គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 21:3-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ហើយ​ប្រាប់​ដល់​ស្រុក​អ៊ីស្រា‌អែល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល​អញ​ទាស់​ទទឹង​នឹង​ឯង អញ​នឹង​ហូត​ដាវ​របស់​អញ​ចេញ​ពី​ស្រោម ហើយ​នឹង​កាត់​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ចេញ​ពី​ឯង​ផង

4. ដូច្នេះ ដោយ​ព្រោះ​អញ​នឹង​កាត់​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ចេញ​ពី​ឯង នោះ​ដាវ​របស់​អញ​នឹង​ចេញ​ពី​ស្រោម ទៅ​ទាស់​នឹង​គ្រប់​ទាំង​មនុស្ស ចាប់​តាំង​ពី​ខាង​ត្បូង​រហូត​ដល់​ខាង​ជើង

5. នោះ​គ្រប់​ទាំង​មនុស្ស​នឹង​ដឹង​ថា អញ គឺ​ព្រះ‌យេហូវ៉ា បាន​ហូត​ដាវ​របស់​អញ​ពី​ស្រោម​ចេញ​ហើយ ដាវ​នោះ​នឹង​មិន​បាន​ស៊ក​ចូល​ទៅ​វិញ​ទៀត​ឡើយ

6. ដូច្នេះ ឱ​កូន​មនុស្ស​អើយ ចូរ​ដក​ដង្ហើម​ធំ​ចុះ ឯង​នឹង​ត្រូវ​ដក​ដង្ហើម​ធំ​នៅ​ចំពោះ​ភ្នែក​គេ ដោយ​ចុក​សៀត​ចង្កេះ ហើយ​មាន​ចិត្ត​ជូរ​ចត់

7. រួច​កាល​ណា​គេ​សួរ​ឯង​ថា ហេតុ​អ្វី​បាន​ជា​ដង្ហើម​ធំ​ដូច្នេះ នោះ​ត្រូវ​ឲ្យ​ឯង​ប្រាប់​ថា គឺ​ដោយ​ព្រោះ​បាន​ឮ​ដំណឹង ពី​ព្រោះ​ការ​នោះ​កំពុង​តែ​មក ហើយ​ចិត្ត​មនុស្ស​ទាំង​អស់​នឹង​រលាយ​ទៅ ដៃ​ទាំង​អស់​នឹង​អន់​ខ្សោយ វិញ្ញាណ​ទាំង​អស់​នឹង​ស្រយុត​ចុះ ហើយ​ក្បាល​ជង្គង់​ទាំង​ប៉ុន្មាន​នឹង​ទន់​ដូច​ជា​ទឹក មើល ការ​នោះ​កំពុង​តែ​មក​ហើយ ក៏​នឹង​បាន​សំរេច​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

8. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ថា

9. កូន​មនុស្ស​អើយ ចូរ​ទាយ​ប្រាប់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ថា ន៍ មាន​ដាវ​ហើយ ជា​ដាវ​ដែល​បាន​សំលៀង​ជា​ស្រេច ហើយ​ខាត់​ឲ្យ​ភ្លឺ​ផ្លេក​ផង

10. ដាវ​នោះ​បាន​សំលៀង ដើម្បី​នឹង​សំឡេះ​យ៉ាង​សន្ធឹក ក៏​បាន​ខាត់​ឲ្យ​ភ្លឺ ដើម្បី​ឲ្យ​បាន​ដូច​ផ្លេក‌បន្ទោរ ដូច្នេះ តើ​គួរ​ឲ្យ​យើង​លេង​សប្បាយ​ឬ​អី ដំបង​ដែល​វាយ​កូន​អញ នោះ​មើល‌ងាយ​គ្រប់​ទាំង​ឈើ​ផង

11. ដាវ​នោះ​បាន​ប្រគល់​ដល់​គេ​ឲ្យ​ខាត់​ឲ្យ​ភ្លឺ ដើម្បី​នឹង​ដាក់​នៅ​ដៃ​នៃ​អ្នក​ដែល​កាប់​សំឡាប់ ដាវ​នោះ​បាន​សំលៀង​ហើយ អើ ក៏​ខាត់​ឲ្យ​ភ្លឺ​ផង ដើម្បី​នឹង​ដាក់​នៅ​ដៃ​នៃ​គេ

12. កូន​មនុស្ស​អើយ ចូរ​ស្រែក ហើយ​ទ្រហោ‌យំ​ចុះ ពី​ព្រោះ​ដាវ​នោះ​បាន​មក​លើ​រាស្ត្រ​របស់​អញ ក៏​មក​លើ​ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន នៃ​សាសន៍​អ៊ីស្រា‌អែល​ដែរ គេ​ត្រូវ​ប្រគល់​ដល់​ដាវ​ជា​មួយ​នឹង​រាស្ត្រ​អញ ដូច្នេះ​ចូរ​ទះ​ភ្លៅ​ឯង​ចុះ

13. ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មាន​ការ​ល្បង‌ល​ហើយ ដូច្នេះ បើ​ទាំង​ដំបង​ដែល​មើល‌ងាយ​មិន​នៅ​ទៀត នោះ​ធ្វើ​ដូច​ម្តេច​ទៅ

14. ហេតុ​នោះ​កូន​មនុស្ស​អើយ ចូរ​ឯង​ទាយ​ចុះ ហើយ​ទះ​ដៃ​ផង នោះ​ត្រូវ​ឲ្យ​ដាវ​បាន​កាប់​ដល់​២​ដង ហើយ​៣​ដង​ទៅ គឺ​ដាវ​នោះ​ដែល​កាប់​សំឡាប់ ជា​ដាវ​ដែល​ធ្វើ​ឲ្យ​ទាំង​ពួក​អ្នក​ធំ​ត្រូវ​របួស ហើយ​ក៏​ចាក់​ចូល​ទៅ​ក្នុង​បន្ទប់​ដេក​របស់​គេ​ផង

សូមអានជំពូកពេញលេញ អេសេគាល 21