គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 23:14-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. តែ​ប្អូន​បាន​ចំរើន​ការ​សំផឹង​របស់​ខ្លួន​ជា​ច្រើន​ឡើង ដ្បិត​វា​បាន​ឃើញ​រូប​មនុស្ស​ដែល​បាន​គូរ​នៅ​ជញ្ជាំង គឺ​ជា​រូប​ពួក​សាសន៍​ខាល់ដេ ដែល​គូរ​ដោយ​ពណ៌​ក្រហម

15. មាន​ទាំង​ខ្សែ​ក្រវាត់​នៅ​ចង្កេះ ហើយ​ក្បាល​ជួត​ដោយ​ឈ្នួល​មាន​រំភាយ​សំយុង​ចុះ គ្រប់​គ្នា​មាន​ភាព​មើល​ទៅ​ដូច​ជា​កូន​ស្តេច តាម​បែប​ពួក​ក្រុង​បាប៊ីឡូន ក្នុង​ស្រុក​ខាល់ដេ ជា​ស្រុក​កំណើត​របស់​គេ

16. កាល​វា​បាន​ឃើញ​គេ នោះ​ក៏​ជាប់​ចិត្ត​ស្រឡាញ់​ភ្លាម ហើយ​បាន​ចាត់​ទូត​ទៅ​ឯ​គេ ក្នុង​ស្រុក​ខាល់ដេ

17. នោះ​ពួក​ក្រុង​បាប៊ីឡូន​ក៏​មក​ឯ​វា រួម​ដំណេក​ដោយ​ស្រឡាញ់ គេ​ក៏​ធ្វើ​ឲ្យ​វា​ស្មោក‌គ្រោក​ដោយ​ការ​កំផិត​របស់​គេ វា​បាន​សៅ‌ហ្មង​ដោយ‌សារ​គេ រួច​ចិត្ត​វា​ក៏​ណាយ​ចេញ​ពី​គេ​វិញ

18. គឺ​យ៉ាង​នោះ​ដែល​វា​បាន​បើក​អំពើ​កំផិត​របស់​វា ហើយ​បើក​កេរ‌ខ្មាស​ឲ្យ​ឃើញ​ផង ដូច្នេះ ចិត្ត​អញ​ក៏​ជិន‌ណាយ​ពី​វា ដូច​ជា​បាន​ជិន‌ណាយ​ពី​បង​វា​ដែរ

19. ប៉ុន្តែ​វា​ចេះ​តែ​ចំរើន​ការ​សំផឹង​របស់​វា​ឡើង​ទៀត ដោយ​រឭក​ពី​កាល​នៅ​ក្មេង​នៅ​ឡើយ ជា​គ្រា​ដែល​បាន​ធ្វើ​សំផឹង​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នោះ

20. វា​ជាប់​ចិត្ត​ស្រឡាញ់​សហាយ​វា ដែល​មាន​សាច់​ដូច​ជា​សាច់​នៃ​សត្វ​លា ហើយ​ទឹក​កាម​ក៏​ដូច​ជា​ទឹក​កាម​របស់​សេះ

21. គឺ​យ៉ាង​នោះ ដែល​ឯង​នឹក​ចាំ ពី​អំពើ​អាស្រូវ​បារាយណ៍ ដែល​ប្រព្រឹត្ត​ពី​កាល​នៅ​ក្មេង ដោយ​ពួក​សាសន៍​អេស៊ីព្ទ​បាន​ចាប់​ដោះ​ឯង ដែល​ដោះ​ឯង​នៅ​ជា​ក្រមុំ​ផង។

22. ហេតុ​នោះ ឱ​អូហូ‌លីបា​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ដាស់​ពួក​សហាយ​ឯង ដែល​ឯង​បាន​ណាយ​ចិត្ត​ពី​គេ​នោះ ឲ្យ​មក​ទាស់​នឹង​ឯង អញ​នឹង​នាំ​គេ​មក​ទាស់​នឹង​ឯង​នៅ​គ្រប់​ទិស

