គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 23:27-41 ព្រះគម្ពីរបរិសុទ្ធ (KHOV)

27. គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​បំបាត់​អំពើ​អាស្រូវ​បារាយណ៍​ពី​ឯង​ចេញ ព្រម​ទាំង​ការ​សំផឹង​របស់​ឯង ដែល​ជាប់​មក​ពី​ស្រុក​អេស៊ីព្ទ​ផង ឯង​នឹង​មិន​សំលៀង​ភ្នែក​មើល​ទៅ​គេ​ទៀត​ឡើយ ក៏​មិន​រឭក​ដល់​ស្រុក​អេស៊ីព្ទ​ទៀត​ដែរ

28. ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ប្រគល់​ឯង​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ឯង​ស្អប់ គឺ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ចិត្ត​ឯង​បាន ណាយ​ចេញ​ពី​គេ​នោះ

29. គេ​នឹង​ប្រព្រឹត្ត​នឹង​ឯង​ដោយ​ចិត្ត​ស្អប់ គេ​នឹង​ដក​យក​អស់​ទាំង​ផល​នៃ​ការ​ឯង​ទៅ ទុក​ឲ្យ​ឯង​នៅ​ជា​អាក្រាត ហើយ​ខ្លួន​ទទេ នោះ​សេចក្ដី​អាម៉ាស់​ខ្មាស​នៃ​ការ​កំផិត​របស់​ឯង​នឹង​បាន​បើក​នៅ​ចំហ ព្រម​ទាំង​ការ​អាស្រូវ​បារាយណ៍ និង​ការ​សំផឹង​របស់​ឯង​ផង។

30. ការ​ទាំង​នេះ​នឹង​ត្រូវ​ធ្វើ​ដល់​ឯង ដោយ​ព្រោះ​ឯង​បាន​ផិត​តាម​អស់​ទាំង​សាសន៍​ដទៃ ហើយ​បាន​ធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ដោយ​រូប​ព្រះ​របស់​គេ

31. ឯង​បាន​ប្រព្រឹត្ត​តាម​កិរិយា​របស់​បង​ស្រី​ឯង ហេតុ​នោះ​អញ​នឹង​ឲ្យ​ពែងរបស់​បង​ឯង​ទៅ​ក្នុង​ដៃ​ឯង​ដែរ

32. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឯង​នឹង​ត្រូវ​ផឹក​ពី​ពែង​របស់​បង​ស្រី​ឯង ជា​ពែង​យ៉ាង​ជ្រៅ ហើយ​ធំ ឯង​នឹង​ត្រូវ​គេ​សើច​ឡក‌ឡឺយ ហើយ​ទុក​ជា​ទី​មើល‌ងាយ អើ ពែង​នោះ​ចំណុះ​ជា​ច្រើន

33. ឯង​នឹង​បាន​ពេញ​ដោយ​ស្រវឹង ហើយ​ទុក្ខ​ព្រួយ គឺ​ជា​ពែង​នៃ​សេចក្ដី​ស្រឡាំង‌កាំង និង​សេចក្ដី​ស្ងាត់‌ជ្រងំ ជា​ពែង​របស់​សាម៉ារី​បង​ស្រី​ឯង

34. ឯង​នឹង​ត្រូវ​ផឹក​ពី​ពែង​នោះ ព្រម​ទាំង​សំរេង​ផង រួច​នឹង​កកេរ​បំណែក ហើយ​នឹង​ហែក​ដោះ​ឯង​ទៅ ដ្បិត​អញ​នេះ​បាន​ចេញ​វាចា​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

35. ហេតុ​នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​បាន​ភ្លេច​អញ ព្រម​ទាំង​បោះ‌បង់​អញ​ចោល​ទៅ​ក្រោយ​ខ្នង​ឯង​ដូច្នេះ នោះ​ត្រូវ​ឲ្យ​ឯង​រង​ទ្រាំ​នឹង​អំពើ​អាស្រូវ​បារាយណ៍ និង​ការ​កំផិត​របស់​ឯង​ចុះ។

36. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ខ្ញុំ​ទៀត​ថា កូន​មនុស្ស​អើយ តើ​ឯង​ចង់​ជំនុំ‌ជំរះ​អូហូ‌ឡា និង​អូហូ‌លីបា​ឬ​អី បើ​ដូច្នេះ ចូរ​រំឭក​ឲ្យ​នាង​ដឹង​ពី​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​នាង​ចុះ

37. ដ្បិត​នាង​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​ហើយ ក៏​មាន​ឈាម​ប្រឡាក់​នៅ​ដៃ​នាង​ដែរ នាង​បាន​ផិត​ទៅ​តាម​រូប​ព្រះ​របស់​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​កូន ដែល​នាង​បង្កើត​ដល់​អញ ឆ្លង​កាត់​ភ្លើង ថ្វាយ​ដល់​រូប​ព្រះ​ទាំង​នោះ ឲ្យ​វា​ត្រូវ​ឆេះ​ទៅ

38. មួយ​ទៀត នាង​បាន​ធ្វើ​ការ​យ៉ាង​នេះ​ដល់​អញ គឺ​បាន​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​អញ​ស្មោក‌គ្រោក​ទៅ​នៅ​ថ្ងៃ​១​នោះ​ឯង ព្រម​ទាំង​បង្អាប់​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ផង

39. ដ្បិត​កាល​នាង​បាន​សំឡាប់​កូន​របស់​ខ្លួន ថ្វាយ​ដល់​រូប​ព្រះ​ទាំង​នោះ​ហើយ នៅ​ថ្ងៃ​នោះ​ឯង នាង​ក៏​ចូល​ក្នុង​ទី​បរិសុទ្ធ​របស់​អញ ដើម្បី​នឹង​បង្អាប់​ទី​នោះ​ទៀត មើល នាង​បាន​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ នៅ​កណ្តាល​វិហារ​របស់​អញ

40. មួយ​ទៀត នាង​បាន​ចាត់​ឲ្យ​ទៅ​រក​មនុស្ស​មក​ពី​ទី​ឆ្ងាយ ជា​ពួក​អ្នក​ដែល​បាន​ចាត់​ទូត​ទៅ​ហៅ ហើយ​មើល ពួក​នោះ​ក៏​មក នាង​បាន​ងូត​ទឹក ផាត់​រង្វង់​ភ្នែក ហើយ​តែង​ខ្លួន​ដោយ​គ្រឿង​លំអ​សំរាប់​ទទួល​គេ

41. ហើយ​បាន​អង្គុយ​លើ​គ្រែ​ដ៏​រុងរឿង មាន​តុ​រៀប​ជា​ស្រេច​នៅ​ពី​មុខ ឯង​ក៏​ដាក់​កំញាន និង​ប្រេង​របស់​អញ​លើ​តុ​នោះ​ផង

សូមអានជំពូកពេញលេញ អេសេគាល 23