន​ព្រម​ស្តាប់​តាម​អញ​ហើយ ដ្បិត​ពូជ‌ពង្ស​អ៊ីស្រា‌អែល​សុទ្ធ​តែ​មាន​ក្បាល​រឹង ហើយ​មាន​ចិត្ត​ចចេស

8. មើល អញ​ធ្វើ​ឲ្យ​មុខ​ឯង​បាន​រឹង​ត​នឹង​មុខ​គេ ហើយ​ក្បាល​ឯង​បាន​រឹង​ត​នឹង​ក្បាល​គេ​ដែរ

9. អញ​បាន​ធ្វើ​ឲ្យ​ក្បាល​ឯង​រឹង ដូច​ជា​ពេជ្រ​ដែល​រឹង​ជាង​ថ្ម​ដែក​ភ្លេង​ទៅ​ទៀត កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ក៏​កុំ​ឲ្យ​ស្លុត​នឹង​ទឹក​មុខ​របស់​គេ​ដែរ ទោះ​បើ​គេ​ជា​ពូជ‌ពង្ស​រឹង‌ចចេស​ក៏​ដោយ

10. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា កូន​មនុស្ស​អើយ ចូរ​ទទួល​អស់​ទាំង​ពាក្យ ដែល​អញ​នឹង​ប្រាប់​ដល់​ឯង ទុក​នៅ​ក្នុង​ចិត្ត​ចុះ ហើយ​ស្តាប់​ដោយ​ត្រចៀក​ផង

11. រួច​ទៅ​ចុះ ចូរ​ទៅ​ឯ​ពួក​អ្នក​ដែល​នៅ​ជា​ឈ្លើយ គឺ​ជា​ពួក​កូន​ចៅ​របស់​សាសន៍​ឯង ហើយ​និយាយ​ប្រាប់​ដល់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ នេះ​គឺ​ទោះ​បើ​គេ​នឹង​ព្រម​ស្តាប់​តាម ឬ​មិន​ព្រម​ស្តាប់​ក្តី។

12. លំដាប់​នោះ ព្រះ‌វិញ្ញាណ​ទ្រង់​លើក​ខ្ញុំ​ឡើង ហើយ​ខ្ញុំ​ឮ​សូរ​អឺង‌អាប់​ជា​ខ្លាំង​ពី​ក្រោយ​ខ្ញុំ​ថា សូម​ឲ្យ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​ពរ​ពី​ស្ថាន​របស់​ទ្រង់​មក

13. ហើយ​ក៏​ឮ​សូរ​សន្ធឹក​នៃ​ស្លាប​របស់​តួ​មាន​ជីវិត​ទាំង​នោះ ដែល​ប៉ះ​គ្នា និង​សូរ​របស់​កង​ទាំង​នោះ​ដែល​អម​ទៅ គឺ​ជា​សូរ​អឺង‌អាប់​យ៉ាង​ខ្លាំង

14. ដូច្នេះ ព្រះ‌វិញ្ញាណ​ទ្រង់​លើក​ខ្ញុំ​ឡើង​យក​ទៅ ឯ​ខ្ញុំ​ក៏​ទៅ​ដោយ​មាន​សេចក្ដី​ជូរ​ចត់ ហើយ​ដោយ​សេចក្ដី​ក្តៅ​ក្រហាយ​នៃ​វិញ្ញាណ​ខ្ញុំ ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ខ្ញុំ​ជា​ខ្លាំង​ដែរ

15. នោះ​ខ្ញុំ​ទៅ​ដល់​ពួក​ឈ្លើយ ដែល​នៅ​ត្រង់​ថេល-អាប៊ីប នៅ​ក្បែរ​ទន្លេ​កេបារ រីឯ​ទៅ​កន្លែង​ដែល​គេ​អាស្រ័យ​នៅ នោះ​ខ្ញុំ​ក៏​នៅ​កណ្តាល​គេ​អស់​៧​ថ្ងៃ​ដោយ​ស្រឡាំង‌កាំង។

16. លុះ​ផុត​ពី​៧​ថ្ងៃ​នោះ​មក ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា

17. កូន​មនុស្ស​អើយ អញ​បាន​តាំង​ឯង​ឲ្យ​ជា​អ្នក​យាម ដល់​ពូជ‌ពង្ស​អ៊ីស្រា‌អែល ដូច្នេះ ត្រូវ​ឲ្យ​ឯង​ស្តាប់​ពាក្យ​ពី​មាត់​អញ រួច​ទៅ​ប្រាម‌ប្រាប់​គេ​ឲ្យ​អញ​ផង

18. កាល​ណា​អញ​ប្រាប់​ដល់​មនុស្ស​អាក្រក់​ថា ឯង​នឹង​ត្រូវ​ស្លាប់​ជា​ពិត នោះ​បើ​ឯង​មិន​ទៅ​ប្រាប់​គេ ឬ​ប្រាម‌ប្រាប់​មនុស្ស​អាក្រក់​នោះ ឲ្យ​លះ‌បង់​ផ្លូវ​អាក្រក់​របស់​ខ្លួន ដើម្បី​ឲ្យ​បាន​រួច​ជីវិត យ៉ាង​នោះ​មនុស្ស​អាក្រក់​នឹង​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន​មែន តែ​អញ​នឹង​ទារ​ឈាម​របស់​គេ​ពី​ដៃ​ឯង​វិញ

19. ប៉ុន្តែ បើ​ឯង​ប្រាម‌ប្រាប់​ដល់​មនុស្ស​អាក្រក់​នោះ​វិញ តែ​គេ​មិន​ព្រម​បែរ​ចេញ​ពី​អំពើ​អាក្រក់ ឬ​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន​ទេ នោះ​គេ​នឹង​ត្រូវ​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន​ជា​ពិត តែ​ឯង​នឹង​បាន​ដោះ​ព្រលឹង​ខ្លួន​ឲ្យ​រួច​វិញ

20. មួយ​ទៀត កាល​ណា​មនុស្ស​សុចរិត​បាន​លះ​ចោល​អំពើ​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​វិញ ហើយ​អញ​ដាក់​ហេតុ ឲ្យ​ចំពប់​នៅ​មុខ​គេ នោះ​គេ​នឹង​ត្រូវ​ស្លាប់ ហើយ​ដោយ​ព្រោះ​ឯង​មិន​បាន​ប្រាម‌ប្រាប់​គេ នោះ​គេ​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន​គេ ហើយ​នឹង​លែង​មាន​សេចក្ដី​នឹក​ចាំ​ពី​អំពើ​សុចរិត​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ប្រព្រឹត្ត​នោះ​ដែរ តែ​អញ​នឹង​ទារ​ឈាម​គេ​ពី​ដៃ​ឯង​វិញ

សូមអានជំពូកពេញលេញ អេសេគាល 3