គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 26:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. លុះ​ដល់​ថ្ងៃ​ដើម​ខែ​នោះ ក្នុង​ឆ្នាំ​ទី​១១ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា

2. កូន​មនុស្ស​អើយ ដោយ​ព្រោះ​ក្រុង​ទីរ៉ុស​បាន​ពោល​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម​ថា ហាស់ហា ទី​ក្រុង​ដែល​ជា​ទ្វារ​នៃ​អស់​ទាំង​សាសន៍​ត្រូវ​បាក់​បែក វា​បាន​វិល​មក​ឯ​អញ​ហើយ ឥឡូវ​នេះ​អញ​នឹង​បាន​ពោរ‌ពេញ​ឡើង ដោយ​វា​ខូច​បង់

3. ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ម្នាល​ទីរ៉ុស​អើយ អញ​ទាស់​នឹង​ឯង អញ​នឹង​បណ្តាល​ឲ្យ​សាសន៍​ជា​ច្រើន​ឡើង​មក​ទាស់​នឹង​ឯង ដូច​ជា​សមុទ្រ​កំរើក​រលក​ឡើង​ដែរ

4. គេ​នឹង​បំផ្លាញ​កំផែង​នៃ​ក្រុង​ទីរ៉ុស ហើយ​នឹង​រំលំ​ប៉ម​ទាំង​ប៉ុន្មាន​ផង អញ​នឹង​គាស់​យក​ទាំង​ធូលី​ដី​ចេញ​ទៅ ឲ្យ​ទី​ក្រុង​នោះ​នៅ​ជា​ថ្មដា​រលីង

5. នោះ​នឹង​បាន​ជា​កន្លែង​សំរាប់​ហាល​អួន​នៅ​កណ្តាល​សមុទ្រ ដ្បិត​អញ​បាន​ចេញ​វាចា​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា ដូច្នេះ ទី​ក្រុង​នោះ​នឹង​ត្រឡប់​ជា​របឹប​ដល់​អស់​ទាំង​សាសន៍

6. ឯ​កូន​ស្រី​ទាំង​ប៉ុន្មាន​របស់​វា​ដែល​នៅ​ឯ​ចំការ​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

7. ដ្បិត ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​នាំ​នេប៊ូ‌ក្នេសា ស្តេច​ស្រុក​បាប៊ីឡូន ជា​ស្តេច​លើ​អស់​ទាំង​ស្តេច មក​ពី​ទិស​ខាង​ជើង មាន​ទាំង​សេះ រទេះ​ចំបាំង ពល​សេះ កង‌ទ័ព និង​មនុស្ស​សន្ធឹក​ផង ឲ្យ​ទាស់​នឹង​ក្រុង​ទីរ៉ុស

8. វា​នឹង​សំឡាប់​កូន​ស្រី​ឯង​ទាំង​ប៉ុន្មាន ដោយ​ដាវ​នៅ​ឯ​ចំការ វា​នឹង​ធ្វើ​បន្ទាយ ហើយ​ជីក​ស្នាម​ភ្លោះ ព្រម​ទាំង​លើក​ខែល​ទាស់​នឹង​ឯង

9. វា​នឹង​តាំង​គ្រឿង​បុក​ទំលាយ​កំផែង ហើយ​នឹង​រំលំ​ប៉ម​របស់​ឯង ដោយ​ប្រដាប់​របស់​វា

សូមអានជំពូកពេញលេញ អេសេគាល 26