គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 21:16-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ចូរ​មូល​គ្នា ចូរ​ទៅ​ខាង​ស្តាំ ចូរ​ដំរៀប​គ្នា ចូរ​ទៅ​ខាង​ឆ្វេង ខាង​ណា​ក៏​ដោយ​ដែល​ឯង​ដំរង់​មុខ​ទៅ

17. អញ​ក៏​នឹង​ទះ​ដៃ​អញ​ដែរ រួច​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ក្រោធ​របស់​អញ​សំរាក​ទៅ​វិញ គឺ​អញ ជា​ព្រះ‌យេហូវ៉ា​នេះ អញ​បាន​ចេញ​វាចា​ហើយ។

18. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា

19. កូន​មនុស្ស​អើយ ចូរ​ឲ្យ​ឯង​ដំរូវ​ឲ្យ​មាន​ផ្លូវ​២ ដែល​ដាវ​របស់​ស្តេច​បាប៊ីឡូន​នឹង​មក​បាន ផ្លូវ​ទាំង​២​នោះ​ត្រូវ​ចេញ​ពី​ស្រុក​តែ​១ ត្រូវ​ឲ្យ​ធ្វើ​ជា​ដៃ​ចង្អុល​ដាក់​នៅ​ត្រង់​ដើម​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​ក្រុង

20. ចូរ​ឯង​ដំរូវ​ឲ្យ​មាន​ផ្លូវ​១ សំរាប់​ឲ្យ​ដាវ​បាន​ទៅ​ដល់​ក្រុង​រ៉ាបាត នៃ​ពួក​កូន​ចៅ​អាំម៉ូន និង​១​ទៀត​ចូល​ទៅ​ក្រុង​ស្រុក​យូដា ដល់​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​មាំ‌មួន

21. ដ្បិត​ស្តេច​បាប៊ីឡូន​បាន​ឈរ​ត្រង់​ផ្លូវ​បែក គឺ​នៅ​ត្រង់​ដើម​ផ្លូវ​ទាំង​២​នោះ ដើម្បី​នឹង​ប្រើ​របៀន ក៏​អង្រួន​ព្រួញ សួរ​ដល់​រូប​ព្រះ ហើយ​មើល​ទំនាយ​ក្នុង​ថ្លើម

22. ឯ​ឆ្នោត​ដែល​កាន់​នៅ​ដៃ​ស្តាំ បាន​សំដៅ​ទៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​រៀប​គ្រឿង​បុក​ទំលាយ​កំផែង ឲ្យ​បាន​ចន្លោះ​ចំហ​ចូល​ទៅ​ដល់​ការ​កាប់​សំឡាប់ និង​បន្លឺ​សំឡេង​ហ៊ោ ហើយ​តាំង​គ្រឿង​សំរាប់​ទំលាយ​ទ្វារ​កំផែង ព្រម​ទាំង​ការ​ជីក​ស្នាម​ភ្លោះ ហើយ​សង់​បន្ទាយ

23. តែ​សាសន៍​ឯង​នឹង​មើល សេចក្ដី​ទំនាយ​នោះ ទុក​ជា​ភូត‌ភរ​ទេ ដ្បិត​គេ​បាន​តាំង​សម្បថ​នឹង​អ្នក​ដទៃ​ហើយ តែ​ស្តេច​នោះ​នឹង​រំឭក​ពី​អំពើ​ទុច្ចរិត​វិញ ដើម្បី​នឹង​ចាប់​យក​គេ​បាន។

24. ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​រឭក​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន ដោយ​បើក​អំពើ​រំលង​របស់​ខ្លួន​ឲ្យ​ឃើញ ហើយ​អំពើ​បាប​របស់​ខ្លួន​ក៏​បាន​ឃើញ​ច្បាស់ ក្នុង​គ្រប់​ការ​ដែល​ឯង​ធ្វើ​បាន​ជា​ឯង​នឹង​ត្រូវ​ដៃ​គេ​ចាប់​បាន

25. ឯ​ឯង ឱ​ចៅ‌ហ្វាយ​ដ៏​សៅ‌ហ្មង ហើយ​កំណាច របស់​អ៊ីស្រា‌អែល ដែល​ថ្ងៃ​ឯង​បាន​មក​ដល់ ក្នុង​គ្រា​នៃ​អំពើ​ទុច្ចរិត​នៅ​ចុង​បំផុត​អើយ

26. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ដោះ​ក្បាំង ដោះ​មកុដ​ចេញ នេះ​មិន​ដូច​ធម្មតា​ទេ ចូរ​លើក​អ្វី​ដែល​ទាប​ថោក ហើយ​បន្ទាប​អ្វី​ដែល​ខ្ពង់‌ខ្ពស់​ចុះ

27. អញ​នឹង​ធ្វើ​ឲ្យ​ត្រឡប់‌ត្រឡិន ត្រឡប់‌ត្រឡិន​ទៅ នេះ​ក៏​មិន​នៅ​ទៀត​ដែរ ដរាប​ដល់​អ្នក​នោះ​កើត​ឡើង ដែល​មាន​ច្បាប់​ទទួល រួច​អញ​នឹង​ប្រគល់​ដល់​អ្នក​នោះ។

28. ឯ​ឯង កូន​មនុស្ស​អើយ ចូរ​ទាយ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ពី​ដំណើរ​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ពី​ពាក្យ​ត្មះ‌តិះដៀល​របស់​គេ ចូរ​ប្រាប់​ថា ន៏ មាន​ដាវ មាន​ដាវ​រហូត​ជា​ស្រេច ដាវ​នោះ​បាន​ខាត់​ឲ្យ​ភ្លឺ​សំរាប់​ការ​សំឡេះ​យ៉ាង​សន្ធឹក ដើម្បី​ឲ្យ​បាន​ស៊ី​បំផ្លាញ ហើយ​ឲ្យ​បាន​ដូច​ជា​ផ្លេក‌បន្ទោរ

29. ក្នុង​ពេល​ដែល​គេ​កំពុង​តែ​ឃើញ​ការ​ជាក់‌ស្តែង​កំភូត​សំរាប់​ឯង ហើយ​កំពុង​ដែល​គេ​ទាយ​សេចក្ដី​កុហក​ដល់​ឯង​នោះ ដើម្បី​ឲ្យ​ឯង​បាន​ដួល​ទៅ​លើ​ក​នៃ​ពួក​មនុស្ស​អាក្រក់ ដែល​ត្រូវ​របួស​ដល់​ស្លាប់ ជា​ពួក​អ្នក​ដែល​ថ្ងៃ​គេ​បាន​មក​ដល់ ក្នុង​គ្រា​នៃ​អំពើ​ទុច្ចរិត​នៅ​ចុង​បំផុត

30. ចូរ​ឲ្យ​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ អញ​នឹង​វិនិច្ឆ័យ​ឯង នៅ​ត្រង់​កន្លែង​ដែល​បាន​បង្កើត​ឯង​មក គឺ​នៅ​ក្នុង​ស្រុក​កំណើត​របស់​ឯង

31. អញ​នឹង​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​អញ​ទៅ​លើ​ឯង ហើយ​នឹង​ផ្លុំ​លើ​ឯង​ដោយ​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​អញ ក៏​នឹង​ប្រគល់​ឯង​ទៅ​ក្នុង​កណ្តាប់​ដៃ​មនុស្ស​កំរោល ដែល​ប្រសប់​បំផ្លាញ

សូមអានជំពូកពេញលេញ អេសេគាល 21