គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 23:39-49 ព្រះគម្ពីរបរិសុទ្ធ (KHOV)

39. ដ្បិត​កាល​នាង​បាន​សំឡាប់​កូន​របស់​ខ្លួន ថ្វាយ​ដល់​រូប​ព្រះ​ទាំង​នោះ​ហើយ នៅ​ថ្ងៃ​នោះ​ឯង នាង​ក៏​ចូល​ក្នុង​ទី​បរិសុទ្ធ​របស់​អញ ដើម្បី​នឹង​បង្អាប់​ទី​នោះ​ទៀត មើល នាង​បាន​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ នៅ​កណ្តាល​វិហារ​របស់​អញ

40. មួយ​ទៀត នាង​បាន​ចាត់​ឲ្យ​ទៅ​រក​មនុស្ស​មក​ពី​ទី​ឆ្ងាយ ជា​ពួក​អ្នក​ដែល​បាន​ចាត់​ទូត​ទៅ​ហៅ ហើយ​មើល ពួក​នោះ​ក៏​មក នាង​បាន​ងូត​ទឹក ផាត់​រង្វង់​ភ្នែក ហើយ​តែង​ខ្លួន​ដោយ​គ្រឿង​លំអ​សំរាប់​ទទួល​គេ

41. ហើយ​បាន​អង្គុយ​លើ​គ្រែ​ដ៏​រុងរឿង មាន​តុ​រៀប​ជា​ស្រេច​នៅ​ពី​មុខ ឯង​ក៏​ដាក់​កំញាន និង​ប្រេង​របស់​អញ​លើ​តុ​នោះ​ផង

42. នោះ​មាន​ឮ​សូរ​សំឡេង​របស់​មនុស្ស​យ៉ាង​សន្ធឹក ដែល​នៅ​ដោយ​ឥត​កង្វល់​ជា​មួយ​នឹង​នាង ក៏​មាន​គេ​នាំ​ពួក​សេបា ពី​ទី​រហោ‌ស្ថាន​មក ជា​មួយ​នឹង​មនុស្ស​កក‌កុញ​នោះ ពួក​ទាំង​នោះ​បាន​បំពាក់​កង​នៅ​ដៃ​នាង ហើយ​ក្បាំង​យ៉ាង​ល្អ​នៅ​លើ​ក្បាល។

43. នោះ​ខ្ញុំ​បាន​នឹក​ពី​នាង ដែល​ធ្លាប់​ប្រព្រឹត្ត​សេចក្ដី​កំផិត​ជា​យូរ​មក​ហើយ​ថា ឥឡូវ​នេះ មុខ​ជា​គេ​នឹង​សហាយ​គ្នា​នឹង​គ្នា​ហើយ

44. គេ​ក៏​ចូល​ទៅ​ឯ​នាង ដូច​ជា​ចូល​ទៅ​ឯ​ស្រី​សំផឹង គឺ​យ៉ាង​នោះ​ដែល​គេ​បាន​ចូល​ទៅ​ឯ​អូហូ‌ឡា និង​អូហូ‌លីបា ជា​ស្រី​ឥត​ខ្មាស​នោះ

45. ប៉ុន្តែ​នឹង​មាន​មនុស្ស​សុចរិត​ជំនុំ‌ជំរះ​នាង​ទាំង​២ តាម​មាត្រា​ច្បាប់​ដែល​ត្រូវ​ខាង​ស្រី​កំផិត ហើយ​តាម​មាត្រា​ច្បាប់​ត្រូវ​ខាង​ស្រី​ដែល​កំចាយ​ឈាម ពី​ព្រោះ​នាង​ទាំង​២​ជា​ស្រី​កំផិត ហើយ​ដៃ​គេ​ក៏​ប្រឡាក់​ដោយ​ឈាម​ផង

46. ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​នឹង​នាំ​មនុស្ស​១​ពួក​ឡើង​មក​ទាស់​នឹង​នាង ហើយ​នឹង​ប្រគល់​នាង​ទៅ​គេ ឲ្យ​ត្រូវ​បៀត‌បៀន​ហើយ​រឹប‌ជាន់

47. ពួក​មនុស្ស​ទាំង​នោះ​នឹង​ចោល​នាង​នឹង​ថ្ម ហើយ​ផ្តិល​នាង​ដោយ​ដាវ គេ​នឹង​សំឡាប់​កូន​ប្រុស​កូន​ស្រី​របស់​នាង ហើយ​ដុត​ផ្ទះ​នាង​ចោល

48. គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​បំបាត់​ការ​អាស្រូវ​បារាយណ៍ ពី​ស្រុក​ចេញ ដើម្បី​នឹង​បង្រៀន​ពួក​ស្រីៗ​ទាំង​អស់ មិន​ឲ្យ​ប្រព្រឹត្ត​តាម​ការ​អាស្រូវ​បារាយណ៍​នាង​ត​ទៅ

49. គេ​នឹង​សង​ការ​អាស្រូវ​បារាយណ៍​របស់​នាង​ទៅ​លើ​នាង​វិញ ហើយ​នាង​នឹង​ត្រូវ​រង​ទ្រាំ​ទោស​នៃ​ការ​គោរព​ដល់​រូប​ព្រះ​របស់​នាង​ដែរ នោះ​នាង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ពិត។

សូមអានជំពូកពេញលេញ អេសេគាល 23