23. គឺ​ជា​ពួក​ក្រុង​បាប៊ីឡូន ពួក​ខាល់ដេ​ទាំង​ប៉ុន្មាន ពួក​ពេកូឌ ពួក​សូអា និង​ពួក​កូអា ព្រម​ទាំង​ពួក​អាស‌ស៊ើរ​ជា​មួយ​នឹង​គេ​ដែរ ជា​ពួក​កំឡោះ​គួរ​ចាប់​ចិត្ត ជា​ពួក​ចៅ‌ហ្វាយ ជា​ពួក​អ្នក​គ្រប់‌គ្រង​ទាំង​អស់​គ្នា ព្រម​ទាំង​ពួក​កូន​ស្តេច និង​មនុស្ស​មាន​ឈ្មោះ ដែល​សុទ្ធ​តែ​ជិះ​សេះ​គ្រប់​គ្នា​ផង

24. គេ​នឹង​លើក​គ្នា​មក​ទាស់​នឹង​ឯង ទាំង​មាន​គ្រឿង​សស្ត្រា‌វុធ រទេះ និង​យន្ត​ចំបាំង ព្រម​ទាំង​នាំ​កង‌ទ័ព​មក​ជា​ច្រើន ពួក​ទាំង​នោះ​នឹង​ដំរៀប​គ្នា​នៅ​ជុំវិញ​ឯង ទាំង​កាន់​ខែល​ធំ​ខែល​តូច និង​ពាក់​មួក​សឹក​ផង រួច​អញ​នឹង​ប្រគល់​ការ​ជំនុំ‌ជំរះ​ដល់​គេ នោះ​គេ​នឹង​ជំនុំ‌ជំរះ​ឯង​តាម​ច្បាប់​របស់​គេ

25. អញ​នឹង​តាំង​សេចក្ដី​ប្រចណ្ឌ​របស់​អញ​ទាស់​នឹង​ឯង ហើយ​គេ​នឹង​ប្រព្រឹត្ត​នឹង​ឯង ដោយ​សេចក្ដី​ឃោរ‌ឃៅ គេ​នឹង​កាត់​ច្រមុះ កាត់​ត្រចៀក​ឯង​ចេញ ហើយ​សំណល់​របស់​ឯង​នឹង​ដួល​ដោយ​ដាវ គេ​នឹង​ចាប់​យក​កូន​ប្រុស​កូន​ស្រី​របស់​ឯង​ទៅ​ពួក​ឯង ដែល​នៅ​សល់ នោះ​នឹង​ត្រូវ​ភ្លើង​ស៊ី​បំផ្លាញ​បង់

26. គេ​នឹង​បក​យក​សំលៀក‌បំពាក់​ឯង​ចេញ ហើយ​យក​គ្រឿង​លំអ​របស់​ឯង​ទៅ​ដែរ

27. គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​បំបាត់​អំពើ​អាស្រូវ​បារាយណ៍​ពី​ឯង​ចេញ ព្រម​ទាំង​ការ​សំផឹង​របស់​ឯង ដែល​ជាប់​មក​ពី​ស្រុក​អេស៊ីព្ទ​ផង ឯង​នឹង​មិន​សំលៀង​ភ្នែក​មើល​ទៅ​គេ​ទៀត​ឡើយ ក៏​មិន​រឭក​ដល់​ស្រុក​អេស៊ីព្ទ​ទៀត​ដែរ

28. ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ប្រគល់​ឯង​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ឯង​ស្អប់ គឺ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ចិត្ត​ឯង​បាន ណាយ​ចេញ​ពី​គេ​នោះ

29. គេ​នឹង​ប្រព្រឹត្ត​នឹង​ឯង​ដោយ​ចិត្ត​ស្អប់ គេ​នឹង​ដក​យក​អស់​ទាំង​ផល​នៃ​ការ​ឯង​ទៅ ទុក​ឲ្យ​ឯង​នៅ​ជា​អាក្រាត ហើយ​ខ្លួន​ទទេ នោះ​សេចក្ដី​អាម៉ាស់​ខ្មាស​នៃ​ការ​កំផិត​របស់​ឯង​នឹង​បាន​បើក​នៅ​ចំហ ព្រម​ទាំង​ការ​អាស្រូវ​បារាយណ៍ និង​ការ​សំផឹង​របស់​ឯង​ផង។

30. ការ​ទាំង​នេះ​នឹង​ត្រូវ​ធ្វើ​ដល់​ឯង ដោយ​ព្រោះ​ឯង​បាន​ផិត​តាម​អស់​ទាំង​សាសន៍​ដទៃ ហើយ​បាន​ធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ដោយ​រូប​ព្រះ​របស់​គេ

សូមអានជំពូកពេញលេញ អេសេគាល 23