គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 29:8-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​នាំ​ដាវ​មក​លើ​ឯង ហើយ​នឹង​កាត់​ទាំង​មនុស្ស និង​សត្វ​ចេញ​ពី​ឯង

9. នោះ​ស្រុក​អេស៊ីព្ទ​នឹង​ទៅ​ជា​ទី​ចោល​ស្ងាត់ ហើយ​ខូច​បង់ ដូច្នេះ គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ហើយ​ដោយ​ព្រោះ​វា​បាន​ពោល​ថា ទន្លេ​នេះ​ជា​របស់​ផង​អញ គឺ​អញ​បាន​បង្កើត​ឡើង

10. ដូច្នេះ​មើល អញ​ទាស់​នឹង​ឯង ហើយ​នឹង​ទន្លេ​ទាំង​ប៉ុន្មាន​របស់​ឯង​ផង អញ​នឹង​ធ្វើ​ឲ្យ​ស្រុក​អេស៊ីព្ទ ទៅ​ជា​ទី​ខូច​បង់​អស់​រលីង ហើយ​ចោល​ស្ងាត់​នៅ ចាប់​តាំង​ពី​ប៉ម​ស៊ីយេន​រហូត​ដល់​ព្រំ​ស្រុក​អេធីយ៉ូពី

11. នៅ​រវាង​៤០​ឆ្នាំ នឹង​គ្មាន​ជើង​មនុស្ស​ណា ឬ​ជើង​សត្វ​ណា​ដើរ​កាត់​ស្រុក​នោះ​ឡើយ ក៏​នឹង​គ្មាន​អ្នក​ណា​អាស្រ័យ​នៅ​ផង

12. អញ​នឹង​ធ្វើ​ឲ្យ​ស្រុក​អេស៊ីព្ទ​ទៅ​ជា​ទី​ស្ងាត់‌ច្រៀប នៅ​កណ្តាល​អស់​ទាំង​ស្រុក​ស្ងាត់‌ជ្រងំ ហើយ​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក និង​នៅ​ស្ងាត់‌ច្រៀប​អស់​៤០​ឆ្នាំ នៅ​កណ្តាល​អស់​ទាំង​ទី​ក្រុង​ដែល​ខូច​បង់​នោះ អញ​នឹង​កំចាត់‌កំចាយ​ពួក​សាសន៍​អេស៊ីព្ទ​ឲ្យ​ទៅ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​បែង​ចែក​គេ​ទៅ​ក្នុង​គ្រប់​ទាំង​ស្រុក។

13. ប៉ុន្តែ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា លុះ​ផុត​ពី​៤០​ឆ្នាំ​ទៅ អញ​នឹង​ប្រមូល​ពួក​សាសន៍​អេស៊ីព្ទ​ពី​គ្រប់​ទាំង​សាសន៍​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​នោះ

14. ក៏​នឹង​នាំ​ពួក​អេស៊ីព្ទ​ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​មក​វិញ ហើយ​ឲ្យ​គេ​ត្រឡប់​ទៅ​នៅ​ឯ​ស្រុក​ប៉ាត្រូស ជា​ស្រុក​កំណើត​របស់​ផង​ខ្លួន គេ​នឹង​បាន​ជា​នគរ​យ៉ាង​ទាប​ថោក​នៅ​ទី​នោះ

15. នគរ​នោះ​នឹង​បាន​ទាប​ថោក​ជាង​អស់​ទាំង​នគរ ឥត​ដែល​លើក​ខ្លួន​ឡើង​ខ្ពស់​ជាង​នគរ​ផ្សេងៗ​ឡើយ អញ​នឹង​ធ្វើ​ឲ្យ​គេ​ថយ​តិច​ទៅ ដើម្បី​មិន​ឲ្យ​គេ​គ្រប់‌គ្រង​លើ​សាសន៍​ដទៃ​ទៀត

16. នោះ​ពួក​វង្ស​អ៊ីស្រា‌អែល នឹង​លែង​ទុក​ចិត្ត​នឹង​គេ​ត​ទៅ ជា​ការ​ដែល​រំឭក​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន គ្រប់​វេលា​ណា​ដែល​ងាក​បែរ​មើល​ទៅ​ឯ​គេ ដូច្នេះ គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ពិត។

17. លុះ​ដល់​ថ្ងៃ​១ ខែ​ចេត្រ ឆ្នាំ​ទី​២៧ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ថា

18. កូន​មនុស្ស​អើយ​នេប៊ូ‌ក្នេសា ស្តេច​បាប៊ីឡូន​បាន​ឲ្យ​កង‌ទ័ព​របស់​ខ្លួន​ធ្វើ​ការ‌ងារ​បំរើ​យ៉ាង​ធំ ទាស់​នឹង​ក្រុង​ទីរ៉ុស គ្រប់​ទាំង​ក្បាល​ត្រូវ​ទំពែក ហើយ​គ្រប់​ទាំង​ស្មា​ត្រូវ​របក ប៉ុន្តែ​ស្តេច ព្រម​ទាំង​ពួក​ពល‌ទ័ព​ឥត​មាន​កំរៃ​អ្វី​ពី​ក្រុង​ទីរ៉ុស ដោយ​ការ​ដែល​ខ្លួន​បាន​បំរើ​ទាស់​នឹង​វា​នោះ​ឡើយ

19. ហេតុ​នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ឲ្យ​ស្រុក​អេស៊ីព្ទ​ដល់​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ស្តេច​នោះ​នឹង​ដឹក‌នាំ​ពួក​ជន​ទាំង‌ឡាយ​របស់​ស្រុក​នោះ ទៅ​ជា​ឈ្លើយ ហើយ​យក​របឹប និង​រំពា​ផង នោះ​នឹង​បាន​ជា​បំណាច់​ដល់​ពួក​កង‌ទ័ព​របស់​ខ្លួន

20. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ឲ្យ​ស្រុក​អេស៊ីព្ទ​ដល់​គេ ទុក​ជា​បំណាច់​នៃ​ការ​ដែល​គេ​បាន​បំរើ​នោះ ពី​ព្រោះ​គេ​បាន​ធ្វើ​ការ​នោះ​បំរើ​ដល់​អញ។

21. នៅ​ថ្ងៃ​នោះ អញ​នឹង​ឲ្យ​ស្នែង​១​ប៉ិច​ឡើង ដល់​ពួក​វង្ស​អ៊ីស្រា‌អែល ហើយ​អញ​នឹង​បើក​មាត់​ឯង នៅ​កណ្តាល​ពួក​គេ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

សូមអានជំពូកពេញលេញ អេសេគាល 29