គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 23:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា

2. កូន​មនុស្ស​អើយ ពី​ដើម​មាន​ស្រី​២​នាក់​ពោះ​១​នឹង​គ្នា

3. ហើយ​គេ​បាន​ធ្វើ​សំផឹង នៅ​ស្រុក​អេស៊ីព្ទ អើ គេ​បាន​ធ្វើ​សំផឹង​ពី​កាល​នៅ​ក្មេង នៅ​ស្រុក​នោះ មនុស្ស​បាន​ចាប់​ដោះ​គេ នៅ​ទី​នោះ​បាន​អង្អែល​ដោះ​នៃ​វ័យ​ក្រមុំ​របស់​គេ

4. ឯ​នាង​ទាំង​២​នោះ បង​ឈ្មោះ​ថា អូហូ‌ឡា ហើយ​ប្អូន​ឈ្មោះ​អូហូ‌លីបា គេ​ក៏​ត្រឡប់​ជា​របស់​ផង​អញ ហើយ​បង្កើត​បាន​កូន​ប្រុស និង​កូន​ស្រី ចំណែក​ឈ្មោះ​គេ នោះ​អូហូ‌ឡា គឺ​ជា​ក្រុង​សាម៉ារី ហើយ​អូហូ‌លីបា គឺ​ជា​ក្រុង​យេរូ‌សាឡិម។

5. ឯ​អូហូ‌ឡា នាង​ក៏​ធ្វើ​ជា​សំផឹង ក្នុង​កាល​ដែល​ធ្វើ​ជា​ប្រពន្ធ​របស់​អញ វា​ជាប់​ចិត្ត​នឹង​សហាយ​វា គឺ​នឹង​សាសន៍​អាស‌ស៊ើរ ជា​អ្នក​ជិត​ខាង​វា

6. ជា​ពួក​អ្នក​ដែល​ស្លៀក‌ពាក់​ដោយ​សំពត់​ពណ៌​ខៀវ សុទ្ធ​តែ​ជា​ចៅ‌ហ្វាយ ហើយ​ជា​អ្នក​គ្រប់‌គ្រង ជា​ពួក​កំឡោះ​ដែល​ចាប់​ចិត្ត ហើយ​ក៏​ជិះ​សេះ​គ្រប់​គ្នា

7. វា​ធ្វើ​សំផឹង​នឹង​គេ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ជ្រើស‌រើស​ក្នុង​សាសន៍​អាស‌ស៊ើរ ហើយ​វា​ក៏​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​ស្មោក‌គ្រោក ដោយ​រូប​ព្រះ​របស់​អស់​អ្នក​ដែល​វា​ជាប់​ចិត្ត​ស្រឡាញ់​នោះ

8. វា​មិន​លះ‌លែង​ការ​កំផិត ដែល​វា​បាន​ធ្វើ​តាំង​ពី​នៅ​ស្រុក​អេស៊ីព្ទ​មក​នោះ​ទេ ដ្បិត​កាល​វា​នៅ​ក្មេង​នៅ​ឡើយ នោះ​គេ​បាន​រួម​ដំណេក​នឹង​វា ហើយ​បាន​អង្អែល​ដោះ​នៃ​វ័យ​ក្រមុំ​របស់​វា ព្រម​ទាំង​ចាក់​ការ​កំផិត​របស់​គេ​ទៅ​លើ​វា

9. ហេតុ​នោះ អញ​បាន​ប្រគល់​វា​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​សហាយ​វា គឺ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អាស‌ស៊ើរ ដែល​វា​បាន​ជាប់​ចិត្ត​ស្រឡាញ់​នោះ

10. គេ​បាន​បើក​កេរខ្មាស​របស់​វា ហើយ​ចាប់​យក​កូន​ប្រុស​កូន​ស្រី​របស់​វា ព្រម​ទាំង​សំឡាប់​ខ្លួន​វា​ដោយ​ដាវ​ផង រួច​វា​មាន​ល្បី​ឈ្មោះ​នៅ​ក្នុង​ពួក​ស្រីៗ ដ្បិត​គេ​បាន​សំរេច​ទោស​ដល់​វា។

11. ឯ​អូហូ‌លីបា ជា​ប្អូន ក៏​ឃើញ​ដូច្នោះ​ដែរ ប៉ុន្តែ​បាន​ប្រព្រឹត្ត​ខូច​អាក្រក់​ជាង​ទៅ​ទៀត ដោយ​ជាប់​ចិត្ត​ស្រឡាញ់​គេ ហើយ​ដោយ​ការ​សំផឹង​របស់​វា ដែល​លើស​ជាង​ការ​សំផឹង​របស់​បង​ខ្លួន

12. វា​ជាប់​ចិត្ត​ស្រឡាញ់​ពួក​សាសន៍​អាស‌ស៊ើរ ជា​ពួក​ចៅ‌ហ្វាយ គឺ​ជា​ពួក​អ្នក​គ្រប់‌គ្រង​ដែល​នៅ​ជិត​ខាង​វា ជា​ពួក​អ្នក​ដែល​ស្លៀក‌ពាក់​ដោយ​រុងរឿង ហើយ​ជិះ​សេះ សុទ្ធ​តែ​ជា​ពួក​កំឡោះ​យ៉ាង​ចាប់​ចិត្ត

13. អញ​ក៏​បាន​ឃើញ​ថា វា​ត្រូវ​ស្មោក‌គ្រោក​ហើយ​ដែរ បង​ប្អូន​២​នាក់​បាន​ដើរ​តាម​ផ្លូវ​តែ​១

14. តែ​ប្អូន​បាន​ចំរើន​ការ​សំផឹង​របស់​ខ្លួន​ជា​ច្រើន​ឡើង ដ្បិត​វា​បាន​ឃើញ​រូប​មនុស្ស​ដែល​បាន​គូរ​នៅ​ជញ្ជាំង គឺ​ជា​រូប​ពួក​សាសន៍​ខាល់ដេ ដែល​គូរ​ដោយ​ពណ៌​ក្រហម

15. មាន​ទាំង​ខ្សែ​ក្រវាត់​នៅ​ចង្កេះ ហើយ​ក្បាល​ជួត​ដោយ​ឈ្នួល​មាន​រំភាយ​សំយុង​ចុះ គ្រប់​គ្នា​មាន​ភាព​មើល​ទៅ​ដូច​ជា​កូន​ស្តេច តាម​បែប​ពួក​ក្រុង​បាប៊ីឡូន ក្នុង​ស្រុក​ខាល់ដេ ជា​ស្រុក​កំណើត​របស់​គេ

សូមអានជំពូកពេញលេញ អេសេគាល 